ជាធម្មតាក្នុងម៉ោងការងារ បញ្ហាស្មុគស្មាញ ឬស្រ្តេស តែងកើតមានជានិច្ច។ ទោះបីជា ស្រ្តេស តិច ឬច្រើនក្ដី វាសុទ្ធតែប៉ះពាល់ដល់ការផ្ដោតអារម្មណ៍ និងការគិត ការសម្រេចចិត្តរបស់យើងក្នុងម៉ោងធ្វើការ ដែលជាហេតុធ្វើឱ្យលទ្ធផលការងារមិនបានល្អដូចការរំពឹងទុក។
ដូច្នេះ ប្រសិនបើលោកអ្នកចង់បំបាត់ ឬបន្ថយភាពស្មុគស្មាញ ឬស្រ្តេសក្នុងម៉ោងការងារ សូមអនុវត្តតាមវិធីខាងក្រោមនេះ។
ចាប់ផ្ដើមធ្វើការងារណា ដែលមិនសូវស្មុគស្មាញ និងងាយស្រួលសម្រេច។ ការជ្រើសរើសយកការងារងាយៗមកធ្វើ គឺធ្វើឱ្យយើងមានអារម្មណ៍ល្អជាមួយនឹងការងារតាំងពីដំបូង រួចសឹមយកការងារលំបាកៗមកធ្វើជាក្រោយ។
បើលោកអ្នកមានអារម្មណ៍ថា ភាពស្មុគស្មាញ ឬភាពតានតឹង (ស្រ្តេស) កើតចេញពីមជ្ឈដ្ឋានខាងក្រៅ មិនមែនមកពីការងារ សូមរៀបចំទុកដាក់សម្ភារៈ និងឧបករណ៍ធ្វើការនៅលើតុឱ្យមានរបៀបរយ ឬអាចផ្លាស់ប្ដូរទីតាំងអង្គុយជាដើម។
បើការងារដែលលោកអ្នកកំពុងតែធ្វើមានភាពស្មុគស្មាញ ព្យាយាមគិតហើយ នៅតែគិតមិនចេញ ហើយវាធ្វើឱ្យអារម្មណ៍កាន់តែស្មុគស្មាញ សូមយកការងារនោះទៅប្រឹក្សា ឬពិភាក្សាជាមួយមិត្តរួមការងារ ឬថ្នាក់លើដែលមានបទពិសោធន៍លើការងារនោះដើម្បីរកដំណោះស្រាយភ្លាមៗ។
ក្នុងករណីខ្លះ បើការងាររបស់លោកអ្នកមានច្រើន ហើយការងារណាមួយបានធ្វើឱ្យលោកអ្នកមានអារម្មណ៍ថា ស្មុគស្មាញខ្លាំង និងមិនអាចរកដំណោះស្រាយឃើញក្នុងពេលនេះ សូមផ្អាកធ្វើការងារនោះសិន ហើយអាចជ្រើសរើសយកការងារផ្សេងមកធ្វើជំនួសក្នុងពេលនោះ។
បង្កើតឱកាសដល់ខួរក្បាលបានសម្រាក និងលំហែកាយ ដោយលោកអ្នកអាចចំណាយពេលវេលាផ្ទាល់ខ្លួនលំហែកាយដើម្បីបន្ធូរអារម្មណ៍ បន្ទាប់ពីចប់ម៉ោងការងារជារៀងរាល់ថ្ងៃ។ មួយវិញទៀត ក្នុងមួយសប្ដាហ៍ លោកអ្នកអាចធ្វើដំណើរកំសាន្តជិតៗ ឬក៏ធ្វើរឿងសប្បាយៗទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន វានឹងជួយកាត់បន្ថយភាពស្មុគស្មាញ ឬស្រ្តេសដែលលោកអ្នកបានជួបប្រទះក្នុងអំឡុងពេលមួយសប្ដាហ៍នេះ ហើយវាក៏បានជួយធ្វើឱ្យអារម្មណ៍ស្រស់ស្រាយឡើងវិញ ដើម្បីត្រៀមខ្លួនចូលធ្វើការនៅដើមសប្ដាហ៍ផងដែរ។
រក្សាសិទ្ធដោយ៖ សុខក្រម (Sokhakrom)