(+855) 11 909 020 / 69 909 011

សង្រ្គោះបឋម និងវិធីបង្ការជំងឺឆ្កែឆ្កួត 

ជំងឺឆ្កែឆ្កួត គឺជាជំងឺដែលបង្កឡើងដោយវីរុសម្យ៉ាង (វីរុសឆ្កែឆ្កួត) ដែលរស់នៅក្នុងទឹកមាត់សត្វ ហើយនៅពេលដែលយើងត្រូវបានសត្វខាំ វីរុសនោះនឹងរាលដល់តាមប្រព័ន្ធប្រសាទ រហូតមកដល់ប្រព័ន្ធសរសៃប្រសាទកណ្តាលរបស់ជនរងគ្រោះធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល ហើយបើគ្មានការព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលានោះទេ វានឹងធ្វើឱ្យជនរងគ្រោះបាត់បង់អាយុជីវិត។ មួយវិញទៀត បើទោះបីជាសត្វកើតជំងឺឆ្កែឆ្កួត មិនបានខាំយើង តែវាបានលិតចំមុខរបួសរបស់យើង ក៏វីរុសឆ្កែឆ្កួតអាចជ្រាបចូលមកក្នុងសរសៃប្រសាទកណ្ដាលរបស់យើងបង្កជាជំងឺឆ្កែឆ្កួតបានដែរ។ 

ជំងឺឆ្កែឆ្កួត មិនសំដៅតែលើសត្វឆ្កែខាំនោះទេ សូម្បីតែសត្វប្រចៀវ ឆ្មា ស្វា និងសត្វដទៃទៀត ក៏អាចចម្លងជំងឺនេះបានដែរ ប្រសិនបើសត្វទាំងនោះផ្ទុកវីរុសជំងឺឆ្កែឆ្កួត។  

- សត្វឆ្កែ ឬសត្វចិញ្ចឹមផ្សេងៗទៀតដែលកើតជំងឺឆ្កែឆ្កួត៖ បើសង្កេតឃើញឆ្កែរបស់លោកអ្នក ឬសត្វចិញ្ចឹមរបស់លោកអ្នកមានរោគសញ្ញាបែបនេះ បញ្ជាក់ថា វាកំពុងតែកើតជំងឺឆ្កែឆ្កួត ដូចជា សត្វចិញ្ចឹមចេញសកម្មភាពប្លែកៗ បែកពពុះមាត់ ស៊ីមិនសូវបាន ជួនកាលដេញខាំគេឯង ឬម្ចាស់ជាដើម។ ដូច្នេះ លោកអ្នកគួរតែសហការជាមួយអ្នកជំនាញដើម្បីដោះស្រាយបញ្ហានេះជាបន្ទាន់។   

- រោគសញ្ញានៃជនរងគ្រោះឆ្លងជំងឺឆ្កែឆ្កួត៖ ជនរងគ្រោះ ជាពិសេសក្មេងៗឆ្លងពិសឆ្កែឆ្កួត តែងមានអាការក្អួតចង្អោរ ឈឺក្បាល ស្រេកទឹក ពិបាកទ្រាំក្នុងខ្លួន(នៅមិនសុខ) មានអារម្មណ៍ថប់ៗខ្យល់ពិបាកដកដង្ហើម។ បើធ្ងន់ធ្ងរ ជនរងគ្រោះនឹងបញ្ចេញអាការពិបាកទ្រាំក្នុងខ្លួន និងពិបាកដង្ហើមរហូតស្លាប់បាត់បង់អាយុជីវិត។  

តែយ៉ាងណាមិញ គេសង្កេតឃើញថា ភាគច្រើននៃជនរងគ្រោះកើតជំងឺឆ្កែឆ្កួតកើតចេញពីការខាំរបស់សត្វឆ្កែ។ ដូច្នេះ យើងម្នាក់ៗគួរតែចេះវិធីសង្រ្គោះបឋម និងវិធីបង្ការខ្លួនពីជំងឺឆ្កែឆ្កួត។  

- វិធីសង្រ្គោះបឋម៖ បើលោកអ្នកត្រូវបានឆ្កែខាំ ឬខ្វាច ដោយសង្ស័យថា ឆ្កែនោះឆ្កួត សូមលោកអ្នកប្រញាប់លាងមុខរបួសជាមួយទឹកសាប៊ូដោយទុកក្នុងរយៈពេលប្រមាណ ១៥ នាទី ឬលាងរបួសជាមួយទឹកថ្នាំលាងរបួស និងទឹកអាកុល។ បន្ទាប់មក សូមអញ្ជើញប្រញាប់រុះរាន់មកមន្ទីពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា ចៀសវាងបាត់បង់អាយុជីវិត។ ដោយឡែក ប្រសិនបើមានមន្ទីរពេទ្យ ឬមណ្ឌលសុខភាពនៅជិតផ្ទះរបស់លោកអ្នក លោកអ្នកអាចអញ្ជើញមកទទួលយកសេវាព្យាបាលតែម្ដង។ (ចំណាំ៖ សូមកុំប្រើប្រាស់វិធីសាស្ត្របុរាណ ពិសេសកុំយកក្រណាត់ ឬកន្សែងរុំលើមុខរបួសឱ្យសោះ)។

- វិធីបង្ការជំងឹឆ្កែឆ្កួត៖ បើលោកអ្នកចិញ្ចឹមឆ្កែ សូមយកសត្វឆ្កែរបស់លោកអ្នក មកចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត។ ការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតឱ្យសត្វឆ្កែ គឺជួយបង្ការជំងឺឆ្កែឆ្កួតយ៉ាងមានប្រសិទ្ធភាពដល់ ៧០ ភាគរយ។ 

ចំណាំ៖ បើលោកអ្នកត្រូវបានសត្វខាំ មិនថាសត្វឆ្កែ ប្រចៀវ ស្វា ឬឆ្មារ ឬសត្វដទៃទៀត សូមអញ្ជើញមកព្យាបាលនៅមន្ទីរពេទ្យភ្លាមៗឱ្យបានទាន់ពេលវេលា ចៀសវាងគ្រោះថ្នាក់បាត់បង់អាយុជីវិត៕  

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម​ (Sokhakrom)