១.និយមន័យ
ក្អកមាន់ គឺជាវិបត្តិប្រព័ន្ធផ្លូវដកដង្ហើម ដែលបង្កឡើងដោយមេរោគបាក់តេរីរស់នៅក្នុងមាត់ ច្រមុះ និងបំពង់ក។ ជំងឺឆ្លងនេះអាចសម្លាប់មនុស្សបានជាពិសេសកុមារ និងទារក និងឆ្លងតាមរយៈតំណក់ទឹកមាត់ដែលក្អក ឬកណ្ដាស់។
២.ជំងឺក្អកមានរោគសញ្ញាដូចជា
- មុននឹងស្ដែងចេញជារោគសញ្ញា មេរោគបានសម្ងំនៅក្នុងខ្លួនកុមារពី៥ទៅ១០ថ្ងៃ បន្ទាប់មកនៅពេលដែលពពួកមេរោគ បានជ្រៀតចូលកាន់តែច្រើនក្នុងខ្លួន ទើបជម្ងឺស្ដែងចេញជារោគសញ្ញា។
- គ្រុនឈឺក្បាល
- ហៀរសំបោរ
- ក្អកតិចៗ
- ហៀរទឹកភ្នែក
- កណ្ដាស់
- កុមារចាប់ផ្ដើមក្អកខ្លាំងឡើងបន្តិចម្ដងៗ រហូតឮសូរសំឡេងដូចដកចង្កាមាន់ និងស្បែកចាប់ផ្ដើមប្រែពណ៌ទៅជាខៀវដោយសារតែកុមារទទួលបានអុកស៊ីហ្សែនពុំបានគ្រប់គ្រាន់។ កុមារក្អកញឹកញាប់នៅពេលយប់ នៅពេលឈប់ក្អក កុមារនឹងវិលមករកសភាពដូចដើមវិញ ហើយកម្ដៅក្នុងខ្លួនក៏មិនសូវក្ដៅដែរ។
៣.មូលហេតុបង្កជំងឺក្អកមាន់
មានមូលហេតុជាច្រើនដែលបណ្ដាលឱ្យកើតជំងឺក្អកមាន់ ដូចជា ការបរិភោគកង្វះអនាម័យ និងការដកដង្ហើមស្រូបយកខ្យល់អាកាសពោរពេញដោយបាក់តេរី ឬធូលី ដោយសារតែមេរោគ ឬបាក់តេរី ក្នុងចំណីអាហារ និងខ្យល់អាកាស បានស្រូបចូលទៅកាន់មាត់ ច្រមុះ និងបំពង់ក បង្កទៅជាជំងឺក្អកមាន់ និងជំងឺផ្សេងៗ។ តែយ៉ាងណាមិញ គេសង្កេតឃើញថា មូលហេតុចម្បងបង្កឱ្យកើតជំងឺក្អកមាន់គឺ ឆ្លងតាមរយៈក្អក និងកណ្ដាស់
៤.វិធីព្យាបាលជំងឺក្អកមាន់
បើអ្នកសង្កេតឃើញខ្លួនឯង ឬនរណាម្នាក់ កើតមានអាការ ឬរោគសញ្ញាដូចបានលើកឡើងខាងលើ សូមអញ្ជើញរុះរាន់មកមន្ទីរពេទ្យដើម្បីពិនិត្យធ្វើរោគវិនិច្ឆ័យ និងទទួលយកការព្យាបាលទាន់ពេលវេលា ចៀសវាងទុកឱ្យជំងឺកាន់តែធ្ងន់ធ្ងរ ព្រោះវាអាចបាត់បង់ជីវិតបានគ្រប់ពេលវេលា។ ជាមួយគ្នានេះដែរ ត្រូវឱ្យអ្នកជំងឺស្ថិតនៅឆ្ងាយពីមនុស្សជុំវិញបង្ការកុំឱ្យជំងឺឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងត្រូវឱ្យអ្នកជំងឺផឹកទឹកឱ្យបានច្រើន ដើម្បីកុំឱ្យបំពង់កស្ងួតខ្លាំង។
៥.ផលវិបាកជំងឺក្អកមាន់
- បាត់បង់ស្មារតី
- ប្រកាច់ដោយសារគ្រុនក្ដៅខ្លាំង ឬក៏គ្មានអុកស៊ីសែនគ្រប់គ្រាន់ផ្ដល់ទៅឱ្យខួរក្បាល
- បរិភោគមិនបាន
- រលាកត្រចៀកកណ្ដាល
- បាត់បង់ជាតិទឹក
- ធ្ងន់ធ្ងរបំផុតនោះ គឺបណ្ដាលឱ្យអ្នកជំងឺស្លាប់បាត់បង់អាយុជីវិត ដោយសារតែមេរោគដែលបង្កជំងឺក្អកមាន់ បានចូលទៅបំផ្លាញសុខភាពរបស់សួតដោយបង្កើតឱ្យមានជំងឺរលាកសួត។
៦. វិធីបង្ការខ្លួនពីជំងឺក្អកមាន់
មានវិធីជាច្រើនដែលជួយបង្ការខ្លួនពីជំងឺក្អកមាន់ តែវិធីបង្ការដ៏ទទួលបានលទ្ធផលខ្ពស់បំផុតនោះគឺ ត្រូវចាក់វ៉ាក់ស៊ាំការពារជំងឺក្អកមាន់។ វ៉ាក់សាំងបង្ការនេះគឺដាក់បញ្ចូលជាមួយវ៉ាក់សាំងការពារជំងឺខាន់ស្លាក់ និងតេតាណូសផងដែរ។
៧.ដំបូន្មាន
បើអ្នកសង្ស័យថាខ្លួនអ្នកផ្ទាល់ ឬនរណាម្នាក់កើតជំងឺក្អកមាន់ដោយផ្អែកលើរោគសញ្ញាដូចបានជម្រាបជូនខាងលើ សូមអញ្ជើញរុះរាន់មកមន្ទីរពេទ្យដើម្បីពិនិត្យធ្វើរោគវិនិច្ឆ័យ និងទទួលយកការព្យាបាលទាន់ពេលវេលា ចៀសវាងទុកឱ្យជំងឺកាន់តែធ្ងន់ធ្ងរ ព្រោះវាអាចបាត់បង់ជីវិតបានគ្រប់ពេលវេលា៕
ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)