(+855) 11 909 020 / 69 909 011

យល់ដឹងស៊ីជម្រៅពីជំងឺព្រាយក្រឡាភ្លើង 

ជំងឺ pre-eclampsia ដែលប្រជាជនខ្មែរនិយមហៅថា ព្រាយក្រឡាភ្លើង ជាជំងឺកើតឡើងលើស្រ្តីសម្រាលកូន ដែលជួបប្រទះបញ្ហាកម្រិត​ជាតិ​វីតាមីន​នៅ​ក្នុង​ទឹកនោម​ស្ត្រី​មាន​ផ្ទៃពោះ​ច្រើន​ហួស រួម​ទាំង​សម្ពាធ​ឈាម​ឡើង​ខ្ពស់។

ភាគច្រើននៃស្រ្តីសម្រាលកូនកើតជំងឺព្រាយក្រឡាភ្លើង គឺស្រ្តីសម្រាលកូនដែលមានវ័យក្រោម ១៨ ឆ្នាំ​ និងមានវ័យលើសពី ៣៥ ទៅ ៤០ឆ្នាំ និងចំពោះស្រ្តីមានកូនដំបូង ឬមានកូនច្រើនចាប់ពី ៤ នាក់ឡើងទៅ។ ក្រៅពីនេះ ស្រ្តីមានកូនភ្លោះ និងស្រ្តីមានផ្ទៃពោះមានទឹកភ្លោះច្រើន ក៏អាចប្រឈមនឹងជំងឺព្រាយក្រឡាភ្លើង។    

+ មូលហេតុបង្កជំងឺ 

​- លើសសម្ពាធឈាម
- បរិមាណមិនប្រក្រតីនៃប្រូតេអ៊ីននៅក្នុងទឹកនោម
- ខ្វះអាហាររូបត្ថម្ភ
- ស្ត្រីមានកូនលើកដំបូង ឬកូនញឹកពេក 
- ស្ត្រីពរពោះដែលមានអាយុលើសពី៣៥ឆ្នាំ
- ស្ត្រីធ្លាប់មានប្រវត្តកើតជំងឺមួយចំនួន ដូចជា លើសសម្ពាធឈាមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ឬជំងឺតម្រងនោមជាដើម មុនពេលមានផ្ទៃពោះ។

+ រោគសញ្ញានៃជំងឺ

- ហើមប្រអប់ដៃ និងជើង
- ប្រកាច់ និងកន្រ្តាក់ 
- ឈឺក្បាលបែប្រប្រកាំង 
- វិលមុខ
- សម្ពាធឈាមឡើងខ្ពស់
- ​ងាយស្រវាំងភ្នែក ឬ​ចាញ់​ពន្លឺ​ 
- ឈឺចាប់​ក្នុង​ពោះក្បែរ​ឆ្អឹងជំនីរ​ខាងស្តាំ​
- នោម​ទាស់​ 
- ចង់​ក្អួត ឬ​ក្អួតចង្អោរ​

+ ផលវិបាកនៃជំងឺ  

- ទារកកើតមកស្វិត
- ទារកអាចកើតមកមិនគ្រប់ខែ
- ទារកអាចស្លាប់ក្នុងផ្ទៃ  
- ម្តាយប្រឈមជំងឺ​ខូច​តម្រងនោម 
- ធ្ងន់ធ្ងរបំផុតអាចបណ្ដាលឱ្យម្ដាយកើតជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។  

+ វិធីបង្ការជំងឺ 

ដើម្បីបង្ការខ្លួនពីជំងឺព្រាយក្រឡាភ្លើង ស្រ្តីមានផ្ទៃពោះទាំងអស់គួរតែយល់ដឹងពីគន្លឹះទាំងនេះ ៖ 

- របបអាហារពិតជាសំខាន់ណាស់សម្រាប់ស្រ្តីមានផ្ទៃពោះដើម្បីបង្ការខ្លួនពីជំងឺព្រាយក្រឡាភ្លើង ហេតុនេះ ស្រ្តីមានផ្ទៃពោះ មិនគួរបរិភោគអាហារមានជាតិប្រៃពេក ផ្អែមពេក ឬបរិភោគអាហារដដែលៗច្រើនពេក។
- សូមផឹកទឹកឱ្យបានច្រើន និងគួរតែគេងបែរទៅឆ្វេងប្រសើរជាងបែរមកស្ដាំ។  
- ក្នុងករណីស្រ្តីមានផ្ទៃពោះកត់សម្គាល់ឃើញខ្លួនឯងមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឱ្យបានទាន់ពេលវេលា។
- សម្រាប់ស្រ្តីពរពោះដែលធ្លាប់កើតជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជា ជំងឺទឹកនោមផ្អែម ឬជំងឺតម្រងនោម គួរតែប្រុងប្រយ័ត្នខ្លួនឯងចំពោះជំងឺព្រាយក្រឡាភ្លើង។ 
- ដំបូន្មានល្អបំផុត ក្នុងអំឡុងពេលមានផ្ទៃពោះ ម្ដាយគ្រប់រូបគួរតែមកធ្វើការ​ពិនិត្យ​ផ្ទៃពោះ​ការ​វាស់​កម្រិត​ជាតិ​ស្ករ ឬ​ជាតិ​ប្រៃ​ក្នុង​ទឹកនោម និងសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព។ 

គួរបញ្ជាក់ថា ដើម្បីចៀសវាងបញ្ហាផ្សេងៗ និងជំងឺព្រាយក្រឡាភ្លើង ស្រ្តីពរពោះគួរតែដាន​ផ្ទៃពោះ និង​សុខភាព ឱ្យបានទៀងទាត់​តាម​ការ​ណាត់ជួប​របស់​គ្រូពេទ្យ​៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Mr.NV)