១. និយមន័យ
ជំងឺគ្រុនឈាម គឺជាជំងឺមួយប្រភេទបង្កឡើងដោយវីរុសគ្រុនឈាម ដែលចម្លងតាមរយៈការខាំរបស់មូសខ្លា ។ ជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសក្មេងអាយុតិចជាង ១០ ឆ្នាំ ។
វីរុសនៃជំងឺគ្រុនឈាមមាន ៤ ប្រភេទ។ អ្នកកើតជំងឺគ្រុនឈាមលើកដំបូងគឺឆ្លងវីរុសគ្រុនឈាមប្រភេទទី ១ នៅសល់វីរុស ៣ ប្រភេទទៀតដែលគេពុំទាន់ឆ្លង (វីរុសប្រភេទី ២, ៣ និង ៤)។ ហេតុនេះ បើទោះបីជាអ្នកជំងឺបានជាសះស្បើយពីជំងឺគ្រុនឈាមលើកដំបូងក៏ដោយ ក៏អ្នកជំងឺអាចកើតជំងឺគ្រុនឈាម ៣ លើកទៀត ប្រសិនពុំយកចិត្តទុកដាក់ថែទាំខ្លួនពីការខាំរបស់មូសខ្លា។ ដូច្នេះ មនុស្សយើងគ្រប់គ្នាអាចកើតជំងឺគ្រុនឈាមចំនួន ៤ ដង ក្នុងមួយជីវិត។
ភាគច្រើននៃអ្នកជំងឺគ្រុនឈាមដែលធ្លាប់កើតជំងឺគ្រុនឈាមពីមុនមក សុទ្ធតែជាអ្នកជំងឺគ្រុនឈាមធ្ងន់ធ្ងរ ដោយបូករួមទាំងប្រព័ន្ធភាពស៊ាំ (ប្រព័ន្ធការពាររាងកាយពីជំងឺ) របស់អ្នកជំងឺចុះខ្សោយស្រាប់ផងដែរ។ អ្នកជំងឺគ្រុនឈាមធ្ងន់ធ្ងរ ប្រឈមនឹងការស្លាប់ខ្លាំង។
២. រោគសញ្ញា
- ទ្បើងកម្តៅខ្លួនខ្លាំងភ្លាមៗ និងមានអាការញាក់ៗ។
- ឈឺចាប់ពេញខ្លួនប្រាណ មានអារម្មណ៍ពិបាកទ្រាំ និងអស់កម្លាំង។
- ឈឺក្បាល និងឈឺបំពង់ក។
- ប៉ុន្មានថ្ងៃក្រោយមក ឬជិតមួយសប្ដាហ៍ មានចេញកន្ទួលក្រហមដូចជាស្នាមមូសខាំនៅត្រង់ប្រអប់ដៃ និងប្រអប់ជើង រួចរាលដាលដល់ពេញរាងកាយទាំងមូល តែជាទូទៅកន្ទួលក្រហមនេះមិនកើតនៅលើផ្ទៃមុខឡើយ។
- ចំពោះកុមារវិញ អាចមានរោគសញ្ញាក្អូតចង្អោរ ឬមានច្រាលឈាមជាដើម ។
- រោគសញ្ញាធ្ងន់ធ្ងរនៃជំងឺគ្រុនឈាម គឺអាចបណ្តាលឱ្យមានការហូរឈាមតាមស្បែក មានចំនុចខ្មៅជាំតូចៗ ឬឃើញមានសញ្ញាហូរឈាមយ៉ាងធ្ងន់ធ្ងរនៅក្នុងរាងកាយ ។
៣. មូលហេតុបង្កជំងឺ
មូលហេតុចម្បងដែលបង្កឱ្យកើតជំងឺគ្រុនឈាម គឺមូសខ្លាខាំ។
៤. រោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យពិនិត្យរកមើលជំងឺគ្រុនឈាម គឺធ្វើឡើងបន្ទាប់ពីអ្នកជំងឺចេញរោគសញ្ញា ឬត្រូវបានសង្ស័យថាមានផ្ទុកវីរុសជំងឺគ្រុនឈាម ហើយបន្ទាប់ពីបញ្ជូនជនសង្ស័យមកមន្ទីរពេទ្យ ឬមណ្ឌលសុខភាព គ្រូពេទ្យអាចធ្វើការសាកសួរព័ត៌មានខ្លះៗ ពីប្រវត្តគ្រួសាររបស់អ្នកជំងឺធ្លាប់កើតជំងឺគ្រុនឈាម។
ចំពោះក្មេងវិញ បើសង្កេតឃើញពួកគេក្ដៅខ្លួនខ្លាំងខុសពីធម្មតា សូមប្រើថ្នាំបញ្ចុះកំដៅឱ្យត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងយកកន្សែងត្រជាក់ជូនខ្លួន ហើយគ្របដណ្ដប់លើខ្លួនរបស់ពួកគេ។ ក្នុងករណី កំដៅក្នុងខ្លួនមិនអន់ថយ ហើយអាការរបស់ពួកគេកាន់តែយ៉ាប់ឡើងៗ និងលេចចេញរោគសញ្ញាសង្ស័យជំងឺគ្រុនឈាម សូមមាតាបិតា និងអាណាព្យាបាលទាំងអស់ នាំកូនមកកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដោយមិនត្រូវទុកឱ្យលើសពី ២ ថ្ងៃឡើយ។
