(+855) 11 909 020 / 69 909 011

បើអ្នកមិនបញ្ឈប់ទម្លាប់អាក្រក់ទាំងនេះទេ អ្នកច្បាស់ជាខូចក្រលៀន

ដូចបានជ្រាបពីមុនរួចមកហើយថា ក្រលៀន គឺជាសរីរាង្គដ៏សំខាន់មួយក្នុងចំណោមសរីរាង្គដទៃទៀតនៃប្រព័ន្ធតម្រងនោម ហើយបើសិនជាមនុស្សយើងគ្មានក្រលៀនទេ យើងមិនអាចរស់រានមានជីវិតឡើយ។ 

មុខងាររបស់ក្រលៀនពិតជាសំខាន់ណាស់ ក្នុងការជួយលាងសម្អាតឈាម រក្សាលំនឹងតុល្យភាពនៃសរីរាង្គក្នុងសម្រាប់ការធ្វើមេតាបូលីសដ៏ល្អបំផុតរបស់កោសិកា និងជាលិកា ព្រមទាំងមានឥទ្ធិពលលើសម្ពាធឈាមផងដែរ។ ហើយមុខងារដ៏សំខាន់បំផុតរបស់ក្រលៀន គឺមានតួនាទីច្រោះ និងបញ្ចេញកាកសំណល់ចេញពីរាងកាយ។ 

បើសិនជាក្រលៀនបញ្ហា ឬខូចខាត វានឹងធ្វើឱ្យប៉ះពាល់ដល់មុខងាររបស់ក្រលៀនដូចបានជម្រាប់ជូនខាងលើ ហើយពុំមានការព្យាបាលជាសះស្បើយក្រលៀនឡើយ ដំណាក់កាលចុងក្រោយមានតែធ្វើការវះកាត់ប្ដូរក្រលៀនតែប៉ុណ្ណោះ។ 

គេកត់សម្គាល់ឃើញថា មានហេតុផល ៣ យ៉ាងសំខាន់ៗដែលធ្វើឱ្យក្រលៀនខូចគឺ ៖ 

១. ផឹកទឹកពុំបានគ្រប់គ្រាន់ ៖ មុខងារដ៏សំខាន់នៃក្រលៀន គឺមានតួនាទីច្រោះសារធាតុរាវ និងបញ្ចេញកាកសំណល់ចេញពីរាងកាយ។ បើសិនជា អ្នកផឹកទឹកពុំបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ នោះជាតិពុលនៅក្នុងរាងកាយនឹងកើនឡើង បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ក្រលៀន។ 

២. ការបរិភោគជាតិប្រៃ និងជាតិផ្អែមច្រើនពេក ៖ អាហារមានជាតិប្រៃខ្លាំង ច្រើនបង្កឱ្យយើងប្រឈមជំងឺលើសឈាម តែវាជះឥទ្ធិពលអាក្រក់ដល់ក្រលៀនផងដែរ។ ការបរិភោគអាហារជាតិផ្អែមច្រើន អាចបង្កឱ្យមានជាតិប្រូតេអ៊ីនក្នុងទឹកនោម។ បើទឹកនោមផ្ទុកជាតិប្រូតេអ៊ីន វាជាសញ្ញាមួយប្រាប់ថា ក្រលៀនធ្វើការមិនប្រក្រតី និងកំពុងប្រឈមការខូចខាត។ បន្ថែមពីលើនេះដែរ ការបរិភោគអាហារសម្បូរប្រូតេអ៊ីនច្រើនពេកជាប្រចាំ ក៏ជាមូលហេតុធ្វើឱ្យក្រលៀនខូចខាតផងដែរ។ 

៣. កង្វះលំហាត់ប្រាណ និងការរក្សាទម្ងន់ ៖ បើសិនជាយើងកង្វះលំហាត់ប្រាណជាប្រចាំថ្ងៃ វាមិនត្រឹមតែធ្វើឱ្យសរីរាង្គរបស់យើងខ្សោយពីមួយថ្ងៃទៅមួយថ្ងៃនោះទេថែមទាំងធ្វើឱ្យក្រលៀនខ្សោយផងដែរ។ ការឡើងទម្ងន់ជាមូលហេតុធញវើឱ្យក្រលៀនខ្សោយផងដែរ។ អ្នកជំនាញបានណែនាំថា ការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ ឬឱ្យបានទៀងទាត់ក្នុងមួយសប្ដាហ៍ បូករួមទាំងការរក្សាទម្ងន់ឱ្យសមស្រប ជាគន្លឺះដ៏សំខាន់មួយក្នុងការថែរក្សាសុខភាពក្រលៀន។

ក្រៅពីការលើកឡើងខាងលើនេះ នៅមានទម្លាប់អាក្រក់ៗមួយចំនួនទៀត ដែលបង្កគ្រោះថ្នាក់ដល់ក្រលៀន រួមមាន៖ 

- ពិសាជាតិអាកុលច្រើនពេក ដូចជា ស្រាបៀ ជាដើម។
- ជក់បារីច្រើនពេកក្នុងមួយថ្ងៃ ។
- គេងពុំបានគ្រប់គ្រាន់ ។
- ទប់នោមយូរពេក បានបង្កផលប៉ះពាល់ដល់ក្រលៀន ហើយបើអ្នកឧស្សាហ៍មានទម្លាប់នេះ នោះក្រលៀនរបស់អ្នកនឹងខូចមិនយូរឡើយ ៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)