តើអ្នកដែលចូលចិត្តហែលទឹកក្នុងអាងមែនទេ? តើអ្នកធ្លាប់កក់សក់ភ្លាមៗបន្ទាប់ពីឈប់លេងទឹកក្នុងអាងឬអត់? តើមានអ្វីកើតឡើង?
ដូចយើងបានដឹងរួចមកហើយ ការហែលទឹកក្នុងអាង មិនត្រឹមតែល្អចំពោះសុខភាពនោះទេ ថែមទាំងជួយសម្រកទម្ងន់ធ្វើឱ្យរាងស្អាតថែមទៀតផង។ តែយ៉ាងណាមិញ អ្នកគួរតែដឹងថា សារធាតុមួយចំនួនដែលបង់ចូលក្នុងអាងទឹក ដើម្បីជួយបំបាត់ក្លិន និងធ្វើឱ្យទឹកថ្លានោះ គឺបានបំផ្លាញនូវសុខភាពសរសៃសក់។
ដូច្នេះ ដំបូន្មានល្អបំផុតដើម្បីបន្ថយហានិភ័យខាងលើ អ្នកគួរតែងូតទឹកឱ្យសើមសក់ជាមួយនឹងទឹកស្អាតជាមុនសិន មុននឹងចុះងូតក្នុងអាងទឹក ព្រោះថា ការធ្វើបែបនេះជួយទប់ទល់នឹងការជ្រាបចូលនៃសារធាតុបំផ្លាញសក់មកក្នុងសក់បានច្រើនជាង បើប្រៀបទៅនឹងអ្នកដែលចុះងូតទឹកក្នុងអាងទាំងស្ងួតសក់។ មួយវិញទៀត អ្នកអាចលេងទឹកក្នុងអាងដោយមិនចង់ឱ្យសើមសក់ ដោយគ្រាន់តែពាក់មួកហែលទឹក។
ចុងក្រោយបង្អស់ រាល់ការលេងទឹកក្នុងអាងដែលធ្វើឱ្យសើមដល់សក់ អ្នកគួរតែកក់សក់នឹងសាប៊ូជាមួយនឹងទឹកស្អាតភ្លាមៗបន្ទាប់ពីងើបចេញពីអាងទឹក ព្រោះថា ការធ្វើបែបនេះគឺជួយលាងស្អាតសារធាតុបំផ្លាញសក់ចេញពីសរសៃសក់ ផ្ទុយទៅវិញ អ្នកមិនគួរទុកឱ្យសក់ស្ងួតដោយខ្លួនឯងដោយមិនបានលាងជម្រះនោះទេ ព្រោះវានឹងធ្វើឱ្យសក់ខូចកាន់តែខ្លាំង៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)