(+855) 11 909 020 / 69 909 011

យល់ដឹងពីជំងឺទឹកនោមផ្អែម 

១. តើអ្វីជាជំងឺទឹកនោមផ្អែម?
ជំងឺទឹកនោមផ្អែម គឺជាជំងឺមួយដែលបណ្ដាលមកពីអត្រាជាតិស្ករនៅក្នុងឈាមកើនលើសពីធម្មតា ដែលជាធម្មតាយើងចាត់ទុកថាជាជំងឺរ៉ាំរ៉ៃ ហើយត្រូវការការពិនិត្យ និងតាមដានសុខភាពជាប្រចាំជាមួយគ្រូពេទ្យ ព្រោះអាចនឹងមានផលវិបាកនៅថ្ងៃក្រោយជាក់ជាមិនខាន។

២. តើជំងឺទឹកនោមផ្អែមមានប៉ុន្មានប្រភេទ? 
ជំងឺទឹកនោមផ្អែមមានច្រើនប្រភេទដូចជា៖ 
- ជំងឺទឹកនោមផ្អែមប្រភេទទី១៖ ដែលភាគច្រើនកើតនៅលើកុមារ ដោយសារតែពួកគេចូលចិត្តបរិភោគអាហារដែលមានជាតិស្ករឫកាឡូរីច្រើន 
- ជំងឺទឹកនោមផ្អែមប្រភេទទី២៖ បច្ចុប្បន្ននេះជំងឺទឹកនោមផ្អែមប្រភេទទី២នេះមានមនុស្សកើតច្រើនជាងគេដែលមានអត្រាមនុស្សប្រហែល៩០%-៩៥%នៅលើពិភពលោកយើងនេះប្រឈមទៅនឹងការកើតជំងឺទឹកនោមផ្អែម ដែលភាគច្រើនកើតនៅលើមនុស្សពេញវ័យដោយសារតែពួកគេមានសភាពលើសទំងន់ឫធាត់ខ្លាំង។
- ជំងឺទឹកនោមផ្អែមដែលកើតឡើងចំពោះស្ត្រីអំឡុងពេលមានផ្ទៃពោះ ដោយសារតែស្ដ្រីដែលឆ្លងទន្លេរួច ជាតិស្ករនឹងវិលមករកសភាពដើមវិញ ខុសពីស្ដ្រីដែលធ្លាប់កើតជំងឺទឹកនោមផ្អែមប្រភេទទី១ និងជំងឺទឹកនោមផ្អែមប្រភេទទី២។ ជំងឺនេះ គេបែកចែកដាច់ដោយឡែកពីគ្នា ហើយការព្យាបាល និងតាមដានសុខភាពក៏ផ្សេងៗគ្នាដែរ។
- ជំងឺទឹកនោមផ្អែមប្រភេទផ្សេងទៀតដែលកើតឡើងដោយសារ បញ្ហាលំពែង ការប្រើប្រាស់ឪសថផ្សេងៗ...។

៣. តើជំងឺទឹកនោមផ្អែមមានរោគសញ្ញាអ្វីខ្លះ?

ជាធម្មតា ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១គឺរោគសញ្ញាលេចចេញឡើងភ្លាមៗតែម្ដង ផ្ទុយទៅវិញអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២មិនមានលេចចេញរោគសញ្ញាអោយអ្នកជំងឺដឹងទេ មានន័យថាកម្រិតជាតិស្ករខ្ពស់ប៉ុន្ដែមិនលេចចេញរោគសញ្ញាទេ តាមការបកវិនិច្ឆ័យរបស់គ្រូពេទ្យបានបង្ហាញថា ដោយសារអត្រាជាតិស្ករឡើងខ្ពស់យូរឆ្នាំដែលអាចបង្ករផលវិបាកអោយអ្នកជំងឺ ដូចជា ងងឹតភ្នែក ដំបៅជើងរលួយ បង្ករបញ្ហាដល់សសៃឈាមបេះដូង ឫក៏បញ្ហាទៅលើតម្រងនោមជាដើម។ 

៤. តើជំងឺទឹកនោមផ្អែមបង្កឡើងដោយសារអ្វី? 
ជំងឺទឹកនោមផ្អែមដែលប្រជាពលរដ្ធជួបខ្លាំងបំផុតគឺជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលកើតឡើងដោយកត្តាផ្សេងៗគ្នាដូចជា 
- កត្តាប្រវត្តិក្រុមគ្រួសារ មានន័យថា យើងអាចនិយាយបានថាវាជាជំងឺតពូជ ប្រសិនបើមានឪពុកឫម្ដាយមានជំងឺទឹកនោមផ្អែម ហើយអត្រាកូនកើតមកអាចនឹងប្រឈមនឹងកើតជំងឺទឹកនោមផ្អែមផងដែរ
- កត្តាការឡើងទំងន់ ការជក់បារី ការទទួលទានអារហារដែលមានជាតិកាឡូរីខ្ពស់ 
- ស្ដ្រីដែលធ្លាប់សម្រាលកូនថ្លោសពេក(លើសពី៤គីឡូឡើងទៅ)
- ជាពិសេសមនុស្សដែលទំនេរពេកមិនសូវបានបញ្ចេញពលកម្ម ឫក៏ធ្វើលំហាត់ប្រាណ។