សូមបញ្ជាក់ថា បើសង្ស័យថា នរណាម្នាក់កើតជំងឺគ្រុនឈាម សូមកុំកោសខ្យល់គេឱ្យសោះ ព្រោះវាធ្វើឱ្យគ្រូពេទ្យពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ។
៥. ផលវិបាក
ជាទូទៅ អ្នកជំងឺគ្រុនឈាម ទទួលរងផលវិបាកដូចជា ខ្សោយសរីរាង្គ អស់កម្លាំង ក្ដៅខ្លួន ក្អួត ពិបាកទ្រាំក្នុងខ្លួន ឈឺក្បាល ឈឺកជាដើម។
ផលវិបាកធ្ងន់ធ្ងរនៃជំងឺគ្រុនឈាម គឺខូច និងខ្សោយថ្លើម ចេញលឿង និងមានឈាមហូរចេញពីរាងកាយ ហើយឈាមចេះតែបន្តហូររហូតធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះខ្លាំង បណ្ដាលឱ្យសរីរាង្គទាំងអស់ក្នុងរាងកាយអ្នកជំងឺកាន់តែខ្សោយ ទីបំផុតអ្នកជំងឺក៏បាត់បង់ជីវិត។
៦. ការព្យាបាល
ជាទូទៅ ការព្យាបាលជំងឺគ្រុនឈាម ក្រៅពីប្រើប្រាស់វិធីព្យាបាលតាមបែបវេជ្ជសាស្រ្ត គ្រូពេទ្យតែងណែនាំឱ្យអ្នកជំងឺផឹកទឹកឱ្យបានច្រើនជានិច្ច។
ចំពោះការព្យាបាលអ្នកជំងឺគ្រុនឈាមកម្រិតធ្ងន់ គ្រូពេទ្យតម្រូវឱ្យ៖
- អ្នកជំងឺត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ
- បញ្ចូលជាតិទឹកតាមសរសៃ និងជំនួសអេឡិចត្រូលីត្រដែលបាត់បង់
- តាមដានសម្ពាធឈាម
- បញ្ចូលឈាមដើម្បីជំនួសការបាត់បង់ឈាម
៧. ចំណីអាហារ
អ្នកជំងឺគ្រុនឈាម គួរតែផ្អាកបរិភោគប្រភេទអាហាររឹង និងបង្កើនការញ៉ាំទឹកឱ្យបានច្រើន ដើម្បីកុំឱ្យខ្សោះជាតិទឹកក្នុងខ្លួនដោយសារតែការក្អួត និងបង្ការក្ដៅខ្លួនខ្លាំង។ បើអាច សូមផឹកទឹកផ្លែឈើ ជាពិសេសសូមផឹកទឹកក្រូចច្របាច់ ព្រោះក្នុងទឹកក្រូចស្រស់សម្បូរវីតាមីន និងអង់ទីអុកស៊ីដង់ បានចូលរួមចំណែកយ៉ាងខ្លាំងជួយព្យាបាល និងសម្រួលដល់អាការអ្នកជំងឺគ្រុនឈាម។
៨. វិធីបង្ការ
ដោយហេតុថា បច្ចុប្បន្ននេះថ្នាំចាក់វ៉ាក់សាំងការពារជំងឺគ្រុនឈាមពុំទាន់ត្រូវបានអ្នកវេជ្ជសាស្រ្តរកឃើញ ដូច្នេះវិធីល្អបំផុតដើម្បីបង្ការខ្លួនពីជំងឺគ្រុនឈាម គឺការពារខ្លួនកុំឱ្យមូសខ្លាខាំ។
ខាងក្រោមនេះជាដំបូន្មានខ្លះៗដើម្បីបង្ការជំងឺគ្រុនឈាម៖
- ប្រើប្រាស់គ្រប់មធ្យោបាយដើម្បីកម្ចាត់ជម្រកមូស
- គេងក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ ឬគេងក្នុងមុងឱ្យបានត្រឹមត្រូវ
- ចៀសឱ្យបាននៅទីកន្លែងមានមូសខាំ ជាពិសេសរដូវភ្លៀង
- ពាក់ខោអាវវែង
- ប្រើប្រាស់ថ្នាំបណ្ដេញមូសពីក្នុងផ្ទះ និងបន្ទប់គេង៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)