តើអ្នកតែងតែងើបពីគេង ហើយបែរជាងាកកមិនរួចដែរទេ? ពេលខ្លះធ្វើការក្នុងឥរិយាបទមួយយូរ ហើយឈឺនៅពេលប្តូរឥរិយាបទមែនទេ? តើមានឆ្ងល់ទេ ហេតុអ្វីបានជាអ្នកកើតអាការនេះ?
អាការដ៏គួរឱ្យរំខានមួយដែលប្រជាជនខ្មែរយើងភាគច្រើនហៅថា ជាប់សរសៃ បណ្ដាលមកពីលក្ខខណ្ឌមួយចំនួនបង្កឲ្យជាលិកាផ្តល់សម្ពាធដល់សរសៃប្រសាទជាយរបស់អ្នក ដោយជាលិកានៅជុំវិញដូចជាឆ្អឹង ឆ្អឹងខ្ចី សាច់ដុំ ឬសរសៃពួរ។ សម្ពាធទាំងនេះ រំខានដល់មុខងារសរសៃប្រសាទ បង្កឲ្យមានការឈឺចាប់ តឹង ស្ពឹក ឬខ្សោយ និងស្ទើរតែមិនអាចឲ្យអ្នកកម្រើកបានក្នុងរយៈពេលមួយ។
ជាញឹកញាប់ អាការជាប់សរសៃ ស្តើងឡើងនៅដៃ ជើង និងក ពិសេសបន្ទាប់ពីអ្នកគេង នូវសញ្ញាមួយចំនួន រួមមាន៖
• ស្ពឹក ឬថយចុះអារម្មណ៍នៅតំបន់ដែលផ្តល់ដោយសរសៃប្រសាទ
• ឈឺចាប់ ក្តៅហួល ដែលមិនអាចធ្វើចលនាបាន
• មានអារម្មណ៍តឹង និងដូចមានម្ជុលចាក់ៗ
• ខ្សោយសាច់ដុំ នៅតំបន់ដែលរងផលប៉ះពាល់។
១. តើហេតុអ្វីបានជាអ្នកតែងតែជាប់សរសៃបែបនេះ?
មានកត្តាជាច្រើនដែលធ្វើឱ្យយើងជាប់សរសៃ ដែលក្នុងនោះរួមមាន៖
• ការរងរបួស
• មានបញ្ហារលាកសន្លាក់រ៉ាំរ៉ៃ
• រងសម្ពាធ ឬភាពតានតឹងពីការងារដដែលៗ
• ចំណង់ចំណូលចិត្ត ឬសកម្មភាពកីឡារបស់អ្នកមួយចំនួន
• ការលើសទម្ងន់ ឬមិនបានគ្រប់គ្រងទម្ងន់ឲ្យស្ថិតក្នុងកម្រិតសមស្រប។
ក្រៅពីមូលហេតុខាងលើ កត្តាមួយចំនួនក៏អាចនឹងធ្វើឲ្យអ្នកស្ថិតនៅក្នុងហានិភ័យនៃការជាប់សរសៃនេះដែរ៖
• ស្ត្រីច្រើនជួបប្រទះបញ្ហានេះញឹកញាប់ជាងបុរស
• អ្នកមានបញ្ហាលើក្រពេញទីរ៉ូអ៊ីត
• អ្នកជំងឺទឹកនោមផ្អែម ស្ថិតក្នុងកត្តាហានិភ័យនៃការជាប់សរសៃបំផុត
• ការងារ ឬទម្លាប់ដែលតម្រូវឲ្យដៃ កដៃ ឬស្មាធ្វើចលនាដដែលៗ
• ការមានផ្ទៃពោះរបស់ស្ត្រី ធ្វើឲ្យទឹក និងទម្ងន់កើនឡើង
• គេង ឬសម្រាកលើគ្រែក្នុងរយៈពេលយូរពេក។
គួរបញ្ជាក់ថា បើសរសៃរបស់អ្នកជាប់ក្នុងរយៈពេលខ្លី វានឹងមិនបណ្តាលឲ្យមានផលប៉ះពាល់ជាអចិន្ត្រៃយ៍ណាមួយឡើយ។ នៅពេលសម្ពាធថយចុះ នោះមុខងារសរសៃប្រសាទនឹងត្រឡប់មកដំណើរការធម្មតាវិញ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនសម្ពាធនៅតែបន្តកើតឡើង ការឈឺចាប់រ៉ាំរ៉ៃ និងជាប្រចាំនៃសរសៃប្រសាទ នឹងកើតមានឡើងដូចគ្នាដែរ។
២. វិធីបង្ការ និងបន្ថយអាការជាប់សរសៃ
ប្រសិនអ្នកហាក់សម្គាល់ឃើញថាអាការជាប់សរសៃរបស់អ្នកកើតមានឡើងជាញឹកញាប់ អ្នកគួរសាកល្បងរកមូលហេតុឲ្យឃើញ ហើយព្យាយាមចៀសវាង ប្រសិនបើអាច។ ម៉្យាងទៀត លោកអ្នកក៏អាចការពារពីបញ្ហានេះបន្ថែម ដោយអនុវត្តគោលការណ៍ខាងក្រោមនេះ៖
• រក្សាឲ្យដៃ ជើង និងករបស់អ្នកឲ្យស្ថិននៅទីតាំងត្រឹមត្រូវ ដោយមិនត្រូវឲ្យនៅក្នុងទីតាំងណាមួយរយៈពេលយូរពេកទេ
• បញ្ចូលលំហាត់ប្រាណប្រើកម្លាំង និងមានភាពបត់បែនឲ្យបានច្រើនបំផុត
• កំណត់សកម្មភាពដដែលៗរបស់អ្នកក្នុងកម្រិតសមស្រប និងសម្រាកឲ្យបានញឹកញាប់តាមដែលអាចធ្វើបាន
• រក្សាទម្ងន់ឲ្យស្ថិតក្នុងកម្រិតសមស្រប និងចៀសវាងការលើសទម្ងន់។
ជាទូទៅ ការជាប់សរសៃរបស់អ្នកនឹងធូរស្រាលដោយការសម្រាក និងម៉ាស្សា ក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ប៉ុន្តែ ប្រសិនវាមានរយៈពេលច្រើនថ្ងៃ អ្នកត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឲ្យបានឆាប់បំផុត៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)