(+855) 11 909 020 / 69 909 011

តើក្នុងរដូវក្ដៅយើងគួរផឹកទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ?

ដូចអ្នកធ្លាប់បានដឹងរួចមកហើយថា ជាទូទៅ សម្រាប់មនុស្សដែលមានសុខភាពធម្មតា រាងកាយរបស់ពួកគេត្រូវការជាតិទឹកគឺ ៨ កែវ ឬ ២ លីត្រក្នុងមួយថ្ងៃ តែអ្នកប្រហែលជាពុំទាន់បានដឹងពីតម្រូវការទឹកក្នុងរដូវក្ដៅឡើយ។ 

តើក្នុងរដូវក្ដៅយើងគួរផឹកទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ ទើបអាចជួយរក្សាជាតិទឹកក្នុងរាងកាយបានគ្រប់គ្រាន់? តើហេតុផលសំខាន់ៗអ្វីខ្លះដែលជម្រុញឱ្យយើងយកចិត្តទុកដាក់ក្នុងការផឹកទឹកនារដូវក្ដៅ? 

ពិតណាស់ថា ទឹកជាសារធាតុរាវសំខាន់បំផុតនៅលើពិភពលោក បើគ្មានទឹកទេ មនុស្ស សត្វ និងរុក្ខជាតិទាំងអស់មិនអាចរស់រាន្តមានជីវិតឡើយ។ ហើយរាងកាយរបស់មនុស្សយើង គឺត្រូវការទឹកជាចាំបាច់ ដើម្បី៖
- ប្រព័ន្ធរាងកាយទទួលបានជាតិទឹកគ្រប់គ្រាន់ក្នុងការបំពេញមុខងារនីមួយៗរបស់ខ្លួន
- ពង្រឹងគុណភាពប្រព័ន្ធភាពស៊ាំប្រឆាំងពីការកើតជំងឺផ្សេងៗ (ប្រព័ន្ធភាពស៊ាំ ជាភ្នាក់ងារមួយពីធម្មជាតិរបស់រាងកាយ មានតួនាទីចម្បងក្នុងការប្រឆាំងជំងឺផ្សេងៗ ជាពិសេសជំងឺឆ្លង ដូចជា ជំងឺរាគរូសជាដើម)
- បង្កើនថាមពលដល់រាងកាយ 
- ជម្រុញដល់ការលូតលាត់របស់រាងកាយ
- រក្សាសីតុណ្ហភាពរាងកាយមិនឱ្យក្ដៅពេក ត្រជាក់ពេក
- លាងសម្អាតជាតិពុលចេញពីរាងកាយ
- ជំនួយដល់ក្រពះ ពោះវៀន ក្នុងដំណើរការរំលាយអាហារ 
- ជំនួយដល់សុខភាពស្បែក និងទប់ស្កាត់បញ្ហាប្រឈមនានាដែលកើតឡើងលើសម្រស់របស់យើង ដូចជា ភាពជ្រីវជ្រួញ ភាពចាស់ 

ដោយហេតុ ទឹកមានសារៈសំខាន់បែបនេះហើយ ទើបយើងគ្រប់គ្នាមិនគួរបណ្ដោយឱ្យរាងកាយខ្វះជាតិទឹកឡើយ ហើយក៏ត្រូវដឹងផងដែរថា ការបាត់បង់ជាតិទឹកក្នុងខ្លួននឹងធ្វើឱ្យយើងមានអារម្មណ៍ថា ហត់ អស់កម្លាំងរហិតរហៃ ពិបាកប្រមូលអារម្មណ៍ នោម​តិច ឬ​មិន​នោម ខ្សោយ​សាច់ដុំ វិលមុខ ងងឹតមុខ និងមានអារម្មណ៍ស្រេកទឹកឥតឈប់។

ចំពោះការបាត់បង់ជាតិទឹកក្នុងខ្លួនយ៉ាងច្រើនសម្បើម នឹងធ្វើឱ្យប្រព័ន្ធរាងកាយទទួលរងនូវផលវិបាកខ្លាំងក្នុងការបំពេញមុខងាររបស់ខ្លួន ដែលត្រឡប់មកវិញ ធ្វើឱ្យប្រ័ពន្ធរាងកាយចុះខ្សោយ ងាយកើតជំងឺផ្សេងពិសេសជំងឺតម្រងនោម ពន្លឿនល្បឿននៃការបាត់បង់សម្រស់ និងធ្ងន់ធ្ងរប្រឈមនឹងការបាត់បង់ជីវិត។

