(+855) 11 909 020 / 69 909 011

បញ្ចុះកំដៅកូនៗដោយខ្លួនឯង មុននឹងកូនៗទៅពេទ្យព្យាបាល 

អាការក្ដៅខ្លួន ជាសញ្ញាមួយបញ្ជាក់ថា រាងកាយរបស់កុមារ និង ក្មេង កំពុងតែធ្វើប្រតិកម្មការពារខ្លួនប្រឆាំងនឹងអ្វីម្យ៉ាងដែលមករំខានសុខភាពរបស់ពួកគេ ដូចជា ប្រឆាំងការបង្ករោគ ការរលាក ការចាក់ថ្នាំបង្ការ ឬការដុះធ្មេញជាដើម។ 

ជាទូទៅ អាការក្ដៅខ្លួនរបស់កុមារ និងក្មេង គឺជាជំងឺធម្មតាមួយ មិនសូវបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ហើយវានឹងបាត់ទៅវិញនៅ ២ ទៅ ៣ ថ្ងៃក្រោយ។ តែទោះបីជាយ៉ាងណា ឪពុកម្ដាយ ឬអាណាព្យាបាល គួរតែយល់ដឹងពីវិធីបញ្ចុះកំដៅកូនៗ ប្រសើរជាងទុកឱ្យពួកគេបាត់ក្ដៅខ្លួនដោយខ្លួនឯងដែរ។ ម្យ៉ាងវិញទៀត ដោយហេតុថា ជាទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃ នៅពេលដែលកូនៗក្ដៅខ្លួន ឪពុកម្ដាយ ឬអាណាព្យាបាល តែងតែប្រើប្រាស់វិធីបញ្ចុះកំដៅខ្លួនកូនដោយខ្លួនឯងជានិច្ច លុះត្រាតែក្មេងក្ដៅខ្លួនខ្លាំងបញ្ចុះកំដៅមិនព្រមបាត់ ទើបសម្រេចចិត្តនាំកូនៗទៅពេទ្យ។ ដូច្នេះ ការយល់ដឹងពីវិធីបញ្ចុះកំដៅកុមារ ពិតជាមានសារៈសំខាន់ណាស់។ 

ខាងក្រោមនេះជាវិធីងាយៗអាចអនុវត្តដោយខ្លួនឯងបាន ដើម្បីបញ្ចុះកំដៅកូនៗ៖ 

- សូមឱ្យក្មេងផឹកទឹកឱ្យបានច្រើន (សារធាតុរាវនឹងជ្រាបចូលរាងកាយរបស់កុមារ ជួយបញ្ចុះកំដៅពួកគេបានយ៉ាងមានប្រសិទ្ធិភាព) 
- សូមយកក្រណាត់ជ្រលក់ទឹកធម្មតា (មិនក្ដៅពេក មិនត្រជាក់ពេក) ជូតថ្នមៗឱ្យសព្វលើដងខ្លួនរបស់ក្មេង រួចឱ្យក្មេងគេងឱ្យបានច្រើន។     
- សូមស្លៀកសំលៀកបំពាក់ស្ដើងៗឱ្យក្មេង ចៀសវាងខោអាវជិតៗ ព្រោះថា នៅពេលដែលចំហាយក្ដៅរបស់ក្មេងភាយចេញមកក្រៅ វានឹងធ្វើឱ្យក្មេងក្ដៅហប់ ហើយកំដៅក្នុងខ្លួនរបស់ពួកគេនឹងកើនឡើង។  
- សូមឱ្យក្មេងស្លៀកពាក់ស្ដើងៗពេលគេងយប់ តែក្នុងករណីក្មេងរងារខ្លាំង (សូមយកភួយដណ្ដប់ឱ្យក្មេង បើក្មេងឈប់រងារ ត្រូវយកភួយចេញភ្លាម)។   

ជាមួយគ្នានេះដែរ ឪពុកម្ដាយ ឬអាណាព្យាបាល អាចប្រើប្រាស់ថ្នាំបញ្ចុះកំដៅឱ្យកូនៗលេប ឬផឹកបាន តែគួរណាស់តែមានការណែនាំពីគ្រូពេទ្យឱ្យបានច្បាស់លាស់ ចៀសវាងប្រតិកម្មបង្កជាគ្រោះថ្នាក់ផ្សេងៗ ប្រព័ន្ធការពាររាងកាយ ឬប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅខ្សោយ។ គួរបញ្ជាក់ថា ក្នុងប្រទេសកម្ពុជា ប្រភេទថ្នាំបញ្ចុះកំដៅ មានដូចជា ប៉ារ៉ាសេតាមុល និងគីណាល់ជាដើម។ 

ដោយឡែក ក្នុងករណីដែលកូនៗក្ដៅខ្លួនខ្លាំងខុសពីធម្មតា និងលេចចេញអាការគួរឱ្យបារម្ភដូចខាងក្រោមនេះ ដាច់ខាតត្រូវនាំពួកគេទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់ ប្រសិនបើ៖ 

- ក្មេងក្ដៅខ្លួនលើសពីពីរបីថ្ងៃ 
- កម្ដៅក្នុងខ្លួនក្ដៅខ្លាំងឡើងៗលើសពី ៣៨​,៥ អង្សា
- ក្មេង​មាន​អាយុ​ក្រោម​បី​ខែ
- ក្មេង​លែង​លេង លែង​ញ៉ាំ
- ក្មេងធ្លាប់កើតមានជំងឺរ៉ាំរ៉ៃអ្វីមួយ ហើយការក្ដៅខ្លួនខ្លាំងអាចជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាផ្សេងៗទៀតនៃជំងឺនោះ
- លេចចេញអាការ ក្ដៅខ្លួនខ្លាំងរហូត ក្អួតចង្អោរ ឬ​រាករូស​ញឹកញាប់ រងារញាក់ មិនឃ្លានអាហារ ខ្សោយអស់កម្លាំង យំខ្លាំង ឈឺក្បាល ដកដង្ហើមឮសូរ និងមានចំហាយក្ដៅ (បញ្ហាផ្លូវដង្ហើម)៕   

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)