មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ

">
(+855) 11 909 020 / 69 909 011

យល់ដឹងពីបញ្ហាកំហុសកំនុំ

ក. តើអ្វីទៅជាបញ្ហាកំហុសកំនុំ?

ជាធម្មតា ភ្នែករបស់យើងអាចមើលឃើញច្បាស់បាន មិនថា ជិត ឬ ឆ្ងាយ ដោយសារកំនុំរូបភាពធា្លក់ទៅលើសរសៃបាតភ្នែក។ ក៏ប៉ុន្តែ នៅពេលដែលកំនុំរូបភាពមិនបានធ្លាក់លើសរសៃបាតភ្នែក ហើយបែរជាធា្លក់ខាងមុខ ឫខាងក្រោយសរសៃបាតភ្នែកទៅវិញ វានឹងធ្វើឱ្យយើងមើលមិនច្បាស់ ដែលហៅថា បញ្ហាកំហុសកំនុំ ។ 

ខ. តើបញ្ហាកំហុសកំនុំមានប៉ុន្មានប្រភេទ? 

បញ្ហាកំហុសកំនុំបែងចែកជា ៣ ប្រភេទ ដែលមានដូចជា៖
១. ភ្នែកម្ញូប (Myopia)៖ ទំហំភ្នែកធំ នាំឱ្យកំនុំរូបភាពធ្លាក់នៅខាងមុខសរសៃបាតភ្នែក ដែលមើលឆ្ងាយមិនច្បាស់តែមើលជិតច្បាស់ ។ 
២. ភ្នែកខ្លី (Hyperopia)៖ ភ្នែកខ្លីឫទំហំភ្នែកតូច នាំឱ្យកំនុំរូបភាពធ្លាក់ទៅនៅក្រោយសរសៃបាតភ្នែក ដែលមើលឆ្ងាយនិងជិតមិនច្បាស់។
៣. ភ្នែកអាស្ទីម៉ាត (Astigmatism)៖ ជាភ្នែកដែលមានកំណោងកញ្ចក់ភ្នែកប្រែប្រួល អាចផតឫប៉ោង ដែលធ្វើឱ្យកំនុំរូបភាពធ្លាក់លើសរសៃតភ្នែកខុសៗគ្នា ដែលមើលឆ្ងាយនិងជិតសុទ្ធតែមិនច្បាស់។ 

គ. តើភាគច្រើននៃបញ្ហាកំហុសកំនុំស្ថិតក្នុងវ័យណា? 

ភាគច្រើននៃបញ្ហាកំហុសកំនុំ កើតឡើងលើ ក្មេង និង យុវវ័យក្នុងវ័យសិក្សា។

ឃ. តើបញ្ហាកំហុសកំនុំមានអាការដូចម្ដេច?

រោគសញ្ញានៃកំហុសកំនុំ គឺអាស្រ័យទៅលើបញ្ហានីមួយៗ៖
១. ភ្នែកម្ញូប ៖ មើលឆ្ងាយមិនច្បាស់ ពេលមើលឆ្ងាយធ្វើភ្នែកព្រឹមៗ រោយ និងហូរទឹកភ្នែក
២. ភ្នែកខ្លី (Hyperopia) ៖ មើលឆ្ងាយនិងជិតមិនច្បាស់ ពេលមើលធ្វើភ្នែកព្រឹមៗ ព្រឹល និងហូរទឹកភ្នែក
៣. ភ្នែកអាស្ទីម៉ាត ៖ មើលមិនច្បាស់ ឃើញរូបភាពវៀច ពេលមើលធ្វើភ្នែករោយ និងឈឺក្បាល។

ង. តើបញ្ហាកំហុសកំនុំកើតឡើងដោយសារអ្វី? តើមូលហេតុចម្បងអ្វីខ្លះដែលបង្កឱ្យកើតបញ្ហាកំហុសកំនុំ? 

