វីរុសមួយប្រភេទដែលតែងបង្កឱ្យទារក និងក្មេងតូចៗរាកធ្ងន់ធ្ងរ ខ្វះជាតិទឹក ក្អួត ក្តៅខ្លួន និងត្រូវព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់នោះគឺ Rotavirus។ បច្ចុប្បន្ន rotavirus ត្រូវបានបង្ការដោយប្រសិទ្ធភាព តាមរយៈវ៉ាក់សាំងដែលផ្តល់ឱ្យតាមមាត់។
១. តើវ៉ាក់សាំងបង្ការជំងឺរាកបង្កដោយ rotavirus ត្រូវផ្តល់ឱ្យពេលណា?
ជាទូទៅទារកនឹងតម្រូវឱ្យផ្តល់វ៉ាក់សាំងនេះ ២ដង៖
• លើកទី១៖ នៅពេលទារកអាយុ២ខែ
• លើកទី២៖ នៅពេលទារកអាយុ៤ខែ។
គួរបញ្ជាក់ថា ទារកនឹងមិនមានជំងឺរាកដោយសារ rotavirus ឡើយបន្ទាប់ពីបានទទួលនូវវ៉ាក់សាំងបង្ការហើយ ប៉ុន្តែពួកគេមិនអាចការពារការរាក ឬក្អួតដែលបណ្តាលមកពីមេរោគផ្សេងទៀតបានទេ។
២. ករណីទារកណាខ្លះដែលមិនគួរចាក់វ៉ាក់សាំងនេះ?
ប្រសិនទារកមានប្រតិកម្មអាល្លែកហ្ស៊ីជាមួយវ៉ាក់សាំងបង្ការជំងឺរាកដោយ rotavirus ក្នុងពេលផ្តល់ឱ្យលើកដំបូង ឬអាល្លែកហ្ស៊ីជាមួយសារធាតុណាមួយក្នុងវ៉ាក់សាំង នោះទារកមិនគួរត្រូវបានផ្តល់ឱ្យទៀតនោះទេ។ ម៉្យាងទៀត មាតាបិតាត្រូវប្រាប់គ្រូពេទ្យជាមុនបើកូនតូចរបស់អ្នកអាល្លែកហ្ស៊ីជាមួយទឹកដោះគោ។ ដោយឡែក ចំពោះទារកដែលមានប្រព័ន្ធការពាររាងកាយថយចុះក៏មិនគួរទទួលវ៉ាក់សាំងបង្ការជំងឺរាកបង្កដោយ rotavirus នេះឡើយ។
៣. ផលរំខានណាខ្លះនឹងកើតមានលើទារកក្រោយចាក់?
ទារកមួយចំនួនអាចលេចចេញនូវសញ្ញារាក ឬក្អួតតិចតួចក្រោយទទួលវ៉ាក់សាំង និងករណីធ្ងន់ធ្ងរកម្របំផុត អាចមានលេចចេញជាប្រតិកម្មអាល្លែកហ្ស៊ី។
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)