(+855) 11 909 020 / 69 909 011

បើអ្នកញ៉ាំគ្រាប់ឪឡឹក អ្នកនឹងទទួលបានអត្ថប្រយោជន៍ទាំងនេះ 

ឪឡឹក ជាផ្លែឈើមួយប្រភេទសម្បូរជាតិទឹក វីតាមីន និងសារធាតុចិញ្ចឹមជាច្រើនដែលផ្ដល់អត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព។ 

មនុស្សជាច្រើនចូលចិត្តញ៉ាំផ្លែឪឡឹក ដោយជ្រើសរើសយកតែសាច់ផ្លែមកញ៉ាំតែប៉ុណ្ណោះ ដោយខ្ជាក់គ្រាប់របស់វាចោល។ 

ថ្វីត្បិតតែ ការញ៉ាំផ្លែឪឡឹក ដោយខ្ជាប់គ្រាប់ចោល មិនបានផ្ដល់ផលប៉ះពាល់ដល់សុខភាព តែវាពិតជាគួរឱ្យស្ដាយណាស់ ព្រោះថា គ្រាប់ឪឡឹក ផ្ទុកជាតិវីតាមីន និងសារធាតុរ៉ែចិញ្ចឹមជាច្រើន មិនចាញ់សាច់ផ្លែឪឡឹកឡើយ។ 

ការទទួលទានគ្រាប់ឪឡឹក ពិតជាពិបាកលេបណាស់ ប្រសិនបើអ្នកទំពារគ្រាប់ឪឡឹកស្រស់ទាំងសំបកគ្រាប់របស់វា ដូច្នេះ អ្នកអាចខាំបំបែកជាមុន មុននឹងលេបគ្រាប់ឪឡឹក។ វិធីមួយទៀត អ្នកអាចយកគ្រាប់ឪឡឹកទៅលីងសិន មុននឹងញ៉ាំក៏បានដែរ។ តែយ៉ាងណាមិញ ការណែនាំឱ្យញ៉ាំគ្រាប់ឪឡឹកស្រស់ គឺទំនងជាមានប្រសិទ្ធភាពខ្ពស់ និងជាក់លាក់ជាង៕  

ខាងក្រោមនេះជាអត្ថប្រយោជន៍នៃគ្រាប់ឪឡឹក៖

១. ជំនួយដល់សុខភាពរបស់សក់
- គ្រាប់ឪឡឹក ផ្ទុកជាតិដែក, ទង់ដែង ,ម៉ាញ៉េស្យូម និងប្រូតេអ៊ីនក្នុងកម្រិតខ្ពស់ ដែលផ្ដល់អត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាពរបស់សក់។ ជាក់ស្ដែង ការទទួលទានគ្រាប់ឪឡឹក គឺជួយជម្រុញឱ្យសក់លូតលាស់បានល្អ ហើយសរសៃសក់ដែលដុះមកមានលក្ខណៈរឹងមាំ មិនងាយជ្រុះ, ជួយបន្ថែមពណ៌សក់ពីធម្មជាតិឱ្យមានសភាពភ្លឺរលោង (បើសក់ដុះមកមានពណ៌ខ្មៅពីធម្មជាតិ គឺសក់នឹងមានពណ៌ខ្មៅភ្លឺរលោង, បើសក់ដុះមកពណ៌ទងដែងពីធម្មជាតិ គឺសក់នឹងមានពណ៌ទងដែងភ្លឺរលោង), ព្រមទាំងជួយដោះស្រាយបញ្ហាសក់បែកចុង សក់ជ្រុះផងដែរ។ 

២. បង្កើនសមត្ថភាពផ្លូវភេទបុរសក្នុងការយកកូន
- គ្រាប់ឪឡឹក ផ្ទុកជាតិស័ង្កសី និងសារធាតុ Lysine  ដែលជំនួយដល់សុខភាពផ្លូវភេទបុរស ដូចជា ជួយបន្ថយបញ្ហាប្រឈមអត់កូន និងបង្កើនសមត្ថភាពផ្លូវភេទបុរសក្នុងការយកកូន។ 

