អត្ថបទនេះសម្រាប់អ្នកចង់ឱ្យក្រលៀនមានសុខភាពល្អ និងរឹងមាំ ទប់ស្កាត់បញ្ហាខ្សោយក្រលៀន ជួយឱ្យអ្នកខ្សោយក្រលៀនមានក្រលៀនល្អឡើងវិញ និងបន្ថយហានិភ័យជំងឺក្រលៀន។
ដូចបានជ្រាប់រួចមកហើយថា ក្រលៀន ជាសរីរាង្គដ៏សំខាន់ដែលមនុស្សមិនអាចខ្វះបាន បើគ្មានក្រលៀនទេ មនុស្សមិនអាចរស់រានមានជីវិតបានឡើយ។
បើសិនជាក្រលៀនខ្សោយ មុខងារទាំងអស់របស់ក្រលៀននឹងដំណើរការថយចុះ ឬខុសប្រក្រតីប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងការរស់នៅរាល់ថ្ងៃ។ គួរបញ្ជាក់ថា ក្រលៀនមានមុខងារសំខាន់ៗដូចជា ច្រោះឈាម ផលិតអ័រម៉ូន ស្រូបយកជាតិរ៉ែ ផលិតទឹកនោម បញ្ចេញជាតិពុល និងអាស៊ីតចេញពីរាងកាយជាដើម។
ប្រាកដណាស់ បើក្រលៀនខ្សោយ ក្រលៀនអាចរឹងមាំឡើងវិញបាន តែបើកើតជំងឺក្រលៀន គឺមិនអាចព្យាបាលជាសះស្បើយនោះទេ មានតែការព្យាបាលជួយទប់ទល់ភាពទ្រុឌទ្រោមនៃក្រលៀន និងពន្យឺតល្បឿនផលវិបាកធ្ងន់ធ្ងរនៃជំងឺក្រលៀនតែប៉ុណ្ណោះ។
ដូច្នេះ យើងគ្រប់គ្នាគួរតែថែរក្សាសុខភាពក្រលៀនឱ្យបានល្អ ចៀសវាងក្រលៀនខ្សោយ ឈានដល់ការកើតជំងឺក្រលៀនដែលប្រឈមនឹងការបាត់បង់ជីវិត។
ខាងក្រោមនេះជាដំបូន្មានទាំង ៣ចំណុច ដែលអ្នកគួរតែអនុវត្តជាប្រចាំថ្ងៃដើម្បីសុខភាពក្រលៀន៖
១. អាហារជំនួយដល់ក្រលៀន
- ក្រូចឆ្មា
- អាហារសម្បូរប្រតេអ៊ីន
- ម្ទេសប្លោក
- សារាយសមុទ្រ
- ត្រីសាម៉ុង
- ត្រីស្បៃកា
- ត្រីសាឌីនធំៗ
- ត្រីផ្ទុកជាតិខ្លាញ់ច្រើន (អូមេហ្គាបី)
២. ផឹកទឹក
ដោយហេតុថា ក្រលៀន មានមុខងារដ៏សំខាន់ក្នុងការច្រោះឈាម បញ្ចេញជាតិទឹក និងជាតិពុលពីរាងកាយ ហេតុនេះ ទឹកពិតជាសំខាន់ណាស់សម្រាប់ក្រលៀនក្នុងការបំពេញមុខងារទាំងនោះ។ ដូច្នេះ អ្នកគួរតែផឹកទឹកឱ្យបានច្រើនក្នុងមួយថ្ងៃ វានឹងធ្វើឱ្យក្រលៀនមានសុខភាពល្អ និងរឹងមាំ ហើយចំពោះអ្នកដែលជួបប្រទះបញ្ហាខ្សោយក្រលៀន គួរតែបង្កើនការផឹកទឹកឱ្យបានច្រើនក្នុងមួយថ្ងៃ នោះក្រលៀននឹងមានសុខភាពល្អឡើងវិញផងដែរ។
៣. ហាត់កីឡា
រាល់ការណែនាំទាំងអស់ សុទ្ធតែបញ្ជាក់ថា ការហាត់ប្រាណ ឬលេងកីឡាជាប្រចាំថ្ងៃ ពិតជាមិនអាចកាត់ផ្ដាច់បានទេ ចំពោះសុខភាពក្រលៀនក៏ដូចគ្នាដែរ ដើម្បីឱ្យក្រលៀនមានសុខភាពល្អ និងរឹងមាំ ហើយចំពោះអ្នកខ្សោយក្រលៀន ក៏អាចជួយធ្វើឱ្យក្រលៀនមានភាពប្រសើរឡើងវិញផងដែរ៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)