ឫសដូងច្រមុះ ឬដែលពាក្យបច្ចេកទេសហៅថា Nasal Polyps គឺជាការដុះដុំសាច់ទន់ មិនឈឺ មិនមែនមហារីក ក្នុងច្រមុះ។ មានមនុស្សមិនតិចទេដែលមានឫសដូងច្រមុះ តែមិនដឹងខ្លួន ដោយសារតែសាច់ដុះទាំងនោះនៅតូច ហើយមិនលេចចេញនៅរោគសញ្ញា ប៉ុន្តែ បើសាច់នោះរីកធំអាការមិនប្រក្រតីនឹងលេចឡើង។
១. អាការ និងសញ្ញាសម្គាល់
នៅពេលឫសដូងច្រមុះមានទំហំកាន់តែធំ ភ្ជិតរន្ធច្រមុះ ធ្វើឲ្យអ្នកលេចចេញនូវរោគសញ្ញាមួយចំនួនដូចជា ហៀរសម្បោរ កណ្តាស់ បាត់បង់ញាណនៃការដឹងក្លិន និងរសជាតិ ឈឺមុខ ឬឈឺក្បាល ឈឺធ្មេញខាងលើ មានអារម្មណ៍ដូចមានសម្ពាធនៅថ្ងាស និងមុខ ព្រមទាំងចាប់ផ្តើមគេងស្រមុក។
២. កត្តាហានិភ័យនៃឫសដូងច្រមុះ
ជំងឺឫសដូងច្រមុះត្រូវបានរកឃើញថាមានពាក់ព័ន្ធនឹងការរលាកនៅរន្ធច្រមុះ និងរលាកឆ្អឹងសងខាងច្រមុះ។ លើសពីនេះ កត្តារួមផ្សំផ្សេងទៀតអាចឲ្យអ្នកប្រឈមនឹងការកើតឫសដូងច្រមុះបាន រួមមាន អ្នកមានជំងឺហឺត អ្នកមានបញ្ហាអាល្លែកហ្ស៊ី កត្តាហ្សែន ការមានបញ្ហារលាកនៅផ្លូវអាហារ និងសមាជិកគ្រួសារធ្លាប់មានបញ្ហាឫសដូងច្រមុះពីមុនមក។
៣. ផលវិបាកនៃការមិនព្យាបាល
បើអ្នកស្ថិតក្នុងហានិភ័យណាមួយក្នុងការកើតឫសដូងច្រមុះ ហើយមានរោគសញ្ញាសង្ស័យ អ្នកចាំបាច់ត្រូវជួប និងព្យាបាលជាមួយគ្រូពេទ្យ។ ដោយហេតុថាបើអ្នកពុំទទួលបានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ អ្នកអាចជួបនូវផលវិបាកផ្សេងៗដូចខាងក្រោម៖
• មានជំងឺស្ទះដង្ហើមនៅពេលគេងយប់
• មានជំងឺហឺតកាន់តែធ្ងន់ធ្ងរ
• ងាយរលាកប្រហោងឆ្អឹងមុខ ពិសេសឆ្អឹងសងខាងច្រមុះ។
៤. ការការពារពីឫសដូងច្រមុះ
អ្វីដែលអ្នកគួរធ្វើដើម្បីកាត់បន្ថយ ក៏ដូចជាការពារខ្លួនអ្នកពីជំងឺឫសដូងច្រមុះ រួមមាន៖
• គ្រប់គ្រងបញ្ហាអាល្លែកហ្ស៊ី និងបញ្ហាហឺតរបស់អ្នកបើមាន
• ចៀសវាងនូវសារធាតុដែលធ្វើឲ្យអ្នករលាកច្រមុះ ដូចជាធូលី និងផ្សែងបារីជាដើម
• រក្សាអនាម័យ ដោយលាងសម្អាតដៃជាប្រចាំ
• រក្សាសំណើមនៅក្នុងបន្ទប់ និងផ្ទះរបស់អ្នក
• ប្រើស៊ីរ៉ូមប្រៃលាងសម្អាតច្រមុះជាប្រចាំតាមការណែនាំ។
ចាំបាច់ត្រូវជួបជាមួយគ្រូពេទ្យជាបន្ទាន់បើសញ្ញារបស់អ្នកមិនបាត់ក្នុងរយៈពេល១០ថ្ងៃ ពិបាកដកដង្ហើមខ្លាំង មានបញ្ហាដល់គំហើញ និងឈឺក្បាលខ្លាំងរួមជាមួយនឹងការឡើងកម្តៅខ្ពស់ខុសធម្មតា៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ សុខក្រម (SOKHAKROM)