(+855) 11 909 020 / 69 909 011

សញ្ញាសម្គាល់ពីរោគសេក ឬ Psittacosis

រោគសេក ឬ Psittacosis ជាជំងឺឆ្លងកម្រមួយប្រភេទ បង្កឡើងដោយបាក់តេរីជាក់លាក់ឈ្មោះថា Chlamydia psittaci។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) ករណីខ្លះអ្នកជំងឺមិនត្រូវបានរកឃើញ ដោយសារតែរោគសញ្ញារបស់វាប្រហាក់ប្រហែលនឹងជំងឺផ្សេងទៀត។ គួរបញ្ជាក់ថា ប្រទេសជាច្រើនរួមមាន អាហ្សង់ទីន អូស្ត្រាលី និងអង់គ្លេស បាន និងកំពុងប្រឈមនឹងជំងឺនេះ ពិសេសកសិដ្ឋានចិញ្ចឹមសត្វ និងប្រទេសក្នុងមួយចំនួននៅតំបន់ត្រូពិច។

១. មូលហេតុ និងការឆ្លង
ករណីនៃការឆ្លងរោគសេកនេះមិនមែនមកតែពីសត្វសេកតែមួយប្រភេទប៉ុណ្ណោះទេ វាអាចបណ្តាលមកពីប្រភេទបក្សី និងសត្វស្លាបមួយចំនួនផ្សេងទៀតដូចជា មាន់ ទា និងសត្វស្លាបតាមតំបន់ផ្សេងៗទៀត។ អ្នកអាចនឹងប្រឈមជាមួយការឆ្លងខ្ពស់នៅពេលដៃអ្នកកាន់បក្សីដែលផ្ទុកជំងឺ ឬដកដង្ហើមដោយនូវភាគល្អិតពីទឹកនោម ឬលាមក ឬសារធាតុដែលបញ្ចេញពីខ្លួនរបស់វា។ ក្រៅពីនេះអ្នកក៏អាចឆ្លងនៅពេលបក្សីផ្ទុកជំងឺខាំ ឬថើបចំមាត់របស់អ្នក។ រោគសេក ឬPsittacosis ក៏អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន ប៉ុន្តែក្នុងករណីកម្របំផុត នៅពេលអ្នកស្រូបចូលនូវដំណក់ទឹកតូចៗក្នុងខ្យល់ដែលអ្នកជំងឺក្អក។

២. របៀបសម្គាល់ថាបក្សីកំពុងឆ្លងជំងឺ
បក្សីដែលផ្ទុកជំងឺភាគច្រើនមិនស្តែងចេញជារោគសញ្ញាឲ្យអ្នកបានដឹង រហូតដល់រាប់ខែទើបលេចចេញសញ្ញាខាងក្រៅ ដូច្នេះហើយ មិនថាវាមើលទៅធម្មតាយ៉ាងណាទេ ក៏មិនប្រាកដថាវាមិនមានផ្ទុកមេរោគដែរ។ ភាគច្រើននៃបក្សីដែលមានជំងឺ អាចនឹងបង្ហាញសញ្ញាញាក់ ឬពិបាកក្នុងការដកដង្ហើម ព្រមទាំង មានទឹកសៗហូរចេញពីភ្នែក ឬច្រមុះ  រាក ទឹកនោម ឬលាមកគ្មានពណ៌ ថយទម្ងន់ មើលទៅដូចធុញទ្រាន់ និងងងុយគេងជាប់ជាប្រចាំ ញ៉ាំចំណីកាន់តែតិចរហូតដល់លែងញ៉ាំតែម្តង។

៣. រោគសញ្ញាស្តែងលើអ្នកជំងឺ
សម្រាប់អាការៈអ្នកជំងឺផ្ទាល់អាចស្តែងចេញប្រហាក់ប្រហែលនឹងផ្តាសាយ ឬបញ្ហារលាកសួតណាស់ ដែលវានឹងចាប់ផ្តើមយ៉ាងហោចណាស់១០ថ្ងៃក្រោយឆ្លង ប៉ុន្តែប្រហែលរហូតដល់១៩ថ្ងៃទើបសញ្ញាបង្ហាញឡើងដែលរួមមាន៖
• គ្រុនក្តៅ និងញាក់ 
• ចង្អោរ និងក្អួត 
• ឈឺសាច់ដុំ និងសន្លាក់ 
• រាក 
• ខ្សោយ 
• អស់កម្លាំង 
• និងក្អកស្ងួត។ 

សញ្ញាបន្ទាប់បន្សំខ្លះៗទៀត វាប្រហាក់ប្រហែលនឹងផ្តាសាយ ដូចជា ឈឺទ្រូង ដកដង្ហើមញាប់ និងមានប្រតិកម្មជាមួយពន្លឺ។ ក្នុងករណីកម្រខ្លះ វាអាចជាមូលហេតុនៃការរលាកសរីរាង្គខាងក្នុងជាច្រើនទៀត រួមបញ្ចូលទាំង ខួរក្បាល ថ្លើម និងផ្នែកនៃបេះដូងរបស់អ្នក។ រោគសេកនេះ ក៏អាចបង្កឲ្យមានថយចុះនូវមុខងារសួត និងរលាកសួត។ 

ដោយហេតុនេះ ប្រសិនអ្នកមានរោគសញ្ញាសង្ស័យដូចរៀបរាប់ខាងលើ និងមានប្រវត្តិធ្លាប់ប៉ះពាល់ ឬនៅជិតបក្សី សូមជួបគ្រូពេទ្យដែលនៅជិតអ្នកបំផុត។ គួរបន្ថែមថា រោគសេកត្រូវធ្វើការព្យាបាលដោយប្រើអង់ទីប៊ីយ៉ូទិក បន្ទាប់ពីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថាជារោគសេក ឬ Psittacosis៕  

- ស្រាវជ្រាវ និង កែសម្រួលដោយ៖ សុខក្រម (Sokhakrom)