៥. តើគ្រូពេទ្យធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមយ៉ាងដូម្ដេច? 
គ្រូពេទ្យធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមដោយវិធីផ្សេងៗគ្នាដូចជា ការពិនិត្យអ្នកជំងឺមុនពេលទទួលទានអាហារ មានន័យថានៅពេលពោះទទេចាប់ពី៨ម៉ោងឡើងទៅ បើជាតិស្ករលើសពី១២៦មីលីក្រាមក្នុងមួយដេស៊ីលីត្រ គ្រូពេទ្យសន្និដ្ថានថាអ្នកជំងឺមានជំងឺទឹកនោមផ្អែមប្រភេទទី២ ផ្ទុយទៅវិញវិធីម៉្យាងទៀតគឺអោយអ្នកជំងឺទទួលទានអ្វីក៏បាន ឫក៏អោយអ្នកជំងឺទទួលទានជាតិស្ករ ប្រសិនបើ២ម៉ោងក្រោយពិនិត្យឃើញជាតិស្ករលើសពី២០០គីឡូក្រាមក្នុងមួយដេស៊ីលីត្រ នោះក៏មានផ្ទុកជំងឺទឹកនោមផ្អែមដែរ។ វិធីសាស្ដ្រមួយទៀតគឺការធ្វើទេស្ដដោយម៉ាស៊ីន HBA1C Test បើសិនរកឃើញ 6.5%នៃជាតិស្ករនោះអ្នកជំងឺកំពុងតែមានជំងឺទឹកនោមផ្អែមផងដែរ។

៦. តើជំងឺទឹកនោមផ្អែមព្យាបាលយ៉ាងដូចម្ដេច?
ការព្យបាល ធ្វើឡើងទៅតាមដំណាក់កាលចំពោះជំងឺទឹកនោមផ្អែមរួមទាំងរបបអារហារជាមួយនឹងការហាត់ប្រាណអោយបានត្រឹមត្រូវដោយត្រូវណែនាំនឹងសហការណ៍ជាមួយអ្នកជំងឺនឹងគ្រូពេទ្យ។ ប្រសិនបើអ្នកជំងឺអាចធ្វើបានត្រឹមត្រូវទៅតាមគ្រូពេទ្យ បើជាតិស្ករធ្លាក់ចុះជាងធម្មតានោះគ្រូពេទ្យនិងណែនាំរបបអាហារនឹងការហាត់ប្រាណថ្មីផ្សេងទៀត ផ្ទុយទៅវិញបើកម្រិតជាតិស្ករនៅតែដដែល គ្រូពេទ្យនិងបន្ថែមឪសថ 2-3គ្រាប់ទៅតាមកម្រិតជាតិស្ករក្នុងឈាម ឫក៏អាចណែនាំអ្នកជំងឺដោយប្រើថ្នាំចាក់ ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។

៧. តើលោកគ្រូ ឬអ្នកគ្រូពេទ្យ មានដំបូន្មានអ្វីខ្លះទៅកាន់មិត្តអ្នកអាន ឬអ្នកជំងឺ?
ប្រសិនបើអ្នកសង្ស័យថាមានជំងឺទឹកនោមផ្អែមឫអ្នកកំពុងផ្ទុកជំងឺទឹកនោមផ្អែម សូមទៅជួបគ្រូពេទ្យព្រោះថាវាទាមទារការព្យបាល និងត្រួតពិត្យជាមួយគ្រូពេទ្យជាប្រចាំ ប្រសិនអ្នកមានការពិនិត្យ និងអនុវត្តន៍ត្រឹមត្រូវតាមគ្រូពេទ្យ នោះអ្នកនឹងមានសុខភាពល្អដូចអ្នកគ្មានជំងឺ ប៉ុន្តែប្រសិនអ្នកមិនបានការពិនិត្យ ឬក៏ព្យបាលទេ វាអាចនឹងវិវត្តន៍ទៅដំណាក់កាលចុងក្រោយដែលអាចធ្វើអោយអ្នកងងឹតភ្នែក ដំបៅជើងរលួយ បង្ករបញ្ហាដល់សសៃឈាមបេះដូង ឫក៏បញ្ហាទៅលើតម្រងនោមជាដើម។

- បកស្រាយដោយ៖ សាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត ទូច ឃុន ប្រធានផ្នែកជំងឺទឹកនោមផ្អែម នាយករងមន្ទីរពេទ្យព្រះកុសុមៈ 
- យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
@រក្សាសិទ្ធិគ្រប់អត្ថបទ រូបភាព សំឡេង និងវីដេអូ ដោយ សុខក្រម (Sokhakrom)