(+855) 11 909 020 / 69 909 011

វិធីសង្រ្គោះបឋមក្នុងករណី « រលាកស្បែក ឬ រលាកភ្លើង » 

ជាទូទៅ ការរលាកស្បែក អាចបណ្ដាលមកពីការប៉ះទង្គិចខ្លាំងរវាងស្បែក និងកំដៅអ្វីម្យ៉ាង (ភ្លើង ពន្លឺព្រះអាទិត្យ ផលិតផលគីមី)។ 

ប្រភេទនៃការរលាក ចែកចេញជា ២ ប្រភេទគឺ រលាកស្បែកកម្រិតស្រាល និងរលាកស្បែកកម្រិតធ្ងន់។ 
- រលាកស្បែកកម្រិតស្រាល ៖ គេសង្កេតឃើញថា ការរលាកមានទំហំតូចពណ៌ក្រហម ដែលអាចមាន ឬគ្មានទឹករងៃ។ 
- រលាកស្បែកកម្រិតធ្ងន់ ៖ គេសង្កេតឃើញថា ការរលាកមានទំហំធំ មានពងទឹកច្រើននៅលើសន្លាក់ នៅលើមុខនៅជិតរន្ធធម្មជាតិ មានពណ៌ខ្មៅដូចធ្យូងជាដើម។

ការអនុវត្ត៖ 

ដោយហេតុថា ការរលាកមាន ២ កម្រិត ធ្ងន់ និងស្រាល ហេតុនេះវិធីសង្រ្គោះបឋមទៅលើការរលាកស្បែក ក៏មានលក្ខណះខុសគ្នាខ្លះដែរ។ 

១. វិធីសង្រ្គោះបឋមក្នុងករណីរលាកស្បែកកម្រិតស្រាល 

ជាដំបូង សូមយកទឹកត្រជាក់តែមិនមែនជាទឹកកកទេ មកស្រោចលើកន្លែងដែលរលាក។ មួយសន្ទុះក្រោយមក សូមយកចេញនូវវត្ថុទាំងឡាយត្រង់បរិវេណរលាក (ដោះនាឡិកា ចិញ្ចៀន ខ្សែដៃ ឬគ្រឿងអលង្ការ នៅកន្លែងរលាក)  ដើម្បីបន្ថយការឈឺចាប់ និងការហើម។ បន្ទាប់មក សូមដាក់ជនរងគ្រោះឱ្យដេកផ្ងារ ឬផ្អៀង (បើរលាកខ្នង) ហើយយកស្បៃស្អាតដែលផ្សើមទឹក (ស្បៃជ្រកលក់ទឹក ពូតទឹកឱ្យនៅសើមៗល្មម) មកគ្របពីលើកន្លែងរលាក និងយកក្រណាត់ស្អាតមករុំកន្លែងរលាកនោះដោយរឹតឱ្យតឹងល្មម។  ចុងក្រោយ សូមបញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាពភ្លាមៗ។ 

បញ្ជាក់ ៖ ក្នុងករណីជនរងគ្រោះសន្លប់ សូមកល់ជើងឱ្យខ្ពស់ជាងក្បាល និងឱ្យទឹកផឹកម្ដងបន្ដិចៗឱ្យបានច្រើនដង។

២. វិធីសង្រ្គោះបឋមក្នុងករណីរលាកស្បែកកម្រិតធ្ងន់ 

ជាដំបូង សូមយកទឹកស្រោចលើជនរងគ្រោះជាពិសេសតំបន់រលាក បន្ទាប់មកបើសិនជាមិនឃើញមានឡើងពងទឹក ត្រូវទុកកន្លែងរលាកឱ្យនៅចំហ តែបើមានឡើងពងទឹកត្រូវធ្វើការរុំថ្នមៗ ដើម្បីការពារកន្លែងពងទឹកនោះ។ 

បញ្ជាក់ ៖ សូមកុំព្យាយាមបំបែកពងទឹកនៅលើស្បែក និងហាមលាបថ្នាំក្រមួន ឬវត្ថុអ្វីដែលមិនមែនជាឱសថវេជ្ជសាស្ដ្រ ដូចជាអំបិល ថ្នាំដុសធ្មេញ អាចម៍គោ ទឹកត្រី និងទឹកឃ្មុំជាដើម លើកលែងតែមានការណែនាំពីគ្រូពេទ្យជំនាញ។ 

ដោយឡែក ក្នុងករណីខ្លះវិញ ប្រសិនបើជនរងគ្រោះរលាកភ្លើង និងកំពុងតែស្ថិតក្នុងតំបន់ភ្លើងឆេះ ការសង្រ្គោះបឋមដំបូងបំផុតនោះគឺ ត្រូវប្រើគ្រប់មធ្យោបាយយកជនរងគ្រោះចេញពីតំបន់គ្រោះថ្នាក់នោះ រួចរកកន្លែងមានសុវត្តិភាពឱ្យជនរងគ្រោះនៅឱ្យស្ងៀម ហើយចាប់ផ្ដើមអនុវត្តវិធីសង្រ្គោះបឋមយោងតាមការលើកឡើងខាងលើ និងរុះរាន់បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។   

សូមបញ្ចាក់ថា ៖ ក្នុងករណីរលាកធម្មតាៗ ដូចជា រលាកគំរបឆ្នាំបាយ រលាកបន្តិចបន្តួចពេលទទួលទានទឹកក្ដៅ... អ្នកគ្រាន់តែត្រាំទឹកឱ្យត្រជាក់ ដើម្បីបំបាត់ការឈឺចាប់ គឺជាការស្រេច។ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)