តើអ្នកធ្លាប់មានអាការៈហឹងត្រចៀកដែរឬទេ? តើវាបណ្តាលមកពីអ្វីខ្លះ? ហើយតើអ្នកតែងដោះស្រាយវាដោយរបៀបណាខ្លះ?
មានមនុស្សមិនតិចទេដែលធ្លាប់ទទួលបានបទពិសោធន៍ដ៏រំខាននៃការហឹងត្រចៀកនេះ ហោចណាក់ក៏ម្នាក់ក្នុងចំណោម៥នាក់ ធ្លាប់ឆ្លងកាត់។ វាហាក់ដូចជាសម្លេងរោទ៍ក្នុងត្រចៀក និយាយ ឬស្តាប់មិនបានពេញត្រចៀក។
១. ការហឹងត្រចៀកចែកចេញជា២ប្រភេទរួមមាន៖
• Subjective៖ ការហឹងត្រចៀកដែលអ្នកអាចស្តាប់ឮបាន និងជួបញឹកញាប់បំផុត មានការបង្កឡើងពីបញ្ហាត្រចៀកខាងក្រៅ កណ្តាល និងខាងក្នុងរបស់អ្នក រួមទាំងករណីខ្លះវាអាចបណ្តាលមកពីសរសៃប្រសាទស្តាប់ ឬផ្នែកនៃខួរក្បាលដែលបកប្រែសញ្ញាសរសៃប្រសាទទៅជាសម្លេង។
• Objective៖ ជាការហឹងត្រចៀកដែលរកឃើញដោយគ្រូពេទ្យបន្ទាប់ពីធ្វើការពិនិត្យ។ ប្រភេទនៃការហឹងត្រចៀកនេះ ជាករណីកម្រ បង្កឡើងដោយបញ្ហាសរសៃឈាម ឆ្អឹងត្រចៀកកណ្តាល ឬការកន្ត្រាក់សាច់ដុំ។
២. អ្វីខ្លះជាមូលហេតុពីក្រោយការហឹងត្រចៀកនេះ?
លក្ខខណ្ឌសុខភាពមួយចំនួនអាចបង្កឲ្យមានលេចចេញនូវសញ្ញាហឹងត្រចៀក ប៉ុន្តែគ្មានមូលហេតុណាមួយពិតប្រាកដ១០០% ត្រូវបានបង្ហាញឡើយ ដែលជាទូទៅគឺការខូចខាតកោសិកាត្រចៀកខាងក្នុង។ គួរបញ្ជាក់ថា កោសិកាសរសៃតូចឆ្មារនៃត្រចៀកផ្នែកខាងក្នុងរបស់អ្នក មានចលនាទៅតាមសម្ពាធនៃរលកសម្លេង ធ្វើឲ្យត្រចៀកបញ្ចេញនូវសញ្ញាអេឡិចត្រូនិចឆ្លងកាត់តាមសរសៃប្រសាទទៅខួរក្បាលរបស់អ្នក បន្ទាប់មកខួរក្បាលរបស់អ្នកបកប្រែសញ្ញានេះទៅជាសម្លេង។ ប្រសិនសរសៃតូចឆ្មារនៃត្រចៀកផ្នែកខាងក្នុងខូចខាត វាអាចមានការបញ្ជូនសញ្ញាអេឡិចត្រូនិកខ្លាំង ដែលជាហេតុនាំឲ្យត្រចៀករបស់អ្នកហឹង។ ក្រៅពីនេះ អាចមានមូលហេតុផ្សេងទៀតដូចជា បញ្ហាត្រចៀក បញ្ហាសុខភាពរ៉ាំរ៉ៃ និងការមានរបួស ឬលក្ខខណ្ឌដែលប៉ះពាល់ដល់សរសៃប្រសាទក្នុងត្រចៀក ឬផ្នែកនៃខួរក្បាលដែលទទួលខុសត្រូវក្នុងការឮសម្លេង។
៣. មូលហេតុទូទៅរួមមាន៖
• អាយុច្រើន៖ សម្រាប់អ្នកខ្លះ ការឮនឹងកាន់តែប៉ះពាល់តាមអាយុពិសេសចាប់ពី៦០ឆ្នាំឡើងទៅ ដែលការថយចុះនូវការស្តាប់ឮអាចបង្កឲ្យហឹងត្រចៀក (Presbycusis)
• ប៉ះជាមួយសម្លេងខ្លាំង៖ សម្លេងចេញពីរោគចក្រធន់ធ្ងន់ អាវុធ ឧបករណ៍តន្ត្រីខ្លាំងរយៈពេលយូរ
