ស្រ្តីភាគច្រើនតែងជួបប្រទះអាការរមាស់ទ្វារមាស ឬធ្លាក់ស យ៉ាងហោចណាស់ម្តង ទោះបីពួកគេមាន ឬគ្មានដៃគូរួមភេទក៏ដោយ។ អាការនេះជាសញ្ញានៃការរលាកទ្វារមាសរបស់ស្ត្រី ដែលតែងកើតមានឡើងញឹកញាប់បំផុត។ បើទោះបីជា ស្រ្តីទាំងនោះជួបប្រទះបញ្ហានេះក្ដី ក៏ពួកគេភាគច្រើនហាក់មានការអៀនខ្មាសក្នុងការនិយាយចេញ ឬពុំចាប់អាម្មណ៍ និងស្ទើរតែកំពុងបង្កើនហានិភ័យដល់ខ្លួនឯងដោយមិនបានដឹង។
ជាក់ស្ដែង នៅពេលទ្វារមាសរងនូវការរលាក អ្នកអាចនឹងសម្គាល់ឃើញមានរោគសញ្ញាជាក់លាក់ដូចជា៖
• ធ្លាក់សតាមទ្វារមាស ដែលមានពណ៌ ធុំក្លិន និងច្រើនខុសធម្មតា
• អ្នកមានអារម្មណ៍ថារមាស់ ឬដូចជារលាក និងផ្សានៅទ្វារមាស
• ឈឺចាប់អំឡុងពេលរួមភេទ និងពេលបត់ជើងតូច
• មានហូរឈាមក្រហមស្រាលតិចៗ ឬតំណក់តូចៗ។
មូលហេតុ និងកត្តាដែលធ្វើឲ្យអ្នករលាកទ្វារមាសដោយមិនដឹងខ្លួន
ជាទូទៅ ស្ត្រីងាយនឹងទទួលរងនូវការរលាកត្រង់ទ្វារមាសដោយសារមូលហេតុជាច្រើន រួមមាន៖
• រលាកទ្វាមាសដោយបាក់តេរី អាចឆ្លងដោយសារតែការរួមភេទ ពិសេសប្រសិនអ្នកមានដៃគូរួមភេទច្រើន ប៉ុន្តែវាក៏អាចកើតមានចំពោះស្ត្រីដែលមិនធ្លាប់ឆ្លងកាត់ការរួមភេទផងដែរ។ ការរលាកនេះកើតឡើងដោយសារលទ្ធផលនៃការប្រែប្រួលកើនឡើងការលូតលាស់របស់បាក់តេរីនៅក្នុងទ្វារមាសខុសធម្មតា ដែលនឹងធ្វើឲ្យស្ត្រីធ្លាក់សពណ៌ប្រផះ ធុំក្លិនឆ្អាប ពិសេសបន្ទាប់ពីរួមភេទ។
• រលាកដោយផ្សិត ជាទូទៅបណ្តាលមកពីប្រភេទផ្សិតម៉្យាងហៅថា Candida albicans នៅក្នុងទ្វារមាសរបស់ស្ត្រី។ ដំបូងអ្នកអាចសម្គាល់ដោយអាការរមាស់ និងធ្លាក់សខាប់ៗ។
• រលាកដោយពពួកប៉ារ៉ាស៊ីត Trichomoniasis ដែលភាគច្រើននៃប៉ារ៉ាស៊ីតទាំងនេះឆ្លងចូលតាមរយៈការរួមភេទជាមួយអ្នកមានផ្ទុកមេរោគ ដែលអ្នកអាចដឹងតាមរយៈការធ្លាក់សមានពណ៌បៃតង ឬលឿង។ គួរបញ្ជាក់ថា ចំពោះបុរស ប៉ារ៉ាស៊ីតនេះបង្ករោគនៅបង្ហួរនោម ប៉ុន្តែភាគច្រើនគ្មាននូវរោគសញ្ញាណាមួយទេ រីឯស្ត្រីប៉ារ៉ាស៊ីតច្រើនបង្ករោគនៅទ្វារមាស និងមានសញ្ញាផ្សេងៗដូចរៀបរាប់ខាងលើ។
កត្តាហានិភ័យផ្សេងទៀតដែលអាចឲ្យស្ត្រីវិវឌ្ឍទៅជារលាកទ្វារមាសបាន រួមមាន៖
• ការផ្លាស់ប្តូរអ័រម៉ូនដូចជាពេលមានផ្ទៃពោះ ពេលប្រើថ្នាំពន្យារកំណើត ឬពេលស្រីអស់រដូវ
• ការមានសកម្មភាពផ្លូវភេទច្រើន
• ការប្រើថ្នាំ ដូចជាអង់ទីប៊ីយ៉ូទិក និងស្តេរ៉ូអ៊ីតញឹកញាប់
• ការគ្រប់គ្រងជំងឺទឹកនោមផ្អែមមិនបានល្អ
• ប្រើប្រាស់ទឹកអនាម័យ ឬស្ព្រៃយន៍ បំបាត់ក្លិន
• ការងូតទឹកក្តៅញឹកញាប់ពេក
• ស្លៀកពាក់តឹង ឬរឹបពេក
• ប្រើការពន្យាកំណើរដោយដាក់កងក្នុងស្បូន។
ចំពោះហានិភ័យ ករណីអ្នកមានការរលាកទ្វារមាសដោយប៉ារ៉ាស៊ីត ឬបាក់តេរី អ្នកអាចងាយប្រឈមនឹងការឆ្លងជំងឺកាមរោគផ្សេងទៀត។ សម្រាប់ការរលាកទ្វារមាសអំឡុងពេលមានផ្ទៃពោះ នោះអ្នកអាចប្រឈមនឹងការសម្រាលកូនមិនគ្រប់ខែ និងទារកកើតមិនគ្រប់គីឡូ។
ដូច្នេះ ប្រសិនអ្នកមានសញ្ញា ឬស្ថិតក្នុងហានិភ័យណាមួយខាងលើ សូមប្រញាប់ជួបពិភាក្សាជាមួយគ្រូពេទ្យឲ្យបានឆាប់បំផុត៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)