(+855) 11 909 020 / 69 909 011

ជ្រាំងអណ្ដាត ជាអ្វី? 

ក្នុងលក្ខខណ្ឌមួយទាក់ទងនឹងអណ្ដាត ដែលមានការប្រមូលផ្ដុំគ្នានៃពពួកផ្សិត និងបាក់តេរីដែលរស់នៅក្នុងមាត់ស្រាប់ ហើយពួកវាមានការលូតលាស់យ៉ាងខ្លាំង បណ្ដាលឱ្យមានកំណកពណ៌សជាប់ស្អិតនៅលើអណ្តាត ហៅថា ជ្រាំងអណ្ដាត។ ក្រៅពីកើតលើអណ្តាត វាក៏អាចរាលដាលដល់ថ្ពាល់ខាងក្នុងរបស់អ្នក មាត់ អញ្ចាញធ្មេញ និងរហូតដល់បំពង់ក ហើយការមិនព្រមព្យាបាលជ្រាំងអណ្ដាតឱ្យបានឆាប់ វានឹងបង្កឱ្យមានការឈឺចុកចាប់ កើតមានដំបៅ ក្រហម ហូរឈាម។                                                                                                                                                                                                                           

ជ្រាំងអណ្តាត អាចប៉ះពាល់ដល់មនុស្សគ្រប់វ័យពិសេសក្មេងតូចៗ ព្រោះពួកគេមានប្រព័ន្ធការពាររាងកាយនៅខ្សោយ ចំពោះមនុស្សធំដែលមានប្រព័ន្ធភាពស៊ាំការពាររាងកាយថយចុះ លក្ខខណ្ឌសុខភាពមួយចំនួន ឬដោយសារការប្រើថ្នាំ។ គួរបញ្ជាក់ថា ជ្រាំងអណ្តាលគឺជាបញ្ហាស្រាលប្រសិនអ្នកមានសុខភាពល្អ ប៉ុន្តែ ប្រសិនអ្នកមានប្រព័ន្ធភាពស៊ាំការពាររាងកាយខ្សោយវាអាចវិវឌ្ឍកាន់តែធ្ងន់ធ្ងរ និងពិបាកក្នុងការគ្រប់គ្រង។

១. រោគសញ្ញាជ្រាំងអណ្ដាត 
ជាទូទៅ រោគសញ្ញានៃជ្រាំងអណ្ដាតមិនច្បាស់លាស់នោះទេ ដែលធ្វើឱ្យយើងពិបាកកំណត់រោគសញ្ញា តែយើងអាចកត់សម្គាល់ពីរោគសញ្ញារបស់វាបាន ដែលរួមមាន៖
- ដំបៅពណ៌សក្នុងក្រអូមមាត់ លើអណ្តាត ថ្គាមខាងក្នុង និងជួនកាលនៅអញ្ចាញធ្មេញរបស់អ្នក
- រាលដាលតិចតួច ឬចេញជាការរលាកក្រហម ឈឺ និងអាចធ្ងន់ធ្ងរដល់ថ្នាក់ពិបាកក្នុងការទទួលទាន ឬលេបអាហារ
- អាចមានហូរឈាមបន្តិចបន្តួច បើសិនជាដំបៅត្រូវបានជូត ឬរបកចេញ
- ក្រហាយ និងក្រហមនៅតាមគែមមាត់របស់អ្នក
- ការបាត់បង់រសជាតិ
- ឡើងក្រហម រលាក និងឈឺក្រោមសរសៃធ្មេញជាដើម។

២. ភាពធ្ងន់ធ្ងរនៃជ្រាំងអណ្តាតមានអ្វីខ្លះ?
ជាទូទៅផលវិបាកធ្ងន់ធ្ងរនៃជ្រាំងអណ្ដាត គឺជាប់ទាក់ទងទៅនឹងជំងឺ បានន័យថា អ្នកកើតជំងឺមហារីក ឬអ្នកមានប្រព័ន្ធការពាររាងកាយចុះខ្សោយដោយសារជំងឺអេដស៍ ប្រសិនបើអ្នកជំងឺទាំងនោះកើតជ្រាំងអណ្ដាត វានឹងរាលដាល់ដល់បំពង់អាហារពួកគេ អាចធ្វើឲ្យអ្នកពិបាកលេបអាហារ ឈឺ ឬមានអារម្មណ៍ថាអួលអាហារជាប់ក្នុងបំពង់ក។
ចំពោះក្មេង និងម្តាយដែលបំបៅដោះកូន អាចសង្កេតឃើញថាក្មេងពិបាកបៅ ឬមួម៉ៅ និងឆាប់យំ ម៉្យាង ក្មេងអាចចម្លងមេរោគដល់ម្តាយរបស់គេក្នុងអំឡុងពេលបៅទៀតផង ដែលវាអាចនឹងឆ្លងត្រឡប់ទៅវិញពីសុដន់ម្តាយទៅក្នុងមាត់កូន។ ករណីស្ត្រីឆ្លងមេរោគផ្សិតនេះនៅលើសុដល់ អាចមានសញ្ញាសម្គាល់ដូចជា ក្បាល់សុដន់ពណ៌ក្រហម រមាស់ ឈឺអំឡុងពេលបៅជាដើម។ 

៣. វិធីព្យាបាល
ដំបូន្មានល្អបំផុត ទោះបីអ្នកស្ថិតនៅក្នុងលក្ខខណ្ឌណាមួយក៏ដោយ ប្រសិនបើលោកអ្នកសង្ស័យថាខ្លួនផ្ទាល់ ឬសមាជិកណាម្នាក់កើតជ្រាំងអណ្ដាត សូមអញ្ជើញប្រញាប់រុះរាន់ធ្វើការណាត់ជួប និងពិភាក្សាជាមួយវេជ្ជបណ្ឌិតឲ្យបានលឿបំផុតដើម្បីព្យាបាល ចៀសវាងទុកឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។ 

៤. វិធីបង្ការជ្រាំងអណ្ដាត
ដើម្បីបន្ថយហានិភ័យនៃការប្រឈមជ្រាំងអណ្ដាត សូមលោកអ្នកអនុវត្តតាមការណែនាំខាងក្រោមនេះ៖
- ប្រើប្រាស់ទឹកខ្ពុរមាត់ជាប្រចាំ 
- ដុះសម្អាតធ្មេញយ៉ាងហោចណាស់ឱ្យបាន២ដងក្នុងមួយថ្ងៃ
- ប្រើខ្សែទាក់សម្អាតធ្មេញជាប្រចាំ
- បន្ថយការញ៉ាំអាហារដែលមានជាតិផ្អែម 
- ចំពោះអ្នកជំងឺទឹកនោមផ្អែម គួរតែគ្រប់គ្រងជំងឺរបស់ខ្លួនឱ្យបានល្អ ទើបបន្ថយការប្រឈមជ្រាំងអណ្ដាត។

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (SOKHAKROM)