(+855) 11 909 020 / 69 909 011

យល់ដឹងពី ជំងឺរើមដំរី 

អ្នកប្រហែលធ្លាប់ឆ្លងកាត់បទពិសោធនៃការកើតរើមដំរី ឬយ៉ាងហោចណាស់ក៏ធ្លាប់បានឮ ប៉ុន្តែតើអ្នកស្គាល់វាច្បាស់ឬទេ? តើវាអាចព្យាបាលឲ្យជាដាច់បានឬទេ?

១. តើអ្វីទៅជាជំងឺរើមដំរី? 
រើមដំរី គឺជាជំងឺពងបែកបន្ទះមូលៗលើស្បែក បង្កឡើងដោយពពួកវីរុស ធ្វើឲ្យមានការឈឺចាប់ខ្លាំង និងអាចកើតគ្រប់កន្លែងនៃរាងកាយ។ 

២. រោគសញ្ញា
លោកអ្នកសង្ស័យថាខ្លួនឯងកំពុងមានបញ្ហានេះ ដោយសង្កេតឃើញនូវសញ្ញានៃការឈឺចាប់ រលាក ស្ពឹក មានប្រតិកម្មពេលប៉ះ ឡើងកន្ទួលក្រហម មានពងទឹក រមាស់ រួមជាមួយអាការៈក្រៅខ្លួន ឈឺក្បាល ប្រតិកម្មនឹងពន្លឺ និងអស់កម្លាំងជាដើម។ វាកើតឡើងអាស្រ័យតាមទីតាំងនីមួយៗ ដែលភាគច្រើននៅចំហៀងណាមួយនៃដងខ្លួន និងពេលខ្លះកើតឡើងលើរង្វង់ភ្នែក ក ឬមុខមួយចំហៀង។ គួរបញ្ជាក់ថា អ្នកជំងឺរើមអាចចម្លងទៅអ្នកផ្សេងទៀត ដោយការប៉ះផ្ទាល់លើពងបែក ពិសេសអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ស្ត្រីមានផ្ទៃពោះ និងក្មេង។

៣. ការព្យាបាល 

ថ្វីត្បិតតែ គ្មានវិធីសាស្ត្រជាក់លាក់ណាមួយដើម្បីព្យាបាលរើម ប៉ុន្តែការព្យាបាលភ្លាមៗជាមួយនឹងប្រភេទថ្នាំប្រឆាំងនឹងវីរុសអាចបង្កើនល្បឿននៃការជាសះស្បើយ និងអាចបន្ថយហានិភ័យនៃផលវិបាកនានាបានដោយប្រសិទ្ធភាព។​ ដូច្នេះហើយ ប្រសិនបើលោកអ្នកសង្ស័យថា ខ្លួនឯងកំពុងជំងឺរើមដំរី ដោយសារមានចេញរោគសញ្ញាខាងលើ សូមអញ្ជើញធ្វើការណាត់ជួបជាមួយគ្រូពេទ្យដែលនៅជិតអ្នកបំផុត ដើម្បីទទួលយកសេវាព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា។ 

៤. ការធ្វើរោគវិនិច្ឆ័យ 
ជាទូទៅ ការធ្វើរោគវិនិច្ឆ័យរើមដំរី គឺអាស្រ័យនឹងប្រវត្តិនៃការឈឺចាប់មួយចំហៀងខ្លួន រួមជាមួយពងទឹកដែលអាចឲ្យគ្រូពេទ្យបញ្ជាក់សញ្ញានៃជំងឺរើមដំរីនេះតាមការបណ្តុះមេរោគ។

៥. ផលវិបាក
ប្រសិនបើលោកអ្នកមិនបានទទួលការព្យាឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលានោះទេ ជំងឺរើមដំរីនឹងបង្កជាផលវិបាកធ្ងន់ធ្ងរដូចជា៖
• ប្រព័ន្ធប្រសាទដែលធ្វើឲ្យអ្នកឈឺចាប់ពីស្បែករហូតដល់ខួរក្បាលរបស់អ្នក
• បាត់បង់គំហើញ
• រលាកខួរក្បាល 
• ពិការភាព
• ងាយឆ្លងរោគលើស្បែក។

៦. វិធីបង្ការ
បើទោះបីរើមដំរីអាចព្យាបាលជា ហើយភាគច្រើនវាកើតត្រឹមតែម្តងសម្រាប់មនុស្សម្នាក់ក៏ដោយ តែក៏មានករណីខ្លះអាចកើត២ ឬច្រើនដងបន្តទៀតដែរ។ ទោះជាយ៉ាងណា អ្នកក៏អាចធ្វើការការពារខ្លួនពីជំងឺរើមដំរីនេះបាន ដោយការចាក់វ៉ាក់សាំងការពារ។

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)