នារីៗបច្ចុប្បន្ន ច្រើនសង្វាតខ្លួនបញ្ចប់ការសិក្សាយ៉ាងហោចណាស់ត្រឹមបរិញ្ញាបត្រ ឬរហូតដល់ក្រោយឧត្តមសិក្សា មានការងារ និងភាពរឹងពឹងមុននឹងខ្លួនសម្រេចចិត្តមានគ្រួសារ ឬមានផ្ទៃពោះ។ ហើយការមានកូនដំបូងរបស់ពួកគេហាក់ចាត់ចូលថាជាការមានកូនដំបូងនៅអាយុច្រើន ពិសេសបើគាត់មានអាយុចាប់ពី៣៥ឆ្នាំឡើងទៅ។
តើការមានកូនដំបូងនៅអាយុច្រើនផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ? ហើយតើស្ត្រីគួរត្រៀមខ្លួនបែបណា?
បើយោងតាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា ស្ត្រីដែលចាប់ផ្តើមមានផ្ទៃពោះដំបូងនៅអាយុច្រើន ផ្តល់នូវអត្ថប្រយោជន៍មិននឹកស្មានដល់ដូចជា កើនឡើងនូវថាមពលខួរក្បាល សុខភាពផ្លូវចិត្តល្អ មានប្រូបាបខ្ពស់ក្នុងការទទួលបានកូនភ្លោះ មានស្ថេរភាពហិរញ្ញវត្ថុ និងមានអាយុវែង។ បន្ថែមពីនេះ កូនរបស់ពួកគេអាចថយចុះនូវហានិភ័យនៃការរងរបួស និងហាក់មានចំណេះដឹងល្អជាងក្មេង ដែលកើតពីម្តាយមានអាយុតិច។
ទោះជាយ៉ាងណាក៏ដោយ ស្ត្រីដែលមានអាយុច្រើនទើបតែមានផ្ទៃពោះ ក៏អាចប្រឈមនឹងហានិភ័យមួយចំនួនផងដែរ រួមមាន៖
• ថយចុះការបង្កកំណើត៖ នៅពេលស្ត្រីមានអាយុកាន់តែច្រើន សមត្ថភាពក្នុងការមានផ្ទៃពោះនឹងថយចុះអាស្រ័យនឹងចំនួននៃអូវុលដែលនៅសល់ និងគុណភាពរបស់វា។ រីឯលទ្ធភាពក្នុងការបង្កកំណើតក៏ថយចំពោះបុរសតាមអាយុដែរ ជាលទ្ធផលការបង្កកំណើតនឹងមានការថយចុះ។
• មានជំងឺមកពីហ្សែន៖ កត្តាហានិភ័យនៃហ្សែនកើតមានញឹកញាប់ចំពោះស្ត្រីមានផ្ទៃពោះនៅអាយុច្រើន ជាឧទាហរណ៍ កម្រិតនៃក្មេងមានជំងឺ Down syndrome ត្រូវបានរកឃើញថាអាចកើតមាន ១/១០៦៤នៃស្ត្រីអាយុ២៥ឆ្នាំ ១/៦៨៦ចំពោះម្តាយអាយុ៣០ឆ្នាំ និង១/២៤០ចំពោះម្តាយអាយុ៣៥ឆ្នាំ។
• ទារកស្លាប់ក្នុងផ្ទៃ៖ តាមការសិក្សាមួយរបស់កាណាដាបានបង្ហាញថា ការស្លាប់ទារកក្នុងផ្ទៃពោះចំពោះស្ត្រីដែលមានកូនដំបូងនៅអាយុច្រើនស្ថិតនៅចន្លោះពី១.២ ទៅ២.២៣ ដងខ្ពស់ជាងស្ត្រីមានកូននៅវ័យក្មេង ជាពិសេសស្ត្រីដែលមានអាយុចាប់ពី៣៥ឆ្នាំឡើងទៅ។
• ហានិភ័យផ្សេងទៀត៖ ស្ត្រីមានផ្ទៃពោះដំបូងនៅអាយុច្រើនអាចនឹងកើនឡើងនូវហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ លើសសម្ពាធឈាម កូនបញ្ច្រាស ហូរឈាមបន្ទាប់ពីសម្រាល កូនកើតមិនគ្រប់ខែ ទារកមិនគ្រប់គីឡូ ឬទារកលើសទម្ងន់ និងការស្លាប់របស់ម្តាយ។ ម៉្យាង ស្ត្រីអាចពិបាកក្នុងការសម្រាល ងាយប្រឈមនឹងជំងឺត្រៀមក្រឡាភ្លើង ជំងឺក្រឡាភ្លើងក្រោយសម្រាល។
តើស្ត្រីដែលមានអាយុច្រើនគួរត្រូវត្រៀមខ្លួនអ្វីខ្លះសម្រាប់ការមានកូនដំបូង?
