(+855) 11 909 020 / 69 909 011

តើហេតុអ្វីបានជាភ្នែក និងស្បែកខ្ញុំលឿង ឬខ្ញុំកើតខាន់លឿង? 

ខាន់លឿងសំដៅដល់ភាពលឿងនៃស្បែក និងភ្នែក ដែលមិនមែនជាជំងឺនោះទេ តែវាជារោគសញ្ញាមួយដែលអាចបញ្ជាក់ថា អ្នកកើតខាន់លឿង កំពុងតែមានផ្ទុកជំងឺមួយចំនួនក្នុងខ្លួន។ 

រោគសញ្ញាខាន់លឿង កើតឡើងនៅពេលដែលថ្លើមរបស់អ្នកមិនធ្វើមេតាបូលីស ប៊ីលីរុយប៊ីនដូចសព្វដង ហើយប៊ីលីរុយប៊ីនកើនឡើងច្រើននៅក្នុងប្រព័ន្ធនៃរាងកាយរបស់អ្នក។ ប៊ីលីរុយប៊ីនជាជាតិពណ៌លឿង ដែលបង្កើតឡើងដោយកោសិកាឈាមក្រហមដែលស្លាប់នៅក្នុងថ្លើម។ ជាទូទៅ ថ្លើមបញ្ចេញប៊ីលីរុយប៊ីន រួមជាមួយនឹងកោសិកាឈាមក្រហមចាស់ៗ។

រោគសញ្ញាខាន់លឿងនេះ ច្រើនកើតឡើងលើក្មេងទើបនឹងកើត ពិសេសលើក្មេងកើតមិនគ្រប់ខែ ដោយហេតុថា សរីរាង្គថ្លើមរបស់គេមិនទាន់លូតលាស់បានពេញលក្ខណៈ។

មួយវិញទៀត ថ្វីត្បិតតែជាតិបែលតាការ៉ូតែន មិនមែនជាមូលហេតុនៃខាន់លឿង តែចំពោះអ្នកកើតខាន់លឿងដោយចេញរោគសញ្ញាស្បែកលឿង អាចបណ្ដាលមកពីជាតិបែលតាការ៉ូតែនច្រើនខ្លាំងក្នុងស្បែក។ គួរបញ្ជាក់ផងដែរថា បែលតាការ៉ូតែន ជាអង់ទីអុកស៊ីដង់មួយប្រភេទត្រូវបានរកឃើញក្នុងអាហារដូចជាការ៉ុត ល្ពៅ និងដំឡូងជ្វា។

១. មូលហេតុបង្ករោគសញ្ញាខាន់លឿង
ដូចបានជ្រាបស្រាប់ហើយថា ខាន់លឿង ជារោគសញ្ញានៃជំងឺ ដូចជា ការទទួលទានអាល់កុលមិនត្រឹមត្រូវ មានបញ្ហាថ្លើមដូចជា ក្រិនថ្លើម រលាកថ្លើម (ប្រភេទ A ប្រភេទ B ប្រភេទ C ប្រភេទ D និងប្រភេទ E) គ្រួសក្នុងថង់ទឹកប្រមាត់ មហារីកលំពែង កង្វះ G6PD និងរលាកលំពែងស្រួចស្រាវ។ បញ្ហាឈាមផ្សេងទៀតដូចជា ខ្វះគ្រាប់ឈាម និងការប្រើថ្នាំបារ៉ារសេតាមុលលើសកម្រិតជាដើម។ បានន័យថា អ្នកកើតជំងឺទាំងនោះ អាចនឹងចេញរោគសញ្ញាខាន់លឿងផងដែរ។ 

២. រោគសញ្ញា 
ជាទូទៅ រោគសញ្ញានៃខាន់លឿង គឺកំពុងតែបញ្ជាក់ថា អ្នកកំពុងតែជួបនឹងបញ្ហាធ្ងន់ធ្ងរមួយ រួមនឹងមុខងារកោសិកាឈាមក្រហម ថ្លើម ប្រមាត់ ឬលំពែងរបស់អ្នក។
- រមាស់លើស្បែក ឈឺចុងដង្ហើម ឫផ្នែកខាងក្រោយឆ្អឹងជំនឺខាងស្តាំ អស់កម្លាំង ក្អួត និងអាចស្ទាបប៉ះដុំពោះ។ 
- រោគសញ្ញាផ្សេងៗទៀតដូចជា ទឹកនោមពណ៌ក្រម៉ៅ និងលាមកមិនសូវមានពណ៌ ឬស្រាល។
- រោគសញ្ញាធ្ងន់ធ្ងរគឺ ផ្នែកពណ៌សនៃភ្នែករបស់អ្នកប្តូរទៅជាពណ៌ត្នោត ឬទឹកក្រូច។  

បើលោកអ្នកសង្ស័យថា ខ្លួនកំពុងតែកើតរោគសញ្ញាខាន់លឿង សូមអញ្ជើញរុះរាន់មកជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដើម្បីតាមដាន ពន្យាបាល និងទប់ស្កាត់ហានិភ័យកាន់តែធ្ងន់ធ្ងរ៕ 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)