(+855) 11 909 020 / 69 909 011

កាន់តែស៊ីជម្រៅអំពីជំងឺរលាកថ្លើមទាំង ៥ ប្រភេទ

រលាកថ្លើមសំដៅដល់លក្ខខណ្ឌនៃការរលាកក្នុងកោសិកាថ្លើម ដែលបណ្តាលមកពីវីរុសជាចម្បង។ ក្រៅពីវីរុស ថ្លើមអាចរលាកដោយសារប្រព័ន្ធការពារបង្កើតអង់ទីករបំផ្លាញជាលិកាថ្លើមឯងៗ ការប្រើថ្នាំ ជាតិពុល និងអាល់កុល។ 

ការបង្ករោគដោយវីរុសលើកោសិកាថ្លើមដែលត្រូវបានបែងចែកជាការរលាកថ្លើមប្រភេទ A, B, C, D, និង E គឺយោងទៅតាមប្រភេទវីរុសឆ្លងចូល។ ប្រភេទនៃការរលាកថ្លើមទាំង៥ មានលក្ខណៈដោយឡែកៗដូចខាងក្រោម៖ 

១. ជំងឺរលាកថ្លើមប្រភេទ A

រលាកថ្លើមប្រភេទ A គឺជាជំងឺរលាកថ្លើមបណ្តាលមកពីវីរុសរលាកថ្លើមប្រភេទ A។ វីរុសនេះត្រូវបានរាលដាលនៅពេលអ្នកដែលមិនបានចាក់វ៉ាក់សាំង ទទួលទានអាហារ ឬទឹកកខ្វក់មានលាមកអ្នកជំងឺ។ រលាកថ្លើមប្រភេទ A ទាក់ទងខ្លាំងបំផុតជាមួយនឹងទឹកមានមេរោគ អនាម័យមិនបានគ្រប់គ្រាន់ និងបុគ្គលដែលគ្មានអនាម័យ។ ទោះជាយ៉ាងណាក៏ដោយអ្នកជំងឺអាចជាដោយខ្លួនឯង បើគាត់មានសុខភាពល្អ ហើយបង្កើតអង់ទីករការពារសម្រាប់កាឆ្លងលើកក្រោយ។

២. ជំងឺរលាកថ្លើមប្រភេទ B

រលាកថ្លើមប្រភេទ B ជាការបង្ករោគនៅថ្លើមដែលត្រូវព្យាបាលពេញមួយជីវិត កើតឡើងដោយ វីរុសរលាកថ្លើមប្រភេទ B។ វាអាចធ្វើឲ្យមានការបង្ករោគរ៉ាំរ៉ៃ និងប៉ះពាល់ដល់អាយុជីវិត តាមរយៈផលវិបាកនៃក្រិន និងមហារីកថ្លើម។ វីរុសនេះ ត្រូវបានចម្លងតាមរយៈការប៉ះឈាម ឬ សារធាតុរាវនៃអ្នកជំងឺ ការប្តូរសរីរាង្គ និងអាចឆ្លងពីម្តាយទៅកូន។

៣. ជំងឺរលាកថ្លើមប្រភេទ C

រលាកថ្លើមប្រភេទ C គឺជាបញ្ហាថ្លើមដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទ C។ វីរុសនេះ អាចបង្កឲ្យមានការរលាកថ្លើមស្រួចស្រាវ និងរ៉ាំរ៉ៃ។ វីរុសរលាកថ្លើមប្រភេទ C អាចមាននៅក្នុងឈាម និងឆ្លងតាមរយៈការប្រើសម្ភារៈមុតស្រួចរួមគ្នា ដោយមិនបានលាងសម្អាត និងឆ្លងតាមការបញ្ចូលឈាម។

៤. ជំងឺរលាកថ្លើមប្រភេទ D

រលាកថ្លើមប្រភេទ D ត្រូវបានឆ្លងតាមរយៈការប៉ះជាមួយឈាមអ្នកជំងឺ។ វាតែងកើតឡើងចំពោះ អ្នកជំងឺដែលធ្លាប់បង្ករោគដោយវីរុសរលាកថ្លើមប្រភេទ B។ អ្នកដែលមិនទាន់បានឆ្លងជំងឺរលាកថ្លើមប្រភេទ B អាចការពារជំងឺរលាកថ្លើមប្រភេទD ដោយចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B។

៥. ជំងឺរលាកថ្លើមប្រភេទ E

រលាកថ្លើមប្រភេទ E ជាជំងឺថ្លើមបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទ E ដែលឆ្លងតាមរយៈ ការទទួលទឹកដែលមានផ្ទុកមេរោគ និងសាច់សត្វដែលចម្អិនមិនបានឆ្អិនល្អ។ ជាទូទៅ វាអាចនឹងជាដោយខ្លួនឯងក្នុងរយៈពេលពី៤ទៅ ៦អាទិត្យ។ ម្តងម្កាល វាវិវឌ្ឍទៅទម្រង់ធ្ងន់ធ្ងរធ្វើឲ្យខ្សោយថ្លើមស្រួចស្រាវ ដែលអាចឲ្យអ្នកជំងឺ ស្លាប់បាន។

ជម្រើសនៃការព្យាបាលខុសៗគ្នាអាស្រ័យនឹងប្រភេទនៃការរលាកថ្លើមផ្សេងៗគ្នា។ អ្នកក៏អាចការពារទម្រង់នៃការរលាកថ្លើមប្រភេទខ្លះដោយការចាក់វ៉ាក់សាំង និងរបៀបនៃការរស់នៅដោយប្រុងប្រយ័ត្ន៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយក្រុមការងារ សុខក្រម (Sokhakrom)