• ស្ទះលាមកត្រចៀក៖ លាមកត្រចៀកការពារត្រចៀកអ្នកពីសារធាតុកខ្វក់ និងបន្ថយការលូតលាស់របស់បាក់តេរី ប៉ុន្តែនៅពេលវាកាន់តែច្រើន នោះវានឹងផ្តុំគ្នាក្លាយជារឹងពិបាកសម្អាតតាមធម្មជាតិ បង្កឲ្យបាត់បង់សម្លេង ឬរលាកក្រដាសត្រចៀក និងនាំដល់ការហឹងត្រចៀក
• ការប្តូរទម្រង់ឆ្នឹងត្រចៀក៖ តំណពូជនៃការដុះឆ្អឹងខុសធម្មតាក្នុងត្រចៀកកណ្តាលអាចប៉ះពាល់ដល់ការស្តាប់ និងបណ្តាលឲ្យហឹតត្រចៀក។
៤. មូលហេតុកម្រផ្សេងទៀតរួមមាន៖
• Meniere’s disease៖ ការហឹងត្រចៀកដោយសារតែផលប៉ះពាល់ក្នុងត្រចៀកដែលអាចបណ្តាលមកពីសម្ពាធសារធាតុរាវមិនធម្មតានៃត្រចៀកផ្នែកខាងក្នុង។
• TMJ៖ បញ្ហាជាមួយនឹងសន្លាក់សងខាងនៃឆ្អឹងក្បាល ផ្នែកខាងមុខត្រចៀក ដែលឆ្អឹងថ្គាមជួបជាមួយឆ្អឹងលលាដ៏ក្បាលរបស់អ្នក អាចបង្កឲ្យអ្នកហឹងត្រចៀក។
• របួសក្បាល ឬក៖ ការប៉ះទង្គិចនៅទីតាំងក្បាល ឬក អាចប៉ះពាល់ផ្នែកខាងក្នុងត្រចៀក សរសៃប្រសាទ ឬមុខងារខួរក្បាលទាក់ទងនឹងការស្តាប់ អាចឲ្យអ្នកហឹងត្រចៀកតែម្ខាង។
• ដុំសាច់មិនមែនមហារីក៖ ដុំសាច់ដែលវិវឌ្ឍក្នុងសរសៃប្រសាទ រត់ពីខួរក្បាលទៅត្រចៀកផ្នែកខាងក្នុង គ្រប់គ្រងតុល្យភាព និងការស្តាប់ ដែលជាទូទៅបង្កឲ្យអ្នកហឹងត្រចៀកម្ខាង។
៥. ក្នុងករណីកម្រខ្លះអាការៈហឹតត្រចៀករបស់អ្នកអាចបណ្តាលមកពីបញ្ហាសរសៃឈាម៖
• ខ្លាញ់រុំសរសៃឈាម ដែលអាចបង្កឲ្យអ្នកហឹងត្រចៀកទាំងសងខាង
• ដុំសាច់នៅក្បាល និងក៖ ដុំសាច់ដែលសង្កត់ទៅលើសរសៃឈាមនៅក្បាល និងក អាចជាមូលហេតុនៃការហឹងត្រចៀក
• លើសសម្ពាធឈាម៖ សម្ពាធឈាមលើស និងកត្តាដែលបង្កើននូវហានិភ័យនៃការលើសសម្ពាធឈាម ដូចជា ស្ត្រេស អាល់កុល កាហ្វេអ៊ីន អាចធ្វើឲ្យអ្នកហឹតត្រចៀកគួរឲ្យកត់សម្គាល់។
ការប្រើថ្នាំមួយចំនួនអាចជាមូលហេតុ ឬធ្វើឲ្យអាការៈហឹតត្រចៀកកាន់តែធ្ងន់ធ្ងរ ដែលវានឹងបាត់ពេលអ្នកឈប់ប្រើ ដែលរួមមាន ប្រភេទថ្នាំអង់ទីប៊ីយ៉ូទិកមួយចំនួន ថ្នាំព្យាបាលមហារីក ថ្នាំបញ្ចុះទឹកនោម ថ្នាំព្យាបាលគ្រុនចាញ់ ថ្នាំប្រឆាំងការធ្លាក់ទឹកចិត្ត និងការប្រើអាស្ពីរីនកម្រិតខ្ពស់ក្នុងរយៈពេលយូរ។
កត្តាហានិភ័យផ្សេងទៀតដែលអាចឲ្យអ្នកហឹងត្រចៀកមាន កត្តាភេទពិសេសមនុស្សប្រុស អ្នកជក់បារី អ្នកមានបញ្ហាសរសៃឈាមបេះដូង។
ទោះបីពេលខ្លះវារំខានអ្នកយ៉ាងណាក៏ដោយ ជាធម្មតាវាមិនមែនជាសញ្ញាធ្ងន់ធ្ងរនោះទេ និងអាចប្រសើរឡើងវិញបន្ទាប់ពីការព្យាបាលតាមមូលហេតុបង្ក និងការប្រឹក្សាពីគ្រូពេទ្យ។
-ស្រាវជ្រាវ និង កែសម្រួលដោយ៖ សុខក្រម (Sokhakrom)