ក្នុងជីវិតរស់នៅប្រចាំថ្ងៃ គ្រោះថ្នាក់ និងបញ្ហាមួយចំនួន គឺចៀសមិនផុតឡើយ។ គ្រោះថ្នាក់ខ្លះ វាទាមទារឱ្យយើងត្រូវជួយសង្រ្គោះបឋមទៅលើជនរងគ្រោះ មុននឹងបញ្ជូនគេទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិតបំផុត។ តែយ៉ាងណាមិញ ប្រសិនបើយើងអនុវត្តវិធីជួយសង្រ្គោះបឋមទៅលើជនរងគ្រោះខុស វាអាចបណ្ដាលឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ព្រោះថា គ្រោះថ្នាក់នីមួយៗ អាចមានរបៀបជួយសង្រ្គោះបឋមផ្សេងៗគ្នា។ ដូច្នេះ វាទាមទារឱ្យយើងយល់ច្បាស់ពីវីធីជួយសង្រ្គោះបឋមទៅលើជនរងគ្រោះទៅតាមករណីនីមួយៗ។
ខាងក្រោមនេះជាកំហុសឆ្គងទាំង ៥ យ៉ាង ដែលយើងមិនគួរធ្វើក្នុងអំឡុងពេលសង្រ្គោះបឋមទៅលើជនរងគ្រោះ ៖
១. ការឃាត់ឈាម និងការលាងរបួស
ការឃាត់ឈាមដោយការចងមុខរបួស ពុំមែនជាវិធីជួយសង្រ្គោះត្រឹមត្រូវនោះទេ ដោយហេតុថា វាអាចបង្កជាផលវិបាកកាន់តែធ្ងន់ធ្ងរដល់ជនរងគ្រោះ ព្រោះវាប៉ះពាល់ដល់លំហូរឈាម និងអាចធ្វើឱ្យជាលិកាងាប់។ ចំពោះការលាងរបួសដោយប្រើប្រាស់ជាតិអាល់កុលវិញ ក៏ពុំមែនជាវិធីត្រឹមត្រូវដែរ ព្រោះវាអាចធ្វើឱ្យមានការឈឺចាប់ និងរលាកដល់មុខរបួស ផ្ទុយទៅវិញ អ្នកគួរតែលាងរបួសជាមួយទឹកសុទ្ធ ឬទឹកឆ្អិនបានហើយ ឬថ្នាំសម្លាប់មេរោគដែលណែនាំដោយគ្រូពេទ្យ ហើយអ្នកក៏ត្រូវអានការណែនាំឱ្យបានច្បាស់លាស់មុនអនុវត្ត។ ចំពោះការប្រើប្រាស់បង់បិទ (ភាសាសាមញ្ញ បង់បិទដំបៅ) គួរតែប្រើក្នុងករណីចាំបាច់ប៉ុណ្ណោះ។
២. ការធ្វើចលនាសង្កត់បេះដូង
បើសិនជាអ្នកចង់សង្រ្គោះបឋមដោយប្រើវិធី សង្កត់បេះដូង អ្នកត្រូវដឹងឱ្យបានច្បាស់ថា វិធីនេះអនុវត្តតែចំពោះជនរងគ្រោះពុំមានការដកដង្ហើម ហើយចង្វាក់នៃការសង្កត់គឺ ១០០ដងក្នុងមួយនាទី និងប្រើកម្លាំងម្រាមដៃសង្កត់តែប៉ុណ្ណោះ។ ការអនុវត្តខុស វាអាចខូចខាតដល់ឆ្អឹងជំនី ដែលបណ្ដាលឱ្យប៉ះពាល់ដល់សួត និងបេះដូង។
៣. ឈាមច្រមុះ
បើសិនជាអ្នកឈាមច្រមុះ សូមកុំងើយឡើងលើ ព្រោះវាធ្វើឱ្យសម្ពាធឈាមខួរក្បាលឡើងខ្ពស់ ដែលអាចបណ្ដាលឱ្យឈាមហូរចូលទៅក្នុងសួត ឬក្អួត។
៤. ពស់ចឹក
បើសិនជាអ្នកជួបប្រទះបញ្ហាពស់ចឹក សូមកុំបឺតពិសពស់ ព្រោះវាអាចបង្កើតឱ្យមានប្រតិកម្មពុលរវាងពិស និងទឹកមាត់របស់អ្នក ដែលបណ្ដាលឱ្យអ្នកហើមសួត និងបេះដូងចុះខ្សោយ។
៥. ថ្នាំ ប៉ារ៉ាសេតាម៉ុល (Paracetamol)
ជាទូទៅ នៅតាមគេហដ្ឋាននីមួយៗតែងនិយមប្រើថ្នាំ ប៉ារ៉ាសេតាម៉ុល (Paracetamol) ដើម្បីបញ្ចុះកំដៅ និងបំបាត់អាការឈឺចាប់ជាដើម។ តែយ៉ាងណាមិញ ត្រូវដឹងថា ការប្រើប្រាស់ថ្នាំប្រភេទនេះច្រើនពេក អាចបណ្ដាលឱ្យថ្លើម និងតម្រងនោមខ្សោយ។
ចំណាំ៖ ប្រសិនបើ ប្រិយមិត្ត ចង់យល់ដឹងឱ្យបានកាន់តែច្បាស់អំពីវិធីសង្រ្គោះបឋមនៃគ្រោះថ្នាក់នីមួយៗ ដូចជា សង្រ្គោះបឋមលើជនរងគ្រោះខ្យល់គ ពុលអាហារ ពស់ចឹក លង់ទឹក និងករណីផ្សេងៗទៀត សូមស្វែងរកក្នុងគេហទំព័រវេបសាយ និង Application នៅលើទូរស័ព្ទដៃរបស់កម្មវិធី សុខក្រម (Sokhakrom)៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)