(+855) 11 909 020 / 69 909 011

បើឃើញរោគសញ្ញានេះ គឺដឹងតែកើតជំងឺឆ្កួតជ្រូកហើយ

ឆ្កួតជ្រូក គឺជាជំងឺប្រព័ន្ធប្រសាទរ៉ាំរ៉ៃទាក់ទងនឹងខួរក្បាល ឬបណ្តាល​មក​ពី​បន្ទុកអគ្គិសនី​ក្នុង​ខួរ​កោសិកា​ក្បាល​ខុស​ប្លែក​ពី​ធម្មតា ដែលបង្កឱ្យមានការប៉ះទង្គិតទៅលើសតិស្មាតីក្នុងរយៈពេលខ្លីរបស់អ្នកជំងឺ ហើយអ្នកជំងឺអាចមានអាការពិបាកគ្រប់គ្រងខ្លួនឯង ប្រកាច់ និងដួលបែកពពុះមាត់ភ្លាមៗ​ជាដើម​។ 

មូលហេតុបង្កឱ្យកើតជំងឺឆ្កួតជ្រូកមានដូចជា តំណពូជ និងការប៉ះទង្គិចខួរក្បាល (រលាក​សាច់​ខួរក្បាល រលាក​ស្រោមខួរ ឬ​រង​ការ​ប៉ះទង្គិច​ខួរក្បាល​ខ្លាំង ស្ទះ​ឬ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ដុំ​សាច់​ដុះ​ក្នុង​ខួរក្បាល និង​ការ​លូតលាស់​ខួរក្បាល​មិន​ប្រក្រតី​ជាដើម)។ 

ជាទូទៅនៅពេលដែលជំងឺឆ្កួតជ្រូករើឡើងម្ដងៗ អ្នកជំងឺមានអាការ​ប្រកាច់ ឬ​កន្ត្រាក់​សាច់ដុំ​ទាំងអស់​នៃ​ដងខ្លួន បែកពពុះមាត់ ភ្នែក​ស្លឺ​ឡើង​លើ ខាំ​គែម​អណ្ដាត ហើយ​សន្លប់​បាត់ស្មារតី​មួយសន្ទុះ លុះក្រោយមកក៏ដឹងខ្លួនឡើងវិញ និងភ្លេចរឿងរ៉ាវដែលកើតឡើងមុននេះ។ 

ជួនកាលទៀត អ្នកជំងឺឆ្កួតជ្រូក នៅពេលដែលជំងឺរើឡើង គាត់ពុំបានបាត់បង់ស្មារតីនោះទេ ដោយគ្រាន់តែមានរោគសញ្ញា ឬអាការដូចជា បាត់ស្មារតី​មួយ​ភ្លែត ភ្នែក​សម្លឹង​ទៅ​លើ​របស់​អ្វីមួយ​ជាប់ កាត់ផ្ដាច់ទំនាក់ទំនងជាមួយមនុស្សនៅជុំវិញ និងរោគសញ្ញាខ្លះទៀតអាចជា កន្ត្រាក់​ផ្នែក​ណាមួយ​នៃ​សាច់ដុំ ស្រវាំងភ្នែក ហ៊ឹង​ត្រចៀក ធុំក្លិន​ចម្លែក រក​ពាក្យ​និយាយ​មិនឃើញ ឬ​ពិបាកនិយាយ។

ចំណាំ៖ យើងមិនគួរបណ្ដោយឱ្យអ្នកជំងឺឆ្កួតជ្រូកទៅណាមកណាតែម្នាក់ឯង និងជាពិសេសចុះទឹក (បឹង ស្ទឹង ព្រែក ទន្លេ...) ព្រោះវាពិតជាមានហានិភ័យខ្ពស់ណាស់ នៅពេលដែលជំងឺរើឡើង៕  

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)