(+855) 11 909 020 / 69 909 011

ឧស្សាហ៍ជាប់ចង្កេះញឹកញាប់មែនទេ? 

តើជាញឹកញាប់ អ្នកតែងតែជួបប្រទះអាការនៃការជាប់ ឬឈឺចង្កេះនេះ? តើអ្នកធ្វើដូចម្តេចខ្លះ ដើម្បីឱ្យវាបាត់ទៅវិញ? តើជាប់ចង្កេះបែបណា ដែលអ្នកគួរទៅជួបគ្រូពេទ្យ? 

១. តើហេតុអ្វីបានជាខ្ញុំចាប់ចង្កេះ? 

ជាទូទៅ អ្នកតែងតែកត់សម្គាល់ឃើញថា ការរងរបួសបន្ទាប់ពីលេងកីឡា ការហ្វឹកហាត់លើសកម្រិត និងឧបទ្ទវហេតុផ្សេងៗ សុទ្ធតែអាចបង្កឱ្យអ្នកមានអាការជាប់ចង្កេះកើតឡើងញឹកញាប់ ដែលវាហាក់ធ្វើឱ្យអ្នកពិបាកធ្វើចលនា ឬមិនអាចឱនចុះក្រោមបាន។ តែអ្នកមានដឹងទេថា សកម្មភាពប្រចាំថ្ងៃរបស់អ្នក សូម្បីតែការអង្គុយក៏រួមចំណែកឱ្យអ្នកជាប់ចង្កេះនេះដែរ។ ក្រៅពីនេះក៏មានករណីផ្សេងទៀតដែលជាមូលហេតុបង្កឱ្យអ្នកជាប់ចង្កេះ ដែលអ្នកប្រហែលជាពុំបានដឹងនោះរួមមាន សម្ពាធ ការអង្គុយយូរ ឬខុសបែបបទ ជាប់សសៃត្រង់ចង្កេះ សាច់ដុំចង្កេះមិនដំណើរការ បញ្ហារលាកសន្លាក់ចង្កេះ លើសទម្ងន់ ស្ត្រេស អាយុច្រើនដែលធ្វើឱ្យមានការប្រែប្រួលនៅទីតាំងចង្កេះ និងមានជំងឺលើសរីរាង្គខាងក្នុងដែលអ្នកមិនដឹងខ្លួនជាដើម។

២. តើខ្ញុំគួរធ្វើអ្វីទើបអាចកាត់បន្ថយអាការជាប់ចង្កេះ? 

ការស្អំដោយកម្តៅ ឬទឹកកកដោយខ្លួនឯងនៅលើចង្កេះដែលឈឺជាប្រចាំ រួមជាមួយនឹងការម៉ាស្សា អាចជួយឱ្យអាការនេះបានប្រសើរឡើង។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏អាចបញ្ជៀសខ្លួនពីអាការជាប់ចង្កេះយ៉ាងមានប្រសិទ្ធភាព ដោយគ្រាន់តែអនុវត្តតាមគន្លឹះខាងក្រោមនេះ៖

• ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់
• រក្សាតុល្យភាពអាហារដែលអ្នកបរិភោគ 
• រក្សាទម្ងន់ឱ្យសមស្របនឹងរាងកាយរបស់អ្នក
• រក្សាការហាត់ប្រាណជាប្រចាំ និងទៀតទាត់
• កម្តៅសាច់ដុំជានិច្ចមុនពេលចាប់ផ្តើមហាត់ប្រាណ
• អនុវត្តឥរិយាបទល្អក្នុងការដេក ដើរ ឈរ អង្គុយ
• ប្រើប្រាស់ឧបករណ៍ទ្រឆ្អឹងខ្នងរបស់អ្នកជាប្រចាំពេលអ្នកអង្គុយ
• ដាក់ខ្នើយកល់ក្រោមជង្គង់របស់អ្នកពេលគេង
• ហាត់ប្រាណជើងហោចណាស់ ២ ដងក្នុងមួយថ្ងៃបើអ្នកសម្រាកលើគ្រែ
• ពាក់ស្បែកជើងដែលមានផាសុកភាពដល់ជើងរបស់អ្នក
• ងើបឈរ និងធ្វើចលនាយ៉ាងហោចណាស់៥នាទីរាល់១ម៉ោងម្តងបើអ្នកត្រូវអង្គុយធ្វើការយូរ
• ចៀសវាងពីការអង្គុយគងជើង
•  ចៀសវាងលើកវត្ថុធ្ងន់ៗ
• ឈប់ញ៉ាំស្រា ឬជាតិអាល់កុល
• បញ្ឈប់ការជក់បារីដើម្បីសម្រួលដល់លំហូរឈាម បង្កើនអុកស៊ីសែន និងអាហារទៅកាន់ជាលិកានៃឆ្អឹងចង្កេះរបស់អ្នក។ 

៣. តើអាការជាប់ចង្កេះបែបណាទើបខ្ញុំគួរទៅជួបគ្រូពេទ្យ? 

ក្នុងករណីធ្ងន់ធ្ងរមួយចំនួនតម្រូវឱ្យអ្នកជួបជាមួយគ្រូពេទ្យឱ្យបានឆាប់រហ័សប្រសិនបើអាការជាប់ចង្កេះរបស់អ្នក៖

• ពុំធូរស្បើយក្នុងរយៈពេល២ទៅ៣សប្តាហ៍
• ឈឺខ្លាំងនៅទោះបីហាត់តាមការណែនាំក៏ដោយ
• អាការជាប់ចង្កេះរបស់អ្នកហាក់ដេញរហូតដល់ជើង
• ករណីចង្កេះដែលជាប់នោះមានឡើងហើមខុសធម្មតា។

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)