ភាគច្រើននៃបញ្ហាកំហុសកំនុំ អាចបណ្ដាលមកពី កត្តាតំណពូជ ក៏ប៉ុន្តែ កត្តាចម្បងដែលបង្កឱ្យកើតបញ្ហានេះគឺ ការព្យាយាមសម្លឹងមើលជាពិសេសក្នុងអំឡុងពេលសិក្សា។ 

ច. តើយើងព្យាបាលបញ្ហាកំហុសកំនុំដោយវិធីណា? 

ការព្យាបាលទៅលើបញ្ហាកំហុសកំនុំ គ្រូពេទ្យនឹងព្យាបាលដោយផ្អែកទៅតាមបញ្ហានីមួយៗដែលរៀបរាប់ខាងលើ៖
១. ភ្នែកម្ញ៉ូប ៖ គេត្រូវឱ្យអ្នកជំងឺពាក់វ៉ែនតាដក ដើម្បីឱ្យកំនុំរូបភាពធ្លាក់មកលើបាតភ្នែក ហើយអាចមើលឆ្ងាយច្បាស់។
២. ភ្នែកខ្លី ៖ គេឱ្យអ្នកជំងឺពាក់វ៉ែនតាបូក ដើម្បីឱ្យកំនុំរូបភាពធ្លាក់លើសរសៃបាតភ្នែក ហើយអាចមើលឃើញទាំងឆ្ងាយទាំងជិតច្បាស់។
៣. ភ្នែកអាស្ទីម៉ាត ៖  គេឱ្យអ្នកជំងឺពាក់វ៉ែនតា Cylinder ដើម្បីកែឱ្យមើលឃើញច្បាស់ និងកុំឱ្យឃើញរូបភាពវៀច។ 

ក្រៅពីការព្យាបាលដោយប្រើវ៉ែនតា ក៏មានការព្យបាលដោយប្រើ Contact Lens ផងដែរ។ ករណីអ្នកជំងឺមានវ័យក្មេង ត្រូវពាក់វ៉ែនតារហូតដល់គាត់អាយុ១២ឆ្នាំ ដើម្បីឲ្យសរសៃបាតភ្នែកធ្វើការវិវត្ត ព្រោះប្រសិនបើអ្នកជំងឺមិនពាក់វ៉ែនតាពីតូចទេ វានឹងធ្វើឲ្យភ្នែកខ្ជិល(Amblyopia) ហើយបើទោះគាត់ធំឡើងចង់ពាក់វ៉ែនតាវិញ ក៏មើលឆ្ងាយមិនឃើញដែរ។ នៅអាយុ ១៨ឆ្នាំឡើងទៅ បើគាត់មិនចង់ពាក់វ៉ែនតាទេ គាត់អាចជ្រើសរើសការព្យាបាលដោយកាំរស្មី (LASIK)។

ឆ. តើយើងអាចបង្ការខ្លួនពីបញ្ហាកំហុសកំនុំដោយវិធីណា? 

- កុំសម្លឹងមើលជិតពេក និងកុំប្រឹងសម្លឹងមើលពេក
- ជៀសវាងកុំឱ្យភ្នែកទទួលរងនូវពន្លឺ និងខ្យល់ដោយផ្ទាល់ គួរតែប្រើវែនតាការពារខ្យល់ និងពន្លឺ 
- ថែរក្សាកុំឱ្យភ្នែកស្ងួត 

ជ. តើអាហារប្រភេទណាដែលផ្ដល់ផលល្អចំពោះសុខភាពភ្នែក និងជួយការពារភ្នែកពីបញ្ហាកំហុសកំនុំ? 

អាហារ មិនត្រឹមតែជាប្រភពនៃថាមពលដល់រាងកាយនោះទេ ថែមទាំងមានឥទ្ធិពលទៅលើសុខភាពភ្នែកទៀតផង។ ហេតុនេះ ដើម្បីឱ្យភ្នែកមានសុខភាពល្អ យើងចាំបាច់ត្រូវតែបរិភោគអាហារឱ្យបានគ្រប់គ្រាន់ ជាពិសេសប្រភេទអាហារ បន្លែបៃតង ការ៉ុត និងត្រី(សារជាតិ Omega3) ជាដើម៕ 

- បកស្រាយដោយ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ 
- កែសម្រួល និងរៀងរៀងដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)

មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