(+855) 11 909 020 / 69 909 011

ភាពធ្ងន់ធ្ងរនៃជំងឺគ្រុនពោះវៀន 

គ្រុនពោះវៀនជាជំងឺដែលបង្កឡើងដោយបាក់តេរីមួយប្រភេទហៅថា Salmonella typhi កើតមានច្រើនលើក្មេងតូចៗ និងមនុស្សពេញវ័យ។ វាឆ្លងតាមរយៈការទទួលទានអាហារ ឬទឹកដែលមានផ្ទុកមេរោគ។ 

១ រោគសញ្ញានៃជំងឺគ្រុនពោះវៀន

អ្នកជំងឺនឹងលេចចេញនូវរោគសញ្ញាក្នុងចន្លោះពី១ទៅ៣សប្តាហ៍ ដែលរួមមាន ក្តៅខ្លួន ឈឺក្បាល អស់កម្លាំង ឈឺសាច់ដុំ បែកញើស ក្អកស្ងួត មិនឃ្លានអាហារ ស្រកទម្ងន់ ឈឺពោះ ទល់លាមក ឬរាក ឡើងកន្ទួល និងប៉ោងពោះ។ 

២. កត្តាហានិភ័យនៃជំងឺ

បាក់តេរី Salmonella typhi ដែលបង្កឱ្យមានជំងឺគ្រុនពោះវៀន អាចចម្លងពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត តាមអាហារ ឬទឹកដែលប៉ះជាមួយអ្នកជំងឺ ឬមានផ្ទុកមេរោគបង្ក។ កត្តាហានិភ័យនៃការឆ្លងផ្សេងទៀតនឹងអាចកើតមានចំពោះអ្នកដំណើរទៅកាន់តំបន់ដែលមានការឆ្លង អ្នកធ្វើការក្នុងមន្ទីរពិសោធន៍ និងអ្នកប៉ះពាល់ជិតស្និតជាមួយអ្នកជំងឺជាដើម។

៣. ផលវិបាកនៃជំងឺគ្រុនពោះវៀន

ករណីយឺតយ៉ាងក្នុងការជួបគ្រូពេទ្យ និងទទួលយកការព្យាបាល អ្នកជំងឺអាចប្រឈមនឹងការហូរឈាមក្នុងពោះវៀន ដែលបង្កឱ្យមាននូវអាការៈឈឺពោះខ្លាំង ចង្អោរ ក្អួត និងមានមេរោគចូលក្នុងឈាមដែលទាមទារនូវការសង្គ្រោះបន្ទាន់។ ផលវិបាកផ្សេងទៀតគឺ រលាកសាច់ដុំបេះដូង រលាកសួត រលាកលំពែង ការបង្ករោគនៅតម្រងនោម រលាកស្រោមខួរ រវើរវាយ រហូតដល់មានបញ្ហាផ្លូវចិត្ត។

៤. វិធីបង្ការខ្លួនពីជំងឺគ្រុនពោះវៀន 


ដើម្បីបង្ការខ្លួនពីជំងឺគ្រុនពោះវៀន សូមទទួលទានទឹកស្អាត និងរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន រួមជាមួយការចាក់ថ្នាំបង្ការអាចកាត់បន្ថយការប្រឈម និងផលវិបាកនៃជំងឺគ្រុនពោះវៀនបាន។

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)