(+855) 11 909 020 / 69 909 011

យល់ដឹងពីជំងឺកញ្ជ្រឹលដែលតែងកើតលើកុមារ

១. តើអ្វីជាជំងឺកញ្ជ្រឹល? 

កញ្ជ្រឹល ជាជំងឺឆ្លងមួយប្រភេទបង្កឡើងដោយវីរុសដែលរស់នៅក្នុងច្រមុះ និងស្លេស្មនៃបំពង់ករបស់អ្នកជំងឺ។ វាអាចឆ្លងទៅអ្នកផ្សេងទៀតតាមខ្យល់ នៅពេលអ្នកជំងឺក្អក កណ្តាស់ និងនិយាយ។ មិនតែប៉ុណ្ណោះ វីរុសកញ្ជ្រឹលអាចរស់នៅក្នុងខ្យល់បានរហូតដល់ច្រើនម៉ោង កន្លែងដែលអ្នកជំងឺក្អក ឬកណ្តាស់។ ប្រសិននរណាម្នាក់បានដកដង្ហើមចូលនូវខ្យល់ដែលមេរោគ ប៉ះជាមួយភ្នែក ច្រមុះ នោះពួកគេនឹងឆ្លងភ្លាមៗ។ 

២. តើអ្វីជាសញ្ញាសម្គាល់ថាកូនអ្នកកើតកញ្ជ្រឹល?

នៅពេលកញ្ជ្រឹលបានឆ្លងចូលខ្លួនកូនរបស់អ្នក ក្នុងរយៈពេលពី៧ថ្ងៃ ទៅ១៤ថ្ងៃបន្ទាប់ ពួកគេអាចចាប់ផ្តើមលេចចេញនូវសញ្ញាដំបូងដូចជា ក្តៅខ្លួន ក្អក ហៀរសម្បោរ ក្រហមភ្នែក។ ២ ទៅ ៣ថ្ងៃបន្ទាប់ពីសញ្ញាដំបូង ពួកគេចាប់ផ្តើមលេចចេញនូវកន្ទួលសតូចៗ ក្នុងមាត់។ ៣ ទៅ ៥ថ្ងៃក្រោយ កន្ទួលចាប់ផ្តើមរាលដាលជាកន្ទួលក្រហម លើមុខចុះមកក ក្បាល ដៃ ជើង បាតជើង ក្នុងទំនោរពីក្បាលមកបាតជើង។ 

៣. តើនរណាខ្លះងាយងាយប្រឈមនឹងជំងឺកញ្ជ្រឹល?

• ក្មេងដែលមិនធ្លាប់បានចាក់វ៉ាក់សាំងការពារ
• អ្នកធ្វើដំណើរទៅកាន់ទៅតំបន់ដែលប្រឈមនឹងកញ្ជ្រឹល
• ក្មេងកង្វះវីតាមីនA ។

គួរបញ្ជាក់ថា កញ្ជ្រឹលអាចធ្ងន់ធ្ងរបំផុតក្នុងពេលកើតមានលើក្មេងអាយុក្រោម៥ឆ្នាំ ដែលអាចបង្កឲ្យមានបញ្ហាផ្សេងទៀតដូចជា៖
• រលាកត្រចៀកដែលអាចប៉ះពាល់ដល់សមត្ថភាពនៃការស្តាប់ឮ និងរហូតដល់ថ្លង់ 
• ការរលាកសួត 
• រលាកខួរក្បាល។

៤. តើអ្នកអាចការពារកូនៗពីជំងឺកញ្រ្ជឹលដោយវិធីណា? 

ករណីមានសមាជិកណាម្នាក់ក្នុងគ្រួសារកើតកញ្ជ្រឹល ត្រូវរក្សាពួកគេឲ្យដាច់ឆ្ងាយពីអ្នកផ្សេងទៀតពិសេសក្មេងតូចៗ និងអ្នកដែលមិនបានចាក់វ៉ាក់សាំងការពារ មុនចេញកន្ទួលលើស្បែក ៤ ថ្ងៃ និង ៤ ថ្ងៃក្រោយពីចេញកន្ទួលពេញខ្លួន ព្រោះវាជារយៈពេលដែលឆ្លងខ្លាំងបំផុត។

វ៉ាក់សាំង MMR (Measles, Mumps, Rubella) អាចការពារកូនតូចរបស់អ្នកពីកញ្ជ្រឹលបានស្ទើរតែ១០០%។ ការចាក់វ៉ាក់សាំការពារកញ្ជ្រឹលនេះតម្រូវឲ្យចាក់២ដង ដោយលើកទីមួយនៅចន្លោះអាយុ១២ខែ ទៅ១៥ខែ និងលើកទីពី ក្នុងអាយុ៤ទៅ៦ឆ្នាំ។ វ៉ាក់សាំងនេះ មានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់បំផុត ជាក់ស្តែងការចាក់លើកទីមួយអាចការពារកូនអ្នកពីកញ្ជ្រឹលក្នុងកម្រិត៩៣% ហើយបើកូនអ្នកបានចាក់ទាំងពីលើកនោះវាអាចកើនឡើងនូវការការពាររហូតដល់៩៧% ៕ 

- ស្រាវជ្រាវ រៀបរៀង​ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)