១. និយមន័យ
ជំងឺអំបៅអំបែក គឺជាជំងឺមួយប្រភេទកើតឡើងលើត្រចៀកកណ្ដាល ដែលបណ្ដាលមកពីការរលាករ៉ាំរ៉ៃធ្វើឱ្យរហែកក្រដាស់ត្រចៀក និងមានមេរោគរស់នៅក្នុងត្រចៀកកណ្ដាលលើសពី ៣ ខែ។
ត្រចៀក យើងបែកចែកជា ៣ ដែលមានដូចជា៖
- ត្រចៀកខាងក្រៅ៖ ចាប់ពីក្រដាសត្រចៀកចេញមកដល់រន្ធត្រចៀកដែលយើងមើលឃើញ។
- ត្រចៀកកណ្តាល៖ ចាប់ពីក្រដាសត្រចៀកចូលជិតទៅដល់ត្រចៀកខាងក្នុង។
- ត្រចៀកខាងក្នុង៖ ចាប់ពីត្រចៀកខាងក្នុងចូលទៅប្រព័ន្ធប្រសាទ ឫក្បាល។
២. រោគសញ្ញា
- ឈឺត្រចៀក
- ស្ដាប់មិនសូវឮច្បាស់ដូចមុន
- ហឹងក្នុងត្រចៀក
- មានទឹកហូរធំក្លិនស្អុយចេញពីត្រចៀក។
៣. មូលហេតុបង្កជំងឺ
- មានការរលាកត្រចៀក ហើយបន្តររហូតដល់រលាករ៉ាំរៃ
- មានទឹកដក់ក្នុងត្រចៀក
- ឆ្លងមេរោគពីច្រមុះមកត្រចៀក
- ឈឺរ៉ាំរៃដូចជា ផ្តាសាយរ៉ាំរៃជាដើម
- អាល័ក្សី
- កង្វះអនាម័យ និងពិសារអាហារមិនបានគ្រប់គ្រាន់
- ខ្សោយប្រព័ន្ធភាពស៊ាំ (ប្រព័ន្ធភាពស៊ាំ ជាភ្នាក់ងារមួយដ៏សំខាន់នៃប្រព័ន្ធរាងកាយរបស់មនុស្សដែលមានស្រាប់ពីធម្មជាតិដែលប្រឆាំង និងការពាររាងកាយពីការកើតជំងឺផ្សេងៗ)។
៤. រោគវិនិច្ឆ័យ
គ្រូពេទ្យជំនាញ ចាប់ផ្ដើមធ្វើរោគវិនិច្ឆ័យពិនិត្យទៅលើអ្នកជំងឺ ដោយការប្រើម៉ាស៊ីនបច្ចេកទេសវាស់ ឆ្លុះ និងថត ផ្អែកលើស្ថានភាពរបស់អ្នកជំងឺ។
៥. ផលវិបាក
- ប៉ះពាល់ដល់ការទទួលសំឡេង
- មានទឹកធំក្លិនស្អុយហូរចេញមកក្រៅតាមត្រចៀក
- វិលមុខ
- រលាកស្រោមខួរក្បាល
- ធ្ងន់ធ្ងរអាចបាត់បង់ជីវិតប្រសិនបើយឺតយ៉ាវក្នុងការការព្យាបាល
៦. មនុស្សងាយប្រឈម
ជំងឺអំបៅអំបែក ច្រើនកើតឡើងលើក្មេង និងកម្រកើតលើមនុស្សចាស់ណាស់ ហើយអ្នកជំងឺអំបៅអំបែកដែលមានវ័យចំណាស់ ភាគច្រើនពួកគាត់មិនមែនទើបតែកើតជំងឺនេះទេ គឺកើតតាំងពីក្មេងមកម្លេះ។
៧. ការព្យាបាល
ហេតុថា ជំងឺអំបៅអំបែកកើតឡើងដោយសារការរហែកក្រដាសត្រចៀក ដូច្នេះ ការព្យាបាល គឺត្រូវបិទក្រដាសត្រចៀកឡើងវិញដើម្បីបញ្ឈប់ការឆ្លងមេរោគ ដែលអាចជាសះស្បើយ ហើយការស្តាប់អាចប្រសើរឡើងវិញដូចដើម។ ការព្យាបាលដោយការបិទក្រដាស់ត្រចៀកក្នុងប្រទេសកម្ពុជា គឺមានឱកាសជោគជ័យដល់៩៤% ដែលប្រហាក់ប្រហែលទៅនឹងការព្យាបាលនៅបណ្ដាប្រទេសជឿនលឿនមានប្រមាណ ៩៥% ទៅ ៩៦%។
៨. ដំបូន្មានទាក់ទងនឹងការតមអាហារ និងសកម្មភាពខ្លះៗ
ជាទូទៅ អ្នកជំងឺអំបៅអំបែក មិនតម្រូវឱ្យមានការតមអាហារនោះទេ លើកលែងតែប្រភពនៃជំងឺកើតចេញពីអាល័ក្សី។ ដូច្នេះ អ្នកជំងឺដែលអាល័ក្សីជាមួយអាហារប្រភេទណា គួរតែតមអាហារប្រភេទនោះ។ ដោយឡែក ចំពោះសកម្មភាពខ្លះវិញ អ្នកជំងឺគួរតែជៀសវាងដើម្បីកុំឱ្យជំងឺកាន់តែធ្ងន់ធ្ងរ ដូចជា កុំឱ្យទឹកចូលត្រចៀកពីព្រោះទឹកមានមេរោគ និងការឆ្កឹះ ឬត្បាលត្រចៀក ពីព្រោះវាអាចបង្កឱ្យមានកកិតដែលជាប្រភពនាំមេរោគ។
បន្ថែមពីលើនេះផងដែរ ក្នុងការព្យាបាលជំងឺអំបៅអំបែក គ្រូពេទ្យនឹងពិនិត្យរកមើលប្រភពដែលកើតជំងឺអំបៅអំបែក ហើយបន្ទាប់មកគ្រូពេទ្យនឹងព្យាបាលតាមរបៀបនីមួយៗ។
៩. វិធីបង្ការ
ដើម្បីបង្ការខ្លួនពីជំងឺអំបៅអំបែង លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា បានណែនាំឱ្យយើងគ្រប់គ្នា តាមដានសុខភាពរបស់យើងជាប្រចាំ និងរស់នៅត្រូវមានអនាម័យខ្ពស់ ហើយបញ្ឈប់រាល់សកម្មភាពដែលនាំឱ្យប៉ះពាល់ដល់ត្រចៀក៕
- បកស្រាយដោយ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា
- កែសម្រួល និងរៀបរៀងដោយ៖ សុខក្រម (Sokhakrom)