ជាទូទៅការផ្លាស់ប្ដូរអាកាសធាតុទៅតាមរដូវកាល គឺជាមូលហេតុដែលធ្វើឱ្យយើងត្រូវប្រឈមនឹងជំងឺភ្លាមៗ និងស្បែកក៏ប្រែប្រួលទៅតាមនោះដែរ។
ពិតណាស់ថា ក្នុងខែត្រជាក់ ឬក្នុងរដូវរងារស្បែករបស់យើងចាប់ផ្ដើមប្រែទៅជាស្ងួត បែកស្រកា ដែលនេះជាបញ្ហយើងជួបប្រទះគ្រប់គ្នា តែយ៉ាងណាមិញផលវិបាកអាចធ្ងន់ធ្ងរ ឬស្រាល វាអាស្រ័យលើការយកចិត្តទុកដាក់ក្នុងថែទាំសម្រស់របស់បុគ្គលនោះផងដែរ។
ខាងក្រោមនេះជាគន្លឹះ ៧ យ៉ាងជួយថែរក្សាស្បែកក្នុងខែត្រជាក់យ៉ាងមានប្រសិទ្ធភាព៖
១. លាបឡេការពារកម្ដៅថ្ងៃមុននឹងចេញក្រៅទៅណាមកណា ដើម្បីការពារស្បែកពីការបំផ្លាញដោយសារតែពន្លឺព្រះអាទិត្យដែលជះមក។
២. ស្លៀកសម្លៀកបំពាក់ឱ្យបានជិតៗដើម្បីទប់ទល់នឹងអាកាសធាតុដ៏ត្រជាក់មកពីមជ្ឈដ្ឋានខាងក្រៅ។
៣. លាបក្រេមបបូរមាត់ដើម្បីផ្ដល់សំណើមដល់បបូរមាត់ និងជាពិសេសការពារបបូរមាត់ពីបញ្ហាប្រេះមាត់ក្នុងរដូវត្រជាក់។
៤. ក្នុងរដូវរងារ អ្នកគួរតែជ្រើសរើសប្រើផលិតផលសាប៊ូដុះខ្លួន និងសាប៊ូលាងមុខ ដែលមានជាតិផ្ដល់សំណើមច្រើនដល់ស្បែក ទើបអាចទប់ទល់នឹងការបំផ្លាញដោយសារតែអាកាសធាតុត្រជាក់។ គួរបញ្ឈប់ការប្រើប្រាស់ សាប៊ូដុះខ្លួន និងសាប៊ូលាងមុខណាដែលបំផ្លាញសំណើមរបស់ស្បែក និងធ្វើឱ្យស្បែកស្ងួត។ ប្រសិនបើអ្នក ចង់ដឹងថា សាប៊ូណាធ្វើឱ្យស្បែករបស់អ្នកស្ងួត អ្នកអាចកត់សម្គាល់បាន ក្រោយពេលងូតទឹករួចហើយ ស្បែករបស់អ្នកនឹងប្រែទៅជាក្រហម ស្ងួត គ្មានសំណើម ក្រហម និងជួនកាលអាចរមាស់តិចៗ។
៥. ក្នុងខែត្រជាក់ស្បែកងាយស្ងួតខ្លាំងណាស់ ដូច្នេះ យើងត្រូវតែបញ្ឈប់ទម្លាប់ដែលធ្វើឱ្យស្បែកស្ងួត ដូចជា ងូតទឹកក្ដៅឧណ្ហៗក្នុងរយៈពេលយូរនៅខែត្រជាក់ ហើយនេះជាទម្លាប់ខុសឆ្គងដែលពេញនិយមបំផុត។ ត្រូវដឹងថា ការងូតទឹកក្ដៅឧណ្ហៗក្នុងរយៈពេលយូរ វាជាមូលហេតុធ្វើឱ្យស្បែកបាត់បង់សំណើម និងស្បែកស្ងួតខ្លាំង។
៦. ការទទួលទានស្រាក្រហមក្នុងកម្រិតត្រឹមត្រូវ មិនធ្វើឱ្យប៉ះពាល់សុខភាពនោះទេ ថែមទាំងជួយឱ្យសរសៃឈាមក្រោមស្បែករត់បានស្រួល និងបន្ថយភាពរងារថែមទៀតផង។
៧.ផឹកទឹកឱ្យបានច្រើន ដើម្បីបង្កើនជាតិទឹកក្នុងខ្លួន និងបង្កើនសំណើមដល់ស្បែក។
ចំណាំ៖ ត្រូវដឹងថា ក្នុងខែត្រជាក់ ស្បែកត្រូវការសំណើមជាចាំបាច់ ដើម្បីទប់ស្កាត់ពីបញ្ហាស្បែកស្ងួត បែកស្រកា និងបញ្ហាជាច្រើនទៀត។
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)