ជំងឺមួយប្រភេទដែលប្រជាជនខ្មែរភាគច្រើននិយមហៅថា ពិស គឺជាជំងឺឆ្លងបង្កឡើងដោយបាក់តេរី Yersinia pestis ដែលច្រើនប្រទះឃើញមានក្នុងថនិកសត្វតូចៗ និងចៃរបស់វា។ វាអាចសម្លាប់អ្នកជំងឺបាន ប្រសិនបើមានការយឺតយ៉ាវក្នុងការព្យាបាលអ្នកជំងឺជាមួយនឹងថ្នាំអង់ទីប៊ីយ៉ូទិក។
១. សញ្ញាបង្ហាញថាអ្នកកើតពិស
អ្នកជំងឺពិសអាចមានរោគសញ្ញាផ្សេងៗ វាអាស្រ័យនឹងប្រភេទនីមួយៗខាងក្រោម៖
• Bubonic៖ ជាពិសទម្រង់ធម្មតាមួយដែលបង្កឡើងដោយសារការខាំនៃចៃដែលមានផ្ទុកមេរោគ basillusY.pestia ចូលតាមកន្លែងខាំ ធ្វើដំណើរតាមប្រព័ន្ធទឹករងៃទៅកាន់កូនកណ្តុរ ដែលនៅជិតបំផុតដែលជាកន្លែងចម្លងខ្លួនវា។ ក្រោយមកកូនកណ្តុរក្លាយជារលាក ហើយឈឺចាប់ ហើម ហៅថា bubo ច្រើនកើតនៅក្រលៀន មានទំហំប៉ុនស៊ុតមាន់ និងក្តៅពេលប៉ះ។ ក្រៅពីសញ្ញាទាំងនេះក៏មានសញ្ញាផ្សេងទៀតដូចជា គ្រុនក្តៅភ្លាមៗ ឈឺក្បាល អស់កម្លាំង និងឈឺសាច់ដុំជាដើម។
• Pneumonic៖ ជាទម្រង់ពិសបង្កនៅសួតដែលមានការរាលត្បាតខ្លាំង ដែលរយៈពេលសម្ងំអាចរហូតដល់ ២៤ ម៉ោង។ អ្នកជំងឺនេះអាចចម្លងនៅកាន់អ្នកផ្សេងទៀត តាមរយៈតំណក់ទឹកតូចៗពេលក្អក។ ក្នុងរយៈពេល ៣ ម៉ោងបន្ទាប់ពីឆ្លងមេរោគ អ្នកជំងឺអាចមានលេចចេញនូវរោគសញ្ញាដូចជា ក្អកមានកំហាកលាយឈាម ពិបាកដកដង្ហើម ចង្អោរ ក្អួត គ្រុនក្តៅខ្លាំង ឈឺក្បាល និងរាងកាយខ្សោយ។ ទម្រង់នេះ បង្កឡើងលឿនអាចឲ្យអ្នកជំងឺខ្សោយផ្លូវដង្ហើម និងអាចប៉ះពាល់ដល់អាយុជីវិតបើមិនទទួលបានការព្យាបាលលឿនក្នុងរយៈពេល២៤ម៉ោងទេនោះ។
២. ការចម្លង
បាក់តេរីននេះអាចចម្លងមកមនុស្សតាមរយៈការខាំរបស់ចៃនៃពពួកសត្វកណ្តុរ កំប្រុក ទន្សាយ និងឆ្កែព្រៃជាដើម។ បាក់តេរីក៏អាចចូលក្នុងខ្លួនរបស់អ្នកបានប្រសិនស្បែករបស់អ្នកមានរបួសប៉ះជាមួយឈាមសត្វដែលផ្ទុកមេរោគ។ សត្វឆ្កែ និងសត្វឆ្មារក្នុងផ្ទះក៏អាឆ្លងមេរោគនេះតាមចៃ។ សម្រាប់ទម្រង់ Pneumonic អាចចម្លងតាមរយៈតំណក់ទឹកពេលក្អកនៅក្នុងបរិយាកាសដោយសារសត្វ ឬមនុស្សមានជំងឺ។
ហានិភ័យនៃជំងឺពិសអាចប្រែប្រួលតាមទីកន្លែងដែលអ្នករស់នៅនិងធ្វើដំណើរ មុខរបររបស់អ្នក និងសូម្បីតែចំណង់ចំណូលចិត្តមួយចំនួនរបស់អ្នកផងដែរ៖
• ទីកន្លែង៖ ភាគច្រើននៅតំបន់ជនបទ តំបន់ដែលមានមនុស្សច្រើនកុះករពេក កង្វះអនាម័យ និងសម្បូរដោយពពួកសត្វកកេរ។
• មុខរបរ៖ ក្រុមគ្រូពេទ្យសត្វ និងជំនួយការ មានហានិភ័យខ្ពស់ក្នុងការប៉ះផ្ទាល់ជាមួយនឹងសត្វស្រុកដូចជាឆ្កែ ឆ្មារដែលអាចប្រហែលមានឆ្លងមេរោគនេះ។
• ចំណង់ចំណូលចិត្ត៖ ការប្រមាញ់សត្វស្លាប ឬការឡើងភ្នំនៅកន្លែងដែលសត្វមានរោគរាតត្បាតអាចបង្កើនហានិភ័យនៃការខាំដោយសត្វចៃ។
៣. ផលវិបាក
• អត្រានៃការស្លាប់មានខ្ពស់ ប្រសិនអ្នកជំងឺមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលា។
• កំណកឈាមក្នុងសរសៃឈាមតូចៗនៃម្រាមដៃ និងម្រាមជើងរបស់អ្នកអាចរំខានដល់លំហូរឈាមធ្វើឲ្យកោសិកាស្លាប់ ចុងក្រោយនឹងតម្រូវឲ្យកាត់ចេញ។
• ក្នុងករណីកម្រ រោគពិសអាចបង្កឲ្យរលាកភ្នាសជុំវិញខួរក្បាល (រលាកស្រោមខួរ ឬMeningitis)។
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)