គ្រុនរោល ជាប្រភេទជំងឺឆ្លងពិបាកក្នុងការគ្រប់គ្រង ដែលត្រូវបានចម្លងមកមនុស្យ ពីសត្វចៃ ឬតុកកែឆ្កែ ផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរ និងរាលដាលខ្លាំង។
១. មូលហេតុបង្កនៃជំងឺគ្រុនរោល
បាក់តេរីចម្បង២ប្រភេទគឺ Rickettsia prowazekii និង Rickettsia typhi ជាមូលហេតុនៅពីក្រោយការបង្កជំងឺគ្រុនរោល។ គ្រប់គ្នាអាចឆ្លងនៅពេលសត្វចៃ ឬតុកកែដែលមានផ្ទុកមេរោគខាំ ដែលពួកវាអាចនៅនឹងសម្លៀកបំពាក់ ស្បែក ឬសក់។ វាប្រឈមខ្ពស់ចំពោះតំបន់ដែលកង្វះអនាម័យ ឬអនាម័យនៅមានកម្រិត ពិសេស កន្លែងចង្អៀត ឬអ្នកដំណើរត្រូវដើរប្រជ្រៀតគ្នា និងកន្លែងដែលសម្បូរដោយគម្ពោតព្រៃ និងវាលស្មៅ។
២. សញ្ញាសម្គាល់គ្រុនរោល
ភាគច្រើនបន្ទាប់ពីឆ្លងមេរោគអ្នកជំងឺអាចមានអាការ ឈឺក្បាល ឡើងកម្តៅខ្ពស់ ចង្អោរ ក្អួត រាក ក្អកស្ងួត ឈឺសន្លាក់ ឈឺខ្នង រួមជាមួយ ស្នាមកន្ទួលក្រហមជាំលើទ្រូង រហូតពេញរាងកាយ លើកលែងតែនៅមុខ បាតដៃ និងបាតជើង។ បើមិនបានព្យាបាល អ្នកជំងឺអាចវិវឌ្ឍទៅជារវើរវាយ និងថយចុះនូវសម្ពាធឈាមទៀតផង។
៣. ការពារការឆ្លងនៃជំងឺគ្រុនរោល
អ្នកអាចបន្ថយហានិភ័យគ្រុនរោលពេលធ្វើដំណើរដោយអនុវត្តនូវវីធីសាស្ត្រខាងក្រោម៖
• ប្រើស្ព្រៃយន៍ និងស្លៀកពាក់ឱ្យជិត ងូតទឹកសម្អាតខ្លួន និងប្តូរសម្លៀកបំពាក់ ជាទៀងទាត់
• ចៀសវាងទៅកន្លែងចង្អៀត និងមិនត្រូវស្លៀកសម្លៀកបំពាក់ ឬប្រើកម្រាលដែលសង្ស័យថាមានចៃដាច់ខាត
• មិនត្រូវនៅក្បែរសត្វកណ្តុរ ឆ្មារ ឆ្កែ ឬកំប្រុកឡើយ។
វាពិតជាសំខាន់ក្នុងការធ្វើរោគវិនិច្ឆ័យឱ្យបានរហ័សនៅពេលលេចចេញនូវរោគសញ្ញា និងព្យាបាលឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ដើម្បីកាត់បន្ថយនូវផលវិបាកធ្ងន់ធ្ងរ៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (DN)