៣. កាត់បន្ថយកម្រិតសម្ពាធឈាម
- គ្រាប់ឪឡឹក ផ្ទុកសារធាតុចិញ្ចឹមដូចជា ប៉ូតាស្យូម, ម៉ាញ៉េស្យូម និងសារជាតិអាមីណូអាស៊ីត  Arginine ដែលផ្ដល់ផលល្អចំពោះសុខភាពបេះដូង។ ជាក់ស្ដែង ជាតិម៉ាញ៉េស្យូម ជួយការពារប្រព័ន្ធសរសៃឈាមបេះដូង និងអាចរក្សាស្ថេរភាព សម្ពាធឈាមបានល្អ និងជួយទប់ស្កាត់ជំងឺពាក់ព័ន្ធនឹងបេះដូង និងជំងឺលើសឈាម។ ចំណែកឯ ជាតិអាមីណូអាស៊ីត Arginine និង អាស៊ីតខ្លាញ់អូមេហ្គា ៦ ជួយបន្ថយសម្ពាធឈាម និងបង្ការបញ្ហាស្ទះសរសៃឈាម។ រីឯ ជាតិប៉ូតាស្យូម វិញ គឺជួយបន្ថយសម្ពាធលើប្រព័ន្ធសរសៃឈាមបេះដូង និងជួយគ្រប់គ្រងសម្ពាធឈាមផងដែរ។

៤. ផ្ទុកជាតិខ្លាញ់ល្អចំពោះរាងកាយ
- គ្រាប់ឪឡឹក ផ្ទុកជាតិខ្លាញ់ទាប មិនធ្វើឱ្យលើសជាតិខ្លាញ់ ឬលើសទម្ងន់(ធាត់) តែជួយសម្រកទម្ងន់ ទៅវិញ។ ជាពិសេសទៅទៀតនោះ ជាតិខ្លាញ់ក្នុងគ្រាប់ឪឡឹក សុទ្ធសឹងជាជាតិខ្លាញ់ល្អ និងជាតិខ្លាញ់ឆ្អែត។ ក្រៅពីជាតិខ្លាញ់ទាំងពីរប្រភេទនេះ គ្រាប់ឪឡឹកក៏ផ្ទុកជាតិខ្លាញ់ប្រភេទ Polyunsaturated, Monounsaturated fats និងអាស៊ីតខ្លាញ់អូមេហ្គា ៦ ដែលជាតិខ្លាញ់ប្រភេទទាំងនេះ មានប្រសិទ្ធភាពក្នុងការចូលរួមចំណែកជួយ បន្ថយជាតិកូឡេស្តេរ៉ូក្នុងឈាម និងជួយបន្ថយសម្ពាធឈាមដែលឡើងខ្ពស់ផងដែរ។ 

៥. សុខភាពស្បែក
- គ្រាប់ឪឡឹក ផ្ទុកសារធាតុ  Citrulline ជួយប្រឆាំងនឹងអុកស៊ីតកម្ម និងផ្ទុកជាតិខ្លាញ់អូមេហ្គា ៣ និងជាតិខ្លាញ់ល្អ (ដូចបានជម្រាបជូនខាងលើ) ដែលផ្ដល់អត្ថប្រយោជន៍ចំពោះស្បែកជាខ្លាំង។ ជាក់ស្ដែង ការទទួលទានគ្រាប់ឪឡឹក គឺជួយធ្វើឲ្យស្បែករក្សាបាននូវជាតិសំណើមទន់រលោង, បន្ថយរូបរាងនៃស្នាមជ្រីវជ្រួញ និងស្នាមខ្សែដែលមានស្រាប់នៅលើស្បែក, និងជំនួយដល់ភាពភ្លឺថ្លារបស់ស្បែក ចៀសផុតពីបញ្ហាស្បែកខ្មៅស្រអាប់។ 

៦. ប្រឆាំងជំងឺមុន 
- អ្នកអាចរកទិញ ប្រេងគ្រាប់ឪឡឹក (អាចរកទិញបាននៅផ្សារទំនើប) យកមកកម្ចាត់កោសិកាចាស់ៗ ភាពកខ្វក់នៅលើផ្ទៃមុខ និងសារធាតុដែលបង្កឱ្យកើតមុន ដោយគ្រាន់តែយកប្រេងគ្រាប់ឪឡឹកចាក់បន្តក់ក្នុងបរិមាណល្មមនៅលើកន្សែង ឬសំឡី រួចយកមកជូតត្រដុសលើផ្ទៃមុខថ្នមៗមួយសន្ទុះតែប៉ុណ្ណោះ៕ 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)