មាត់ស្បូន ឬកស្បូនជាផ្នែកមួយតភ្ជាប់រវាងទ្វារមាសរបស់ស្ត្រីទៅកាន់តួស្បូន ដែលតែងតែទទួលរងផលប៉ះពាល់ និងឆ្លងមេរោគញឹកញាប់បំផុតនៅពេលរួមភេទ។ ជាក់ស្តែង គេសង្កេតឃើញថា មហារីកមាត់ស្បូន ជាផលប៉ះពាល់មួយក្នុងផលប៉ះពាល់ជាច្រើននោះ ដែលសម្លាប់ស្ត្រីច្រើនជាងគេលំដាប់ទី ១ ក្នុងចំណោមមហារីកទាំងអស់។
១. តើអ្វីជាមូលហេតុនៃមហារីកមាត់ស្បូន?
មហារីកមាត់ស្បូនបង្កឡើងដោយសារតែវីរុស HPV (Human Papillomavirus) ឆ្លងចូលតាមរយៈការរួមភេទ។ តាមការស្រាវជ្រាវ HPV មានជាង១៥០ប្រភេទ ត្រូវបានចែកចេញជា២ក្រុម គឺស្លូត និងកាច ដែលប្រភេទស្លូតបង្កឲ្យមានកន្ទួលនៅលើប្រដាប់ភេទ រីឯប្រភេទកាចជាក្រុមវីរុសបង្កឲ្យមានមហារីកនៅមាត់ស្បូនរបស់ស្ត្រី។
២. នរណាខ្លះប្រឈមមុខខ្ពស់បំផុតកើតមហារីកមាត់ស្បូន?
ជាទូទៅ ស្ត្រីដែលស្ថិតក្នុងអត្រាប្រឈមខ្ពស់នៃមហារីកមាត់ស្បូននេះគឺ៖
- ស្ត្រីដែលមានដៃគូរួមភេទច្រើន
- ស្ត្រីមានកូនច្រើន
- ស្ត្រីមានជំងឺកាមរោគ
- ស្ត្រីមានផ្ទៃពោះមុនអាយុ ១៧ ឆ្នាំ
- ស្ត្រីមានប្រព័ន្ធការពាររាង្គកាយចុះខ្សោយ
- ស្ត្រីដែលជក់បារីជាប្រចាំ។
៣. តើរោគសញ្ញានៃមហារីកមាត់ស្បូនមានអ្វីខ្លះ?
នៅដំណាក់កាលដំបូង ឬអំឡុងពេលមានដំបៅត្រៀមក្លាយជាមហារីក ពុំមិនមានលេចចេញនូវសញ្ញាសម្គាល់ណាមួយឲ្យបានដឹងមុនឡើយ រហូតដល់ដំបៅនោះក្លាយជាដំបៅមហារីក ទើបមានលេចចេញនូវអាការដូចជា៖
- ធ្លាក់ឈាមតាមទ្វារមាស អំឡុងពេល និងក្រោយពីរួមភេទ ដែលមិនមែនជាឈាមរដូវ
- ធ្លាក់សច្រើនរួមជាមួយនឹងធុំក្លិន
- ឈឺចាប់អំឡុងពេល និងក្រោយពេលរួមភេទ
- ឈឺខ្នងផ្នែកខាងក្រោម និងត្រគាក។
៤. តើស្រ្តីគ្រប់រូបអាចកាត់បន្ថយហានិភ័យនៃមហារីមាត់ស្បូនដោយរបៀបណាខ្លះ?
ដូចបានបញ្ជាក់រួចមកហើយថា នៅដំណាក់កាលដំបូង រោគសញ្ញានៃមហារីកមាត់ស្បូនពុំបានលេចចេញមកឱ្យយើងដឹងជាមុនឡើយ ដូចនេះ អ្នកត្រូវមានការប្រុងប្រយ័ត្ន តាមដាន និងរក្សាអនាម័យតាមការណែនាំរបស់អ្នកជំនាញសុខាភិបាល ដែលរួមមានដូចជា៖
- ចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស HPV៖ វ៉ាក់សាំងការពារមហារីកមាត់ស្បូនមាន ២ ប្រភេទគឺ Cerverex (ល្អបំផុតសម្រាប់បង្ការវីរុស HPV កាចសាហាវ) និង Gardasil (បង្ការបានទាំង HPV ស្លូត និងកាច)។ ការចាក់វ៉ាក់សាំងនេះផ្តល់នូវប្រសិទ្ធភាពខ្ពស់បំផុតចំពោះអ្នកដែលមិនធ្លាប់បានឆ្លងកាត់សកម្មភាពផ្លូវភេទ។ វាអាចធ្វើឡើងចំពោះក្មេងស្រីអាយុចន្លោះពី ៩ ឆ្នាំដល់ ១៤ ឆ្នាំ ដែលតម្រូវឲ្យចាក់២លើក រីឯក្មេងស្រីចាប់ពីអាយុ ១៥ ឆ្នាំឡើងទៅ ត្រូវចាក់ ៣ លើក។
- ការធ្វើតេស្តរកមេរោគ HPV៖ តេស្តនេះធ្វើឡើងដោយការបៀកយកកោសិកាមាត់ស្បូន ដើម្បីពិនិត្យរកវត្តមាននៃវីរុស HPV ប្រភេទកាចសាហាវ ដែលនឹងអាចបង្កឲ្យមានមហារីកមាត់ស្បូន។ ករណីលទ្ធផលបង្ហាញថាវិជ្ជមាន នោះអ្នកនឹងតម្រូវឲ្យធ្វើការវិភាគកោសិកាមាត់ស្បូនបន្តទៀត។
- តាមដានកោសិកាមាត់ស្បូន៖ ការតាមដាននេះអាចជួយឲ្យអ្នករកឃើញកោសិកាមិនធម្មតានៅដំណាក់កាលដំបូង ឬដំបៅត្រៀមមហារីក ដែលនឹងវិវឌ្ឍជាមហារីកនៅពេលអនាគត។ ស្ត្រីដែលមានដៃគូររួមភេទទាំងអស់ គួរធ្វើការត្រួតពិនិត្យដើម្បីតាមដានកោសិកាមាត់ស្បូនជាទៀងទាត់ ក្នុង២ទៅ៣ឆ្នាំម្តង។
- រក្សាអនាម័យក្នុងការរួមភេទ៖ ដោយហេតុថាមហារីកមាត់ស្បូនឆ្លងតាមរយៈការរួមភេទ ដូច្នេះ លោកអ្នកចាំបាច់ត្រូវរក្សាអនាម័យផ្លូវភេទ ដូចជាប្រើប្រាស់ស្រោមអនាម័យនៅពេលរួមភេទ និងកាត់បន្ថយការមានដៃគូរួមភេទច្រើន។
- ឈប់ជក់បារី៖ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របង្ហាញថា ស្ត្រីជក់បារីងាយប្រឈមនឹងមហារីកមាត់ស្បូនខ្ពស់ជាងស្ត្រីដែលមិនធ្លាប់ជក់បារី ដោយសារតែសារធាតុគីមីមានក្នុងបារី ត្រូវបានរកឃើញក្នុងកោសិកាមាត់ស្បូនរបស់ស្ត្រី។
ប្រសិនស្រ្តីគ្រប់រូបអាចអនុវត្តបាននូវដំបូន្មានខាងលើនេះ នោះហានិភ័យនៃការប្រឈមជាមួយមហារីកមាត់ស្បូន នឹងត្រូវបានកាត់បន្ថយក្នុងកម្រិតខ្ពស់បំផុត៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)