(+855) 11 909 020 / 69 909 011

យល់ដឹងពីការថែទាំសុខភាពខ្លួនពីជំងឺគ្រុនឈាមក្នុងរដូវភ្លៀង 

ជំងឺគ្រុនឈាម គឺជាជំងឺមួយប្រភេទដែលបង្កឡើងដោយមុសខ្លាខាំ ហើយជំងឺនេះច្រើនកើតឡើងក្នុងរដូវភ្លៀង។ 

ភាគច្រើននៃអ្នកជំងឺគ្រុនឈាមធ្ងន់ធ្ងរ គឺជាអ្នកជំងឺដែលធ្លាប់កើតជំងឺគ្រុនឈាមពីមុនមក បូករួមទាំងប្រព័ន្ធភាពស៊ាំ (ប្រព័ន្ធការពាររាងកាយពីជំងឺ) របស់អ្នកជំងឺចុះខ្សោយស្រាប់ផងដែរ។

ជំងឺគ្រុនឈាមមានរោគសញ្ញាដូចជា៖ 
-​ ទ្បើ​ង​កម្តៅ​ខ្លាំង​ភ្លាម​ៗ និង​មានអាការ​​ញាក់។  
-​ ឈឺចាប់​ពេញ​ខ្លួនប្រាណ មាន​អារម្មណ៍​ពិបាក​ទ្រាំ និងអស់កម្លាំង។ 
- ឈឺក្បាល និង​ឈឺបំពង់ក។
-​ ប៉ុន្មានថ្ងៃក្រោយមក ឬជិតមួយសប្ដាហ៍ ​មាន​ចេញ​កន្ទួល​ក្រហម​ដូច​ជា​ស្នាម​មូស​ខាំ នៅត្រង់​ប្រអប់ដៃ និង​ប្រអប់ជើង រួចរាលដាលដល់ពេញ​រាង​កាយ​ទាំងមូល តែជាទូទៅកន្ទួលក្រហមនេះមិនកើតនៅ​លើ​ផ្ទៃមុខ​ឡើយ។
-​ ចំពោះ​កុមារវិញ អាចមានរោគសញ្ញា​ក្អូ​ត​ចង្អោរ ឬ​មាន​ច្រាល​ឈាម​ជាដើម ។
-​ រោគសញ្ញាធ្ងន់ធ្ងរ​នៃ​ជំងឺគ្រុនឈាម គឺអាចបណ្តាល​ឱ្យមានការ​ហូរ​ឈាម​តាម​ស្បែក មាន​ចំនុច​ខ្មៅ​ជាំ​តូច​ៗ ឬ​ឃើញ​មាន​សញ្ញា​ហូរ​ឈាម​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុង​រាង​កាយ ។

មូលហេតុចម្បងដែលបង្កឱ្យកើតជំងឺគ្រុនឈាម គឺមូសខ្លាខាំ។

វិធីបង្ការល្អបំផុតពីជំងឺគ្រុនឈាមគឺ ដុតបំផ្លាញ និងបំបាត់ជំរកមូសខ្លា និងគេងក្នុងមុងឱ្យបានត្រឹមត្រូវ។  

ចំណាំ៖ មាតាបិតា និងអាណាព្យាបាលទាំងអស់ បើសង្កេតឃើញកូនៗមានរោគសញ្ញាក្ដៅខ្លួនខ្លាំង សូមប្រើថ្នាំបញ្ចុះកំដៅប៉ា​រ៉ា​សេ​តា​ម៉​ល​ឱ្យត្រឹមត្រូវ ដោយត្រូវលេប​ចន្លោះ​ពេល​ពី​ ៦​ ទៅ​ ៨ ​ម៉ោង​ម្តង និងយកកន្សែងត្រជាក់ជូនខ្លួន និងគ្របដណ្ដប់លើខ្លួនរបស់ពួកគេ។ បើសិនកំដៅក្នុងខ្លួនមិនអន់ថយ និងសង្កេតឃើញអាការកូនៗកាន់តែយ៉ាប់ឡើងៗ និងមានរោគសញ្ញាមួយចំនួនដូចបានជម្រាបជូនខាងលើ  សូមប្រញ៉ាប់រុះរាន់នាំកូនៗមកកាន់មន្ទីពេទ្យដែលជិតបំផុត ដោយមិនត្រូវទុកអ្នកជំងឺលើសពី ២ ថ្ងៃឡើយ។   

បញ្ជាក់បន្ថែមពីលើនេះដែរ បើសង្ស័យនរណាម្នាក់កើតជំងឺគ្រុនឈាម សូមកុំកោសខ្យល់គេឱ្យសោះ ព្រោះវាធ្វើឱ្យគ្រូពេទ្យ​ពិបាក​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ៕

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)