(+855) 11 909 020 / 69 909 011

ផលវិជ្ជមាន និងអវិជ្ជមាននៃអាហារសម្បូរជាតិស័ង្កសី 

ស័ង្កសី គឺជាសារជាតិរ៉ែ​ខនិជ​មួយប្រភេទដែលរាងកាយត្រូវការជាចាំបាច់ ដើម្បីបំប៉នសុខភាព ឬទ្រទ្រង់ជីវិត និងជាពិសេសជាតិស័ង្កសីដើរតួនាទីចម្បងជួយបង្កើនគុណភាពនៃមេជីវិតក្នុងការបង្កកំណើត។ 
​អាហារ​ដែល​សម្បូរ​ដោយសារ​ធាតុ​ស័ង្កសី​ក្នុង​នោះ​មាន​ដូច​ជា ស៊ុត សាច់មាន់ ផ្សិត ត្រីសាម៉ុង យ៉ាអ៊ួរ បន្លែបៃតង និងគ្រាប់ធញ្ញជាតិ អាហារ​សមុទ្រ និងកា​កាវជាដើម។
កង្វះនៃសារធាតុស័ង្កសីក្នុងអាហារ គឺនាំមកនូវផលវិបាកជាច្រើនដូចជា ជ្រុះសក់ បញ្ហារុំារ៉ៃនៃប្រព័ន្ធរំលាយអាហារ ងាយហត់អស់កម្លាំង បាត់បង់លំនឹងអរម៉ូនដែលប៉ះពាល់ដល់លទ្ធភាពបង្កកំណើត រាគរូសញឹកញាប់ ប្រព័ន្ធភាពស៊ាំចុះខ្សោយ ប្រព័ន្ធប្រសាទចុះខ្សោយ និងមុខរបួសមិនងាយជាសះស្បើយ។ 
តែទោះជាយ៉ាងនេះក្ដី ប្រសិនបើយើងទទួលទានជាតិស័ង្កសីលើសកម្រិត ក៏ប្រឈមនឹងបញ្ហាជាច្រើនផងដែរ រួមមាន ឈឺសន្លាក់ឆ្អឹង  វិលមុខ អស់កម្លាំង ឈឺក្រពះ ចង់ក្អួត ឬក្អួត  រាគមួល ឬរមួលក្រពះ ងងុយដេក ឈឺក្បាល បាក់សាច់ដុំជាដើម។ 
ខាងក្រោមនេះជាការបញ្ជាក់ជូន៖ 
១. ផលវិជ្ជមាននៃអាហារសម្បូរជាតិស័ង្កសី៖ 
- ជម្រុញដល់ដំណើរការនៃការផលិតអរម៉ូនភេទ (តេស្តូស្តេរ៉ូន និងអេស្ត្រូសែន) ទាំងបុរសនិងស្ត្រី ដែលជាលទ្ធផលបង្កើនលទ្ធភាពបង្កកំណើត។ 
- ប្រឆាំងការរលាក និងសារធាតុពុលទាំងឡាយ ជាពិសេសប្រឆាំងការកកើតរ៉ាឌីកាល់សេរីជំងឺមហារីក។ 
- បន្ថយប្រតិកម្មអុកស៊ីតកម្មដែលអាចបំផ្លាញសរសៃឈាម និងជួយរក្សាសម្ពាធឈាម និងបរិមាណនៃសារធាតុកូលេស្តេរ៉ុល ដែលជាលទ្ធផលជួយឱ្យចរន្តឈាមមានដំណើរការល្អទៅកាន់បេះដូង។
- បន្ថយហានិភ័យនៃការបង្ករោគ និងការរលាកនៃសរីរាង្គថ្លើម ព្រមទាំងជួយលាងសម្អាតថ្លើមដោយជួយកាត់បន្ថយនូវសារធាតុពុល រ៉ាឌីកាល់សេរី ដែលជាអ្នកបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពនៃថ្លើម។ 
- សារធាតុស័ង្កសីបានចូលរួមចំណែកក្នុងការបំបែកសារធាតុស្ករ(គ្លុយកូស)ពីចំណីអាហារ ដែលជាលទ្ធផលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។
- កង្វះសារធាតុស័ង្កសីក្នុងអាហារ ប្រឈមនឹងអាការមួយចំនួនដូចជា បញ្ហារុំារ៉ៃនៃប្រព័ន្ធរំលាយអាហារ និងបង្កបញ្ហា ឆាប់អស់កម្លាំង និងមានអារម្មណ៍ថាអស់កម្លាំងល្ហិតល្ហៃជារឿយៗ។
២. ផលប៉ះពាល់នៃអាហារសម្បូរជាតិស័ង្កសី៖
- ប្រតិកម្ម​ជីវសាស្ត្រ​ស័ង្កសី​ បានបង្កើតជាម៉ូលេគុលដ៏ធំមួយ ​នាំ​ឱ្យ​មានការ​បំផ្លាញ​ជាលិកា​ឆ្អឹងខ្ចី ហើយជា​លទ្ធផលបណ្តាល​ឱ្យ​រលាក​សន្លាក់ឆ្អឹង។ 
- ប្រឈមនឹងអាការមួយចំនួនទៀតរួមមាន  វិលមុខ អស់កម្លាំង ឈឺក្រពះ ចង់ក្អួត ឬក្អួត  រាគមួល ឬរមួលក្រពះ ងងុយដេក ឈឺក្បាល បាក់សាច់ដុំ ឬគ្មានសាច់ដុំ ស្លេកស្លាំង ក្អក មានអារម្មណ៍ថាដូចជាមានជាតិលោហៈក្នុងមាត់ និងចង់ផឹកស្រា។
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom