ភ្នែកក្រហម (Conjunctivitis) គឺជាជំងឺឆ្លងបង្កឡើងដោយការរលាកភ្នាស់ពណ៌សនៃគ្រប់ភ្នែក។ បើអ្នកជំងឺកើតជំងឺភ្នែកក្រហមមួយចំហៀង ហើយមានការយឺតយ៉ាវក្នុងការព្យាបាល នោះវានឹងឆ្លងរាលដាលទៅកាន់ភ្នែកមួយចំហៀងទៀត។
១. រោគសញ្ញា 
- មានអារម្មណ៍រកាំភ្នែក 
- ហើមត្របកភ្នែក 
- ហូរទឹកភ្នែកច្រើន 
- ស្រវាំងភ្នែក 
- វាអាចឆ្លងទៅភ្នែកម្ខាងទៀតក្នុងរយៈពេលមួយអាទិត្យ 
២. មូលហេតុបង្ក
- ឆ្លងតាមរយៈដៃកខ្វក់ដែលមានផ្ទុកមេរោគ ឬ បាក់តេរីយកមកប៉ះពាល់ដោយផ្ទាល់នឹងភ្នែក 
- អាចមកពីសារធាតុគីមីនៅតាមខ្យល់អាកាសហុយប៉ះកកិតខ្លាំងទៅលើកែវភ្នែក ។ 
៣. វិធីការពារ
- យើងត្រូវប្រាកដថា រាល់សម្ភារៈដែលប៉ះពាល់នឹងកែវភ្នែក ដូចជា កន្សែង សម្លៀកបំពាក់...គឺស្អាតជានិច្ច។ 
- សម្រាប់អ្នកចូលចិត្តហែលទឹក គួរប្រើប្រាស់វែនតាការពារភ្នែក ព្រោះជាតិក្លរក្នុងទឹកអាចធ្វើឱ្យភ្នែកក្រហមបាន។ 
៤.  វិធីព្យាបាល និងកាត់បន្ថយអាការនៃជំងឺភ្នែកក្រហម 
ជាធម្មតា ជំងឺភ្នែកក្រហម នឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល ១ ទៅ ២ សប្ដាហ៍ បូកផ្សំដោយការប្រើប្រាស់ថ្នាំបន្តក់ភ្នែក ឬថ្នាំផ្សះដែលមានការណែនាំពីគ្រូពេទ្យ។ 
ក្រៅពីនេះ យើងអាចព្យាបាលជាមួយនឹងវិធី ២ យ៉ាងទៀតគឺ៖
វិធីទី១៖ យកក្រណាត់ស្អាតជ្រលក់ទឹកក្ដៅឧណ្ហៗស្អំលើភ្នែករយៈពេល ៥ ទៅ ១០នាទី។ សូមអនុវត្តវិធីនេះ ៣ ទៅ ៤ដង ក្នុងមួយថ្ងៃ។ 
វិធីទី២៖ ប្រើថ្នាំអង់ទីប៊ីយូតិច តាមការណែនាំរបស់គ្រូពេទ្យមុនពេលចូលគេង ព្រោះបាក់តេរីនៃជំងឺភ្នែកក្រហមរាលដាលកាន់តែខ្លាំងនៅពេលយប់។
ដោយឡែក ក្នុងករណីដែលភ្នែកក្រហមមិនព្រមបាត់ទៅវិញក្នុងរយៈពេល ១ សប្ដាហ៍ ព្រមទាំងចេញរោគសញ្ញាមួយចំនួនថែមទៀតដូចជា ស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ឈឺភ្នែកខ្លាំង មើលមិនសូវឃើញ ឧស្សាហ៍ហៀរទឹកភ្នែក ភ្នែកកើតដំបៅដោយសារតែការរងរបួស សូមលោកអ្នកអញ្ជើញរុះរាន់ទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីព្យាបាលទាន់ពេលវេលា ចៀសវាងផលវិបាកចំពោះភ្នែកកាន់តែធ្ងន់ធ្ងរ អាចឈានដល់ការពិការភាព។
៥.  ផលវិបាក 
ផលវិបាកនៃជំងឺភ្នែកក្រហម មិនត្រឹមតែធ្វើឱ្យយើងមានការឈឺចាប់នោះទេ ថែមទាំងបង្កឱ្យមានដំបៅលើកញ្ចក់ភ្នែក មានខ្ទុះក្នុងគ្រាប់ភ្នែក និងស្វិតសរសៃបាតភ្នែក និងធ្ងន់ធ្ងរគឺធ្វើឱ្យអ្នកពិការភាព៕ 
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom