(+855) 11 909 020 / 69 909 011

វិធី៧យ៉ាងជួយការពារ និងព្យាបាលបញ្ហាបបូរស្ងួត និងប្រេះក្នុងរដូវរងារ 

ការផ្លាស់ប្ដូរអាកាសធាតុ មិនត្រឹមតែជាបម្រែបម្រួលធម្មជាតិនោះទេ តែវាថែមទាំងជាប់ទាក់ទងនឹងបញ្ហាសុខភាពរបស់មនុស្សគ្រប់រូបផងដែរ។ ជាក់ស្ដែង នៅរដូវរងារ មនុស្សភាគច្រើនតែជួបប្រទះបញ្ហាបបូរមាត់ស្ងួត និងប្រេះ ហើយជួនកាលប្រេះខ្លាំងរហូតចេញថែមទៀតផង។ 

ថ្វីត្បិតតែបញ្ហានេះពុំបានផ្ដល់គ្រោះថ្នាក់ខ្លាំង តែវាពិតជាធ្វើឱ្យយើងឈឺចាប់នៅពេលដែលព្យាយាមបើកមាត់ បរិភោគអាហារ និងបាត់បង់សម្រស់ផងដែរ។ ហេតុនេះហើយ ទើបយើងគួរតែយល់ដឹងពីមូលហេតុបង្កឱ្យបបូរមាត់ស្ងួត និងប្រេះ និងវិធីបង្ការពីបញ្ហានេះ។  

ក. មូលហេតុធ្វើឱ្យបបូរមាត់ស្ងួត និងប្រេះចេញឈាម
ជាការពិតណាស់ ក្រៅពីអាកាសធាតុដ៏ត្រជាក់ក្នុងខែរងារដែលជាដើមហេតុធ្វើឱ្យបបូរមាត់ស្ងួត និងប្រេះ គឺនៅមានមូលហេតុជាច្រើនទៀតដូចជា៖ 
១- កង្វះជាតិទឹកក្នុងរាងកាយ  ឬផឹកទឹកតិចតួចក្នុងមួយថ្ងៃ
២- លិឍបបូរមាត់ច្រើនដងពេក 
៣- គេងចំហរមាត់ 
៤- ដកដង្ហើមតាមមាត់ញឹកញាប់ពេក 
៥- ប្រើក្រែមលាបលើបបូរមាត់គ្មានគុណភាព និងមិនត្រូវជាមួយស្បែកបបូរមាត់របស់ខ្លួន។

ខ. ការព្យាបាល និងការការពារ
ប្រសិនបើអ្នកមិនចង់ឱ្យបបូរមាត់ស្ងួត និងប្រេះ ឬកំពុងតែកើតបញ្ហានេះតែម្ដង សូមអនុវត្តតាមការណែនាំខាងក្រោម៖ 
១- ផឹកទឹកឱ្យបានគ្រប់គ្រាន់ ២ លីត្រក្នុងមួយថ្ងៃ 
២- បរិភោគផ្លែឈើសម្បូរវីតាមីន នោះបបូរមាត់របស់អ្នកក៏ស្អាត និងជួយទប់ទល់បញ្ហាបបូរមាត់ស្ងួត និងប្រេះផងដែរ
៣- ប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ក្រេមលាបលើបបូរមាត់ 
៤- លាបក្រមួន ឬក្រែមថែរក្សាបបូរមាត់ជារៀងរាល់យប់មុនពេលចូលគេង 
៥- រាល់ពេលដុះធ្មេញអាចយកអេប៉ុង ឬច្រាសស្អាតមកដុសលើបបូរមាត់ ដើម្បីជំរុះកោសិកាស្បែកចាស់ៗចោល
៦- បើអ្នកប្រេះបបូរមាត់ សូមយកប្រេងដូងលាបព្រោះវាជួយព្យាបាលបានយ៉ាងមានប្រសិទ្ធភាព 
៧- បញ្ឈប់សកម្មភាពដែលជាមូលហេតុបង្កឱ្យបបូរមាត់ស្ងួត និងប្រេះ ដូចបានរៀបរាប់ខាងលើ។ 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)