(+855) 11 909 020 / 69 909 011

តួនាទីដ៏សំខាន់នៃខួរឆ្អឹងរបស់យើង

ឆ្អឹងនៃប្រព័ន្ធគ្រោងឆ្អឹងរបស់អ្នកបំពេញមុខងារជាច្រើនសម្រាប់រាងកាយ ចាប់ពីការគាំទ្ររាងកាយដើម្បីឲ្យអ្នកអាចបំលាស់ទីបាន វាក៏ដើរតួជាអ្នកផលិតកោសិកាឈាម និងស្តុកជាតិខ្លាញ់ផងដែរ។ ចំណែកឯ ជាលិកាទន់នៅក្នុងឆ្អឹង គឺជាខួរឆ្អឹង ដែលត្រូវបានចែកចេញ ជា២ប្រភេទ គឺខួរឆ្អឹងក្រហម និងខួរឆ្អឹងលឿង តាមមុខងារ និងតួនាទីផ្សេងៗគ្នា។
ខួរឆ្អឹងរបស់អ្នកមានតួនាទីអ្វីខ្លះ?
ខួរឆ្អឹងក្រហម៖ ជាប់ពាក់ព័ន្ធនឹងការផលិតកោសិកាឈាម ដែលមានកោសិកាដើមហៅថា Hematopoietic ត្រូវបានគេរកឃើញនៅក្នុងខួរឆ្អឹងក្រហម ហើយអាចវិវឌ្ឍទៅជាកោសិកាឈាមខុសៗគ្នាជាច្រើនរួមមាន៖
•    កោសិកាឈាមក្រហម មានតួនាទីដឹកនាំឈាមសម្បូរដោយអុកស៊ីសែនទៅកាន់កោសិកាផ្សេងៗនៃរាងកាយ
•    ប្លាកែត ជួយដល់កំណកឈាមរបស់អ្នក និងការពារការហូរឈាមដែលមិនអាចគ្រប់គ្រងបាន
•    កោសិកាឈាមស មានច្រើនប្រភេទដែលមាននាទីជួយរាងកាយរបស់អ្នកប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។
នៅពេលដែលកោសិកាឈាមផលិតថ្មីៗពេញវ័យ វានឹងចូលក្នុងចរន្តឈាមតាមរយៈសរសៃឈាមហៅថា ស៊ីនុយសូអ៊ីត (Sinusoids)។
កាលណាអ្នកកាន់តែចាស់ ខួរឆ្អឹងក្រហម គឺត្រូវបានជំនួសដោយខួរឆ្អឹងលឿង ហើយពេលពេញវ័យ ខួរឆ្អឹងក្រហមអាច មានតែនៅក្នុងប្រភេទឆ្អឹងមួយចំនួនប៉ុណ្ណោះដូចជា ឆ្អឹងក្បាល ឆ្អឹងខ្នង ឆ្អឹងជំនីរ ចុងឆ្អឹងដៃខាងលើ ឆ្អឹងត្រគាក ចុងឆ្អឹងភ្លៅ និងឆ្អឹងកំភួនជើង។
ខួរឆ្អឹងលឿង៖ មាននាទីស្តុកទុកនូវជាតិខ្លាញ់ ហៅថា adipocytes ដែលអាចត្រូវបានប្រើប្រាស់សម្រាប់ជាប្រភពថាមពល តាមតម្រូវការ។ វាមានកោសិកាដើមហៅថា mesemchymal ដែលអាចវិវឌ្ឍទៅជាឆ្អឹង ជាតិខ្លាញ់ ឆ្អឹងខ្ចី ឬកោសិកាសាច់ដុំ។ អ្នកត្រូវចងចាំថា ខួរឆ្អឹងលឿងអាចចាប់ផ្តើមជំនួសខួរឆ្អឹងក្រហម ដូច្នេះ ឆ្អឹងភាគច្រើនចំពោះរាងកាយមនុស្សពេញវ័យ មានខួរឆ្អឹងលឿង។
តើអ្នកអាចនឹងមានបញ្ហាខួរឆ្អឹងឬទេ?
ជាក់ស្តែង ខួរឆ្អឹងរបស់អ្នកដើរតួជាកត្តាសំខាន់បំផុតក្នុងការផលិតកោសិកាឈាម ដូច្នេះ ប្រសិនឈាមមានបញ្ហានោះ អ្នកអាចកំពុងមានបញ្ហាលើខួរឆ្អឹងដូច្នេះដែរ។ កត្តាហ្សែន និងបរិស្ថានដែលអ្នករស់នៅ អាចមូលហេតុនៃផលប៉ះពាល់ ដល់ចំនួនកោសិកាឈាមផលិតក្នុងខួរឆ្អឹង ហើយអ្នកនឹងដឹងបានតាមរយៈសញ្ញាដូចជា៖
•    គ្រុនក្តៅ ដែលជាលទ្ធផលនៃការគ្មានកោសិកាឈាមសមានសុខភាពល្អគ្រប់គ្រាន់
•    អស់កម្លាំង ឬខ្សោយ បណ្តាលមកពីខ្វះអេម៉ូក្លូប៊ីន ដែលជាប្រូតេអ៊ីនដឹកនាំអុកស៊ីសែននៅលើកោសិកាឈាមក្រហម
•    កើនការឆ្លងមេរោគ ដោយហេតុថាកោសិកាឈាមសមានសុខភាពល្អដែលជួយប្រឆាំងការឆ្លងរោគ មានចំនួនតិចតួច
•    ដង្ហើមខ្លី ព្រោះតែមានការថយចុះនូវកោសិកាឈាមក្រហម ជាលទ្ធផលនេះកង្វះអុកស៊ីសែន ដែលត្រូវនាំទៅកាន់គ្រប់ជាលិកាក្នុងរាងកាយរបស់អ្នក
•    ងាយហូរឈាម និងមានស្នាមជាំ ដោយសារប្លាកែតសុខភាពល្អដែលជួយឲ្យឈាមកក មានចំនួនតិចខុសធម្មតា។
គួរបញ្ជាកផងដែរថា ប្រសិនអ្នកសង្កេតឃើញអាការៈខាងលើកើតឡើងនោះ អ្នកត្រូវបានសង្ស័យថាជាលទ្ធផលនៃជំងឺ បង្កឡើងនៅលើកោសិកាដើម៖
•    មហារីកឈាម៖ ខួរឆ្អឹងបង្កើតកោសិកាឈាមសមិនធម្មតា
•    ខ្វះគ្រាប់ឈាម៖ ខួរឆ្អឹងមិនផលិតកោសិកាឈាមក្រហម
•    Myeloproliferativ disorders៖ ខួរឆ្អឹងបង្កើតកោសិកាឈាមសច្រើនពេក
•    ជំងឺផ្សេងទៀតដូចជា មហារីកកូនកណ្តុរ ជាដើម។
ដោយសារតែសារសំខាន់មិនអាចកាត់ថ្លៃបាននៃខួរឆ្អឹង និងផលប៉ះពាល់ធ្ងន់ធ្ងរគួរឲ្យខ្លាច ដូច្នេះហើយ ការរកឲ្យឃើញបានលឿន និងព្យាបាលទាន់ពេលវេលា ជាមួយគ្រូពេទ្យឯកទេសជំងឺឈាម ត្រូវបានណែនាំជាចាំបាច់ បើអ្នកកំពុងមានសញ្ញាសង្ស័យខាងលើ។ 

-ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម