ខួរក្បាលផ្ទុកនូវកោសិកាប្រសាទរាប់លានដែលមានតួនាទីសម្របសម្រួល អារម្មណ៍ អាកប្បកិរិយា ចលនា និងញាណ។ បណ្តាញផ្លូវដ៏សាំញ៉ាំនៃសរសៃប្រសាទភ្ជាប់ខួរក្បាលរបស់អ្នកទៅគ្រប់ទីតាំងនៃរាងកាយ ដូច្នេះ ហើយការទាក់ទងរបស់វា គឺប្រើពេលត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ។ ករណីដែលដំណភ្ជាប់ទាំងនេះត្រូវបានរំខាន នោះតួនាទីនៃការសម្របសម្រួល ត្រូវបានកាត់ផ្តាច់ ដែលជាលទ្ធផលនៃជំងឺម៉្យាងហៅថា ពិការខួរក្បាល។
១. តើអ្វីជាជំងឺពិការខួរក្បាល?
ជំងឺពិការខួរក្បាល គឺជាវិបត្តិ ឬផលប៉ះពាល់ទៅលើចលនា សាច់ដុំ ឥរិយាបទ ស្តែងជាភាពមិនពេញវ័យ គ្មានការលូតលាស់ខួរក្បាល ជាញឹកញាប់មុនពេលកើត ដែលរោគសញ្ញាលេចឡើងក្នុងកំឡុងពេលទារកតូច។
ជាទូទៅ ជំងឺពិការខួរក្បាលបណ្តាលមកពីខ្សោយចលនារួមនឹងភាពមិនធម្មតានៃការឆ្លើយតប ភាពរឹងនៃអវយវៈ មានចលនាឯងៗ ដើរមិនឈប់ឈរ។ ក្រៅពីនេះ អ្នកជំងឺពិការខួរក្បាលអាចមានបញ្ហាក្នុងការលេប និងមានអតុល្យភាពសាច់ដុំភ្នែកដែលភ្នែកមិនផ្តោតលើវត្ថុដូចគ្នា ថយចុះនៃចលនានៅសន្លាក់ផ្សេងៗនៃខ្លួនប្រាណដោយសារតែសាច់ដុំរឹង។ គួរបញ្ជាក់ថា អ្នកជំងឺពិការខួរក្បាលមួយចំនួន អាចដើរបានខណៈពេលដែលអ្នកផ្សេងទៀតមិនអាចដើរបាន។ មនុស្សខ្លះបង្ហាញពីសមត្ថភាពបញ្ញាធម្មតា ប៉ុន្តែអ្នកខ្លះអាចមានពិការភាពខាងបញ្ញា មានជំងឺឆ្កួតជ្រូកពិការភ្នែក ឬថ្លង់ផងដែរ។
២. មូលហេតុបង្កជំងឺ
ជំងឺពិការខួរក្បាលបណ្តាលមកពីភាពមិនប្រក្រតី ឬការរំខានដល់ការអភិវឌ្ឍខួរក្បាលជាធម្មតាមុនពេលកូនកើត (ទារកក្នុងផ្ទៃទទួលរងការរំខានដល់ការអភិវឌ្ឍខួរក្បាល) រួមមាន៖
• ការផ្លាស់ប្តូរហ្សែន
• ការឆ្លងមេរោគរបស់មាតា
• ជំងឺដាច់សរសៃឈាមខួរក្បាល ការរំខានដល់ការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាលកំពុងលូតលាស់
• ទារករងរបួសក្បាល
• កង្វះអុកស៊ីសែនទៅកាន់ខួរក្បាល។
កត្តាហានិភ័យចម្បងដែលអាចឱ្យកូនរបស់លោកអ្នក ប្រឈមខ្លាំងនឹងជំងឺពិការខួរក្បាលនេះគឺ ការឆ្លងមេរោគមួយចំនួនពីម្ដាយ ជាក់ស្ដែង ម្ដាយមានបញ្ហាសុខភាពក្នុងអំឡុងពេលមានផ្ទៃពោះ ដូចជា ជំងឺកញ្ជ្រិល ស្អូច ជំងឺអុតស្វាយ ការឆ្លង Cytomegalovirus Herpes Toxoplasmosis ការប៉ះពាល់នឹងជាតិពុល និងការឆ្លងមេរោគ Zika ជាដើម។
រឿងសំខាន់បំផុតគឺការទទួលបានការធ្វើរោគវិនិច្ឆ័យភ្លាមៗចំពោះសញ្ញាទាំងនោះ ចៀសវាងភាពយឺតយ៉ាវដែលនាំឲ្យកូនរបស់អ្នកវិវឌ្ឍកាន់តែធ្ងន់ធ្ងរ។ សូមទៅជួបគ្រូពេទ្យប្រសិនបើអ្នកមានចម្ងល់ ឬការព្រួយបារម្ភអំពីការបាត់បង់ការយល់ដឹងជុំវិញ ដំណើរការចលនា ឬកាយវិការមិនធម្មតាដែលត្រូវបានគេស្គាល់ផងដែរថាការប្រកាច់ សាច់ដុំមិនធម្មតា ការសម្របសម្រួលខ្សោយ ការលេបការលំបាក អតុល្យភាពសាច់ដុំភ្នែក ឬបញ្ហាអភិវឌ្ឍដទៃទៀត និងរកដំណោះស្រាយសមស្របសម្រាប់កូនអ្នក៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)