គ្រាប់ឈាមក្រហម ឬ អេម៉ូក្លូប៊ីន គឺមានតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំអុកស៊ីហ្សែនទៅកាន់សរីរាងនានា ដើម្បីរក្សាតុល្យភាពនៃរាងកាយ។ ការបាត់បង់គ្រាប់ឈាមក្រហម និងធ្វើឱ្យកើតបញ្ហាកង្វះឈាមក្រហមក្នុងខ្លួន ដែលបង្កឱ្យយើងកើតជំងឺស្លេកស្លាំង អស់កម្លាំង ឆាប់វិលមុខ ញ័រដើមទ្រូង ដកដង្ហើមដង្ហក់ៗ អត្រាជំងឺផ្លូវចិត្តខ្ពស់ និងប្រឈមបញ្ហាធ្ងន់ធ្ងរជាច្រើនទៀត។ ដូច្នេះ អ្នកមិនគួរបណ្ដោយឱ្យរាងកាយ បាត់បង់ឈាមក្រហមឡើយ។
ខាងក្រោមនេះជាកត្តាទាំង ៧ យ៉ាងជាមូលហេតុធ្វើឱ្យអ្នកបាត់បង់គ្រាប់ឈាមក្រហម៖
១. ទទួលទានអាហារដែលខ្វះសារធាតុជំនួយដល់កោសិកាខួរឆ្អឹង ព្រោះខួរឆ្អឹងដើរតួនាទីក្នុងការផលិតគ្រាប់ឈាមក្រហម។
២. ការបណ្ដោយឱ្យខ្លួនឯងហូរឈាមច្រើនពេកនៅពេលមានរបួស។
៣. កើតជំងឺគ្រាប់ឈាមក្រហម (Hemoglobinopathy) ធ្វើឱ្យគ្រាប់ឈាមក្រហមមិនមានគុណភាព និង ងាយបែកខូច។
៤. ការរលាកផ្សេងៗដោយសារ បាក់តេរី វីរុស ប៉ារ៉ាស៊ីត រឺ ពពួកផ្សឹត។
៥. ចំពោះស្ត្រីអាចបណ្តាលមកពីវិបត្តិអ័រម៉ូន ដែលធ្វើឱ្យមានការធ្លាក់ឈាមរដូវច្រើន និងយូរខុសពីប្រក្រតី។
៦. ស្ត្រីមានគភ៌ តែងប្រឈមនឹងអាការកង្វះគ្រាប់ឈាមក្រហម ដោយប្រការផ្សេងៗទាក់ទងនឹការមានគភ៌។
៧. កើតជំងឺមួយចំនួនដែលរារាំងដល់ការផលិតគ្រាប់ឈាមក្រហម ដូចជាជំងឺខ្សោយតម្រងនោម, ក្រពេញអ័រម៉ូនទីរ៉ូអ៊ីដ, ខ្សោយខួរឆ្អឹង, មហារីកគ្រាប់ឈាម និងជំងឺមហារីកផ្សេងៗទៀត។
សូមបញ្ជាក់ថា ប្រសិនបើអ្នកសង្កេតឃើញថា ខ្លួនឯងកំពុងតែស្ថិតក្នុងស្ថានភាពខាងលើ សូមរុះរាន់រកមធ្យោបាយយ៉ាងណា ដើម្បីបង្កើនគ្រាប់ឈាមក្រហមឡើងវិញ តាមរយៈការទទួលទានអាហារ និងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)