(+855) 11 909 020 / 69 909 011

៤ ចំណុចដែលយើងចាំបាច់គួរដឹងអំពីជំងឺស្រឡទែន

ជំងឺឆ្លងមួយប្រភេទបង្កឡើងដោយវីរុស ហើយអ្នកជំងឺអាចចម្លងទៅកាន់អ្នកផ្សេងទៀតតាមរយៈ ទឹកមាត់ សម្បោរ និងការប៉ះផ្ទាល់ ពិសេសនៅពេលកណ្តាស់ ក្អក ឬពេលនិយាយ ត្រូវបានស្គាល់ថាជា ជំងឺស្រឡទែន (Mumps)។ វីរុសនេះ ផ្តល់ផលប៉ះពាល់ទៅលើក្រពេញទឹកមាត់របស់ក្មេង នៅថ្ពាល់ទាំងសងខាង និងនៅខាងក្រោយ ក្រោមត្រចៀក។ 

១/ កូនអ្នកនឹងមានអាការបែបណា?

ជាទូទៅ ប្រហែលជា ២ សប្តាហ៍ក្រោយពីកុមារឆ្លងនូវវីរុសជំងឺស្រឡទែន រោគសញ្ញាផ្សេងៗនឹងលេចចេញ រួមមាន​ អស់កម្លាំង ឈឺខ្លួន ឈឺក្បាល ឈឺសាច់ដុំ ក្អក ហៀរសម្បោរ ឈឺពោះ បាត់បង់ចំណង់អាហារ គ្រុនក្តៅ (៣៩oC) និងមានសញ្ញាហើមនៅទីតាំងនៃក្រពេញទឹកមាត់ រួមជាមួយការឈឺចាប់។ អំឡុងពេលដែលក្រពេញទឹកមាត់ហើមនោះ អ្នកជំងឺអាចមានលទ្ធភាពចម្លងវីរុសទៅកាន់អ្នកផ្សេងទៀតបាន។ គួរបញ្ជាក់ថា យ៉ាងហោចណាស់ក្មេងម្នាក់ក្នុងចំណោមក្មេង៣នាក់ អាចនឹងមិនលេចចេញនូវរោគសញ្ញាឱ្យអ្នកបានដឹងឡើយ។

២/ ស្រឡទែនត្រូវព្យាបាលបែបណា?

បើកូនរបស់អ្នកត្រូវបានរកឃើញថាមានជំងឺស្រឡទែន នោះគ្រូពេទ្យនឹងធ្វើការព្យាបាលតាមរោគសញ្ញា ដោយពួកគេអាចសម្រាកព្យាបាលនៅផ្ទះបាន៖
• ឱ្យកូនរបស់អ្នកសម្រាកឱ្យបានច្រើន
• ប្រើថ្នាំបំបាត់នូវរោគសញ្ញាដែលកើតលើកូនអ្នក តាមការណែនាំពីគ្រូពេទ្យ
• ស្អំក្រពេញដែលហើមនោះដោយទឹកកក
• ឱ្យកូនអ្នកញ៉ាំទឹកឱ្យបានច្រើនដើម្បីការពារពីការបាត់បង់ជាតិទឹក
• ញ៉ាំអាហារទន់ៗដូចជា ស៊ុប យ៉ាអួរ និងប្រភេទអាហារដែលងាយទំពា ព្រោះកូនអ្នកអាចឈឺពេលទំពា
• ចៀសវាងអាហារមានជាតិអាស៊ីត និងភេសជ្ជដែលធ្វើឱ្យឈឺកន្លែងហើមនោះ។

កូនរបស់អ្នកនឹងមានការធូរស្បើយក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ពីចេញរោគសញ្ញា និងអាចទៅរៀនបានធម្មតា។ ជាទូទៅបើកូនរបស់អ្នកធ្លាប់កើត និងជាសះស្បើយម្តងហើយ ពួកគេនឹងមិនកើតម្តងទៀតទេ។

៣/ អ្វីជាផលវិបាកដ៏គ្រោះថ្នាក់នៃស្រឡទែន?

ក្រៅពី ក្រពេញទឹកមាត់ដែលរងផលប៉ះពាល់ ក្នុងករណីកម្រខ្លះ ក្មេងដែលកើតជំងឺស្រឡទែនអាចបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនមិនបានព្យាបាលឱ្យត្រឹមត្រូវ ដូចជា៖
• រលាកស្រោមខួរ ឬរលាកខួរក្បាល
• រលាកថង់ទឹកប្រមាត់ ដែលអាចឱ្យក្មេងឈឺពោះ ចង្អោរ និងក្អួត
• អាចវិវិឌ្ឍទៅថ្លង់បាន
• អាចប្រឈមនឹងការគ្មាកូន (៥ក្នុង១០០០០ករណី)
• រលូតកូន (ករណីកើតអំឡុងពេលមានផ្ទៃពោះ)។

៤/ តើស្រឡទែនត្រូវបង្ការបែបណា?

បច្ចុប្បន្ន ការចាក់វ៉ាក់សាំងបង្ការជំងឺស្រឡទែន MMR (measles, mumps, rubella) ត្រូវបានផ្តល់ដោយមិនគិតថ្លៃចំពោះប្រទេសមួយចំនួន ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ ដែលការចាក់មាន២លើក៖
• លើកទី១ ចាក់នៅពេលទារកមានអាយុចន្លោះពី១២ទៅ១៥ខែ 
• លើកទី២ ត្រូវចាក់ក្នុងចន្លោះពី៤ទៅ៦ឆ្នាំ។

ការចាក់វ៉ាកសាំងបានម្តង ឬមួយលើក មានប្រសិទ្ធភាពការពារកូនអ្នកពីជំងឺស្រឡទែន ក្នុងកម្រិត ៧៨% ហើយបើចាក់បានទាំង២ដង នោះប្រសិទ្ធភាពការពារអាចឡើងខ្ពស់រហូតដល់៨៨%។ 

អ្នកជាឪពុកម្តាយត្រូវមានការប្រុងប្រយ័ត្ន និងធ្វើការសង្កេតកូនរបស់អ្នកជាប្រចាំ បើកូនអ្នកនៅតែក្តៅខ្លួនលើសពី៣ថ្ងៃ សញ្ញានៃការហើមមានលើសពី៧ថ្ងៃ ឈឺចាប់កាន់តែខ្លាំង រវើរាយ មិនញ៉ាំ មិនផឹក និងខ្សោះជាតិទឹក អ្នកត្រូវប្រញាប់នាំកូនរបស់អ្នកត្រឡប់ទៅមន្ទីរពេទ្យជាបន្ទាន់៕

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)