(+855) 11 909 020 / 69 909 011

ស្វែងយល់ពីវិធីការពារខ្លួនឯងពីជំងឺក្រលៀន

ដូចអ្នកបានជ្រាបពីមុនរួចមកហើយថា ជំងឺក្រលៀន ព្យាបាលមិនជានោះទេ ហើយនៅពេលដែលក្រលៀនខូច មុខងារទាំងអស់របស់ក្រលៀននឹងថយចុះ រួមមាន មិនច្រោះឈាម មិនបញ្ចេញជាតិទឹក និងអាស៊ីត  ធ្វើជាតិពុលកើនឡើងក្នុងរាងកាយជាដើម ជាហេតុអ្នកជំងឺងាយប្រឈមនឹងការបាត់បង់ជីវិតណាស់។   

ដូច្នេះ បើសិនជាអ្នកមិនចង់ឱ្យក្រលៀនខូច ដំបូន្មានល្អបំផុតត្រូវយល់ដឹងពីវិធីការពារខ្លួនឯងពីជំងឺក្រលៀន ដូចបានបញ្ជាក់ជូនខាងក្រោមនេះ៖ 

១. របបអាហារ និងការរស់នៅ

- ព្យាយាម​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន បរិភោគ​បន្លែ និង​ផ្លែឈើ និង​ចៀសវាង​ការទទួល​ទាន​ម្ហូប​កែច្នៃ និង​ម្ហូបអាហារ​ណា​ដែល​ផ្ទុក​ទៅ​ដោយ​សារជាតិ​កូលេស្តេរ៉ូល​ខ្ពស់​ ជាពិសេសអាហារសម្បូរជាតិផ្អែម និងប្រៃ។ 

- ត្រូវរស់នៅប្រកបដោយផាសុខភាព និងហាត់ប្រាណជាប្រចាំថ្ងៃ ទើបជួយថែរក្សាសុខភាពក្រលៀនឱ្យនៅល្អ និងចៀសវាងជំងឺក្រលៀន។

២. ការពិនិត្យសុខភាព 

ការធ្វើតេស្តពិនិត្យសុខភាព ជាកត្តាសំខាន់មួយដើម្បីបន្ថយហានិភ័យជំងឺក្រលៀន និងពន្យារការវិវឌ្ឍធ្ងន់ធ្ងរ នៃជំងឺក្រលៀនក្នុងករណីអ្នកកើតជំងឺក្រលៀន។
ខាងក្រោមនេះ ជាលក្ខខណ្ឌមួយចំនួនដែលតម្រូវឱ្យពិនិត្យសុខភាពក្រលៀន៖ 

- ជាទូទៅ គ្រូពេទ្យតម្រូវឱ្យយើងពិនិត្យតាមដានសម្ពាធឈាមជាប្រចាំ ពីព្រោះថា បើសម្ពាធឈាមឡើងខ្ពស់ វាជាមូលហេតុជួយពន្លឿនល្បឿនជំងឺក្រលៀនដែលយើងមិនដឹង បានន័យថា បើសិនជាសម្ពាធឈាមរបស់យើងឡើងខ្ពស់ នោះយើងក៏ងាយនឹងកើតជំងឺក្រលៀនដែរ។  

- អ្នកជំងឺទឹកនោមផ្អែម និងជំងឺបេះដូង អ្នកធ្លាប់មានប្រវត្តិបញ្ហាក្រលៀន ឬក្នុងគ្រួសារធ្លាប់មាននរណាម្នាក់មានបញ្ហាក្រលៀន គួរតែពិនិត្យតាមដានសុខភាពឱ្យបានទៀងទាត់ ជាពិសេសអ្នកជំងឺទឹកនោមផ្អែម ពីព្រោះជំងឺទឹកនោមផ្អែមជាមូលហេតុចម្បងធ្វើឱ្យខូចក្រលៀនមិនអាចចៀសផុតនោះទេ បានន័យថា បើអ្នកកើតជំងឺទឹកនោមផ្អែម អ្នកច្បាស់ជាខូចក្រលៀន ហេតុនេះហើយ ទើបតម្រូវឱ្យអ្នកជំងឺទឹកនោមផ្អែម ពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីពន្យារការខូចក្រលៀន។

- មនុស្សដែលមានវ័យលើសពី ៤០ ឆ្នាំ គ្រូពេទ្យបានណែនាំឱ្យទៅធ្វើតេស្តពិនិត្យសុខភាពមុខងាររបស់ក្រលៀន ​នៅ​រៀងរាល់​ក្នុង​​អំឡុង​ពេល​ ៥ ​ឆ្នាំ​ម្ដង​។ 

- ដោយឡែកចំពោះការប្រើប្រាស់ថ្នាំ និងឱសថ ត្រូវមានវេជ្ជបញ្ជាច្បាស់លាស់ពីគ្រូពេទ្យ និងចៀសវាងការប្រើថ្នាំបំបាត់ការឈឺចាប់ លើកលែងតែមានករណីចាំបាច់តែប៉ុណ្ណោះ។   

គួរបញ្ជាក់ថា បើទោះបីជាជំងឺក្រលៀនព្យាបាលមិនជា តែអ្នកជំងឺចាំបាច់ត្រូវតែមកទទួលយកការព្យាបាលពីគ្រូពេទ្យឱ្យបានទៀងទាត់ ព្រោះថា ការព្យាបាលអាចជួយពន្យារពេលនៃការវិវឌ្ឍធ្ងន់ធ្ងរនៃជំងឺក្រលៀន៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)