អ្នកហាក់មានអាការ ឮសម្លេងតិចជាងមុន ពិបាកយល់ ពិសេសពេលស្ថិតនៅក្នុងកន្លែងអ៊ូអរ និងមានបញ្ហាក្នុងការស្តាប់ការបញ្ចេញសម្លេងមែនទេ? ហើយអ្នកតែងស្នើរសុំឲ្យគេនិយាយយឺតៗ និងខ្លាំងៗ ព្រមទាំងតម្លើងសម្លេងខ្លាំងពេលស្តាប់វិទ្យុ ឬទូរទស្សន៍ឬ?
ក្រៅពីនេះ អ្នកអាចដកខ្លួនចេញពីកាសន្ទនាផ្សេងៗ ឬមិនចូលរួមកម្មវិធីសង្គមមួយចំនួន ដោយមិនដឹងខ្លួន។ ទាំងអស់នេះ ជាសញ្ញាណដំបូងដែលនឹងវិវឌ្ឍទៅជាថ្លង់ក្នុងអនាគតដ៏ខ្លីខាងមុខ។
១. មូលហេតុការថ្លង់
ការស្តាប់មិនឮ ឬថ្លង់អាចបណ្តាលមកពីកត្តាហ្សែន និងមិនមែនហ្សែន ឬដោយសារតែផលវិបាកអំឡុងពេលមានផ្ទៃពោះ និងពេលកើត ធ្វើឲ្យទារកសម្រាលមកជាមួយនឹងភាពថ្លង់ពីកំណើត ក្នុងករណី៖
• ម្តាយមានការបង្ករោគដូចជា ជំងឺស្វាយ ឬស្អូច
• ខ្វះអុកស៊ីសែនពេលសម្រាល
• ការប្រើថ្នាំមិនត្រឹមត្រូវ
• កើតជំងឺខាន់លឿនពេលមានផ្ទៃពោះជាដើម។
មូលហេតុផ្សេងទៀតដែលនាំឲ្យអ្នកប្រឈមខ្ពស់នឹងការថ្លង់នៅពេលអនាគត ឬតាមអាយុរួមមាន៖
• បម្រែបម្រួលរចនាសម្ព័ន្ធត្រចៀកផ្នែកខាងក្នុងតាមវ័យ
• មានជំងឺរលាកស្រោមខួរក្បាល កញ្ច្រិល និងស្រឡទែន
• មានការបង្ករោគនៅត្រចៀករ៉ាំរ៉ៃ
• ការប្រើថ្នាំព្យាបាលគ្រុនចាញ់ ឬមហារីក អង់ទីប៊ីយ៉ូទិកមួយចំនួន និងពពួកថ្នាំជំនួយផ្លូវភេទ
• មានរបួសនៅក្បាល ឬត្រចៀក
• ធ្វើការ ឬនៅកន្លែងប្រឈមនឹងសម្លេងខ្លាំងជាប្រចាំ
• តំណពូជ ឬកត្តាហ្សែនរបស់អ្នកអាចធ្វើឲ្យមានផលប៉ះពាល់ដល់ត្រចៀក។
២. ផលវិបាកនៃអ្នកជំងឺថ្លង់
ថ្លង់ពិតជារំខានដល់គុណភាពជីវិតនៃមនុស្សគ្រប់គ្នា ករណីមួយចំនួននៃការថ្លង់ត្រូវបានរកឃើញថាងាយធ្វើឲ្យមានអារម្មណ៍បាក់ទឹកចិត្ត ដោយហេតុថាពិបាកក្នុងការសន្ទនា និងមានអារម្មណ៍ថាខ្លួនឯងនៅតែម្នាក់ឯង កណ្តោចកណ្តែង។
៣. កាត់បន្ថយការប្រឈម
• ការពារត្រចៀករបស់អ្នកដោយកំណត់រយៈពេលសមស្របក្នុងការប៉ះផ្ទាល់នឹងសម្លេងខ្លាំង ឬបន្ថយសម្លេង
• ករណីអ្នកធ្វើការងារនៅកន្លែងដែលមានសម្លេងខ្លាំងអ្នកអាចប្រើប្រាស់ផ្លាស្ទិកបិតរន្ធត្រចៀក ឬឧបករណ៍ការពារត្រចៀក
• គួរធ្វើតេស្តការស្តាប់ជាប្រចាំ បើអ្នកធ្វើការដែលប្រឈមនឹងសម្លេងខ្លាំងជាអចិន្ត្រៃយ៍
• ចំពោះស្ត្រីមានផ្ទៃពោះត្រូវ ពិនិត្យគភ៌ ថែរក្សាសុខភាព និងប្រឹក្សាជាមួយគ្រូពេទ្យមុនពេលប្រើថ្នាំណាមួយ។
ប្រសិនអ្នកបាត់បង់សម្ថភាពក្នុងការស្តាប់ ឬស្តាប់លែងឮភ្លាមៗ ទោះត្រឹមម្ខាងក៏ដោយ អ្នកត្រូវប្រញាប់ជួបជាមួយគ្រូពេទ្យឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់កឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។ គួរបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍ជំនួយក្នុងការស្តាប់នឹងត្រូវបានណែនាំពីគ្រូពេទ្យ បើអ្នកត្រូវបានរកឃើញថាថ្លង់៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ សុខក្រម (SOKHAKROM)