ប្រសិនបើអ្នកស្ថិតក្នុងលក្ខខណ្ឌនៃស្ត្រីមានអាយុច្រើន ហើយទើបតែចាប់ផ្តើមមានផ្ទៃពោះជាលើកដំបូងនោះ វិធីសាស្ត្រខាងក្រោមនឹងអាចជួយសម្រួលអ្នកដើម្បីកាត់បន្ថយនូវគុណវិបត្តិផ្សេងៗបាន៖
• ការត្រួតពិនិត្យសុខភាព និងប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជាមុន ទាំងខ្លួនអ្នក និងស្វាមីរបស់អ្នក នៅពេលអ្នកសម្រេចចិត្តថាអ្នកបានត្រៀមខ្លួនរួចរាល់ក្នុងការមានផ្ទៃពោះ។
• ថែរក្សាគភ៌ជាប្រចាំពិសេសអំឡុងពេល៨សប្តាហ៍ដំបូងនៃការមានផ្ទៃពោះដោយ ការពិនិត្យគភ៌តាមណាត់ តេស្តសុខភាពទូទៅ ការស្វែងយល់ពីចំណេះដឹងនៃការមានផ្ទៃពោះ និងការសម្រាលកូនឲ្យបានទូលាយ។
• ធ្វើការពិនិត្យសុខភាពមាត់ធ្មេញ និងសម្អាតជាប្រចាំ ព្រោះថាការមានសុខភាពមាត់ធ្មេញល្អអាចកាត់បន្ថយ ការសម្រាលកូនមិនគ្រប់ខែ និងកូនកើតមិនគ្រប់គីឡូ។
• ធ្វើតេស្តបន្ថែមដើម្បីតាមដានហានិភ័យនានាដែលតែងកើតមានចំពោះស្ត្រីមានផ្ទៃពោះនៅអាយុច្រើន។
•ទទួលទានវីតាមីនបន្ថែម ពិសេសអាស៊ីតហ្វូលិក ដោយហេតុថាការទទួលទានអាស៊ីតហ្វូលិករាល់ថ្ងៃ មុន និងអំឡុងពេល៣ខែដំបូងនៃការមានផ្ទៃពោះអាចការពារផលប៉ះពាល់លើខួរក្បាល និងខួរឆ្អឹងខ្នងរបស់ទារកបាន។
• ធ្វើលំហាត់ប្រាណជាប្រចាំ និងរក្សាទម្ងន់ឲ្យស្ថិតក្នុងកម្រិតសមស្របតាមការណែនាំរបស់គ្រូពេទ្យ និងការពារកុំឲ្យលើសទម្ងន់។
• ញ៉ាំអាហារប្រកបដោយតុល្យភាព និងច្រើនប្រភេទ ពិសេសផ្លែឈើ បន្លែបៃតង គ្រាប់ធញ្ញជាតិ និងភេសជ្ជសម្បូរដោយកាល់ស្យូម ដើម្បីថែរក្សារសុខភាពមាត់ធ្មេញ និងឆ្អឹងរបស់អ្នក ក៏ដូចជាទារក។
• បញ្ឈប់ការជក់បារី សារធាតុញៀន និងជាតិអាល់កុល។
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)