មានហេតុផលជាច្រើនដែលធ្វើឱ្យបាត់បង់ជាតិទឹកក្នុងរាងកាយដូចជា កត្តាជំងឺ ពិសេសជំងឺរាគរូស ការបញ្ចេញសកម្មភាពច្រើន (កីឡា ពលកម្ម ធ្វើការលើសកម្លាំង) ជាពិសេសទម្លាប់មិនសូវខ្វាយខ្វល់ពីកាផឹកទឹករបស់បុគ្គលតែម្ដង។ ទន្ទឹមនឹងនេះដែរ ការបម្រែបម្រួលអាកាសធាតុ ក៏ជាកត្តាចម្បងមួយធ្វើឱ្យបាត់បង់ជាតិទឹកក្នុងខ្លួនដែរ ជាក់ស្ដែង ក្នុងរដូវក្ដៅ កង្វះជាតិទឹកតែងកើតឡើង និងកើនឡើងជារឿយៗសម្រាប់មនុស្សគ្រប់រូប នេះក៏ដោយសារតែ នៅអាកាសធាតុក្ដៅធ្វើឱ្យអ្នកបែកញើសច្រើនខុសពីធម្មតារាល់គ្រប់ការបញ្ចេញសកម្មភាពទាំងអស់ ហើយទោះបីជាយើងមិនបានបញ្ចេញសកម្មភាពអ្វីសោះ ក៏អាកាសធាតុក្ដៅ និងហប់ធ្វើឱ្យយើងបែកញើសដែរ។

បន្ទាប់ពីអ្នកបានដឹងពីខាងលើមកពី សារៈសំខាន់នៃទឹកចំពោះរាងកាយ និងផលវិបាកនៃការបាត់បង់ជាតិទឹក ឬកង្វះជាតិទឹកក្នុងរាងកាយ និងមូលហេតុធ្វើឱ្យអ្នកបាត់បង់ជាតិទឹក តទៅនេះអ្នកគួរតែយល់ដឹងពី ការរក្សាជាតិទឹក និងបង្កើនជាតិទឹកក្នុងរាងកាយវិញម្ដង ជាពិសេសក្នុងរដូវក្ដៅនេះតែម្ដង។ 

ជាទូទៅ ទឹកចំនួន ២ លីត្រ បូករួមទាំងការបរិភោគអាហារ និងផឹកភេសជ្ជៈផ្សេងៗទៀត គឺគ្រប់គ្រាន់ហើយសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់រាងកាយ តែយ៉ាងណាមិញ តម្រូវការជាតិទឹករបស់រាងកាយនិងប្រែប្រួលទៅតាមស្ថានភាពរបស់បុគ្គល ជំងឺ និងអាកាសធាតុ ជាក់ស្ដែង ដើម្បីរក្សាជាតិទឹក និងបង្កើនជាតិទឹកក្នុងរាងកាយក្នុងរដូវក្ដៅ មនុស្សធម្មតាទូទៅគួរតែផឹកទឹកឱ្យច្រើនជាង ២ លីត្រ ក្នុងមួយថ្ងៃ។ ចំពោះមនុស្សពេញវ័យ គួរតែផឹកទឹកចន្លោះពី ២ លីត្រ ទៅ ៤ លីត្រក្នុងមួយថ្ងៃ ព្រោះជា ជាវ័យដែលរាងកាយបញ្ចេញសកម្មភាពច្រើន បូករួមទាំងការប្រែប្រួលអាកាសធាតុដូចជា​ ក្នុងរដូវក្ដៅតម្រូវការទឹករបស់រាងកាយអាចច្រើនជាងរដូវត្រជាក់។ 

គួរបញ្ជាក់ផងដែរថា « កុំចាំទាល់តែស្រេកទឹក ទើបផឹកទឹក នៅពេលយើងស្រេកទឹក បានន័យថា រាងកាយខ្វះជាតិទឹក ដូច្នេះ យើងគួរតែផឹកទឹកទោះបីជាមិនស្រេកក៏ដោយ និងផឹកចន្លោះពី ៣០ នាទី ម្ដង ឬអាចរៀបកាលវិភាគផឹកទឹក ១ ម៉ោង ផឹកម្ដង ម្ដងផឹកទឹកក្នុងបរិមាណ ១ កែវ។ » 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)