Urena lobata
ផ្នែកដែលប្រើប្រាស់
ដើម
ការប្រើប្រាស់ជាឱសថ
គេប្រើប្រាស់កញ្ជាន់អាចម៍ជ្រូក ព្យាបាលជំងឺគ្រុនផ្ដាស់សាយ ចុកស្រពន់ រាកមួល អាហារមិនរលាយ ហើមទឹក ឈឺឆ្អឹងឆ្អែង រលាកបំពងក ឈឺបំពង់ក គ្រុនពោះវៀន គ្រុនចាញ់ ធ្លាក់ស ពស់ចឹក រលាកដោះ កើតពិស។ វិធីប្រើប្រាស់ គេយករុក្ខជាតិនេះ ទៅលាយផ្សំជាមួយរុក្ខជាតិដទៃទៀត ហើយក្នុងការលាយផ្សំ គេបានបែងចែកវាជាពីរប្រភេទ ទៅតាមបរិមាណរបស់វា ដោយដើមកញ្ជាន់អាចម៍ជ្រូកស្រស់ គេប្រើពី១៥ទៅ៣០ក្រាមក្នុងមួយថ្ងៃ និងរុក្ខជាតិស្រស់គេប្រើពី៥០ទៅ១០០ក្រាមក្នុងមួយថ្ងៃ។ ដោយឡែកចំពោះពស់ចិក និងរលាកដោះ គឺគេយកដើមកញ្ជាន់អាចម៍ជ្រូកស្រស់បុក ដាក់លើមុខរបួសឱ្យជាតិថ្នាំ បឺតនិងចូលទៅកំចាត់ពិស៕
ជម្រក
ដើមកញ្ជាន់អាចម៍ជ្រូក គឺជាប្រភេទរុក្ខជាតិដុះដោយខ្លួនឯង នៅតាមចិញ្ចើមផ្លូវ ឬ កន្លែងវាលៗ។
ពិពណ៌នា
កញ្ជាន់អាចម៍ជ្រូក មានរោមតិចៗ ឬសពណ៌លឿងខ្ចី នឹងមានកំពស់ពី៥០ ទៅ ១២០សង់ទីម៉ែត្រ មានស្លឹកដោះឆ្លាក់គ្នារាងមូលឆែកៗស្រួចចុង ខាងលើផ្ទៃស្លឹកមានចង្អូរស្ដើងពណ៌បៃតង និងខាងក្រោមផ្ទៃស្លឹក មានពណ៌ប្រផេះ មានរោមនិងស្លឹកតូចៗ ទ្រពីក្រោមស្លឹក។ កញ្ជាន់អាចម៍ជ្រូក មានផ្កាពណ៌ផ្កាឈូក បែកស្រទាប់ចេញជាប្រាំទង ដុះមួយទង ឬ ពីរទង ចេញពីប្រគាបស្លឹក នឹងមានផ្លែរាងមូលទ្រុឌនៅខាងចុង មានរោមទំពក់ជុំវិញផ្លែ ហើយផ្លែ១មានក្លែប៥ ក្នុង១ក្លែបមាន១គ្រាប់។ ផ្លែកញ្ជាន់អាចម៍ជ្រូកមានរសជាតិ ផ្អែមឡែមៗហឺរ មិនក្ដៅ មិនត្រជាក់។
ឯកសារយោង
អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)
បោះពុម្ភឆ្នាំ២០០៦