(+855) 11 909 020 / 69 909 011

យល់ដឹងពីការចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត 

ជំងឺឆ្កែឆ្កួត ជាជំងឺធ្ងន់ធ្ងរមួយប្រភេទបង្កឡើងពីវីរុស កើតលើសត្វឆ្កែ ឆ្មារ ស្វា ប្រជៀវ ឬថនិកសត្វផ្សេងទៀត និងឆ្លងមកមនុស្សនៅពេលសត្វដែលមានផ្ទុកមេរោគទាំងនោះខាំ។ វ៉ាក់សាំងអាចឱ្យអ្នកឆ្លងចៀសផុតពីគ្រោះថ្នាក់ដល់ជីវិតបាន ដែលគ្រប់គ្នាអាចចាក់ការពារមុន និងអាចចាក់បន្ទាប់ពីសត្វខាំ។ អ្នកជំងឺនឹងអាចស្លាប់បានបើមិនបានចាក់វ៉ាក់សាំងបង្ការជំងឺនេះឱ្យទាន់ពេលវេលាទេនោះ។ 

១. នរណាខ្លះគួរចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត? ចាក់ពេលណា?

វ៉ាក់សាំងការពារមុនសត្វខាំ ត្រូវបានណែនាំចំពោះអ្នកដែលស្ថិតនៅក្នុងការប្រឈមខ្ពស់ជាមួយនឹងជំងឺឆ្កែឆ្កួត ដូចជាពេទ្យសត្វ អ្នកចិញ្ចឹមសត្វ អ្នកដើរព្រៃ បុគ្គលិកសុខាភិបាលក្នុងមន្ទីរពិសោធន៍ និងអ្នកដំណើរដែលត្រូវទៅកាន់តំបន់ដែលមានជំងឺឆ្កែឆ្កួត។ ការចាក់វ៉ាក់សាំងបង្ការជាមុនធ្វើឡើង៣ដង ដោយលើកទី១ចាក់ពេលណាក៏បាន លើកទី២ចាក់នៅ៧ថ្ងៃក្រោយចាក់លើទី១ និងលើកទី៣ចាក់នៅ២១ឬ២៨ថ្ងៃបន្ទាប់ពីលើកទី១។ 

សម្រាប់អ្នកដែលឆ្លង ឬត្រូវបានសត្វខាំហើយ ត្រូវសម្អាតកន្លែងខាំនោះភ្លាមៗ និងទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់។ ករណីមិនធ្លាប់ចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតពីមុន នោះអ្នកនឹងតម្រូវឱ្យចាក់៥ដង ដោយចាក់លើកទី១ភ្លាមៗ លើកទី២នៅថ្ងៃទី៣ លើកទី៣នៅថ្ងៃ៧ លើកទី៤នៅថ្ងៃ១៤ និងលើកទី៥នៅថ្ងៃ២៨។ ចំពោះករណីធ្លាប់ចាក់វ៉ាក់សាំងនេះពីមុន អ្នកនឹងត្រូវចាក់បន្ថែមតែ២ដងទេ គឺលើកទី១ភ្លាមៗ និងលើកទី២នៅ៣ថ្ងៃបន្ទាប់។
 
២. ករណីណាដែលអ្នកមិនគួរចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត?

ប្រឹក្សាជាមួយគ្រូពេទ្យជាមុនបើអ្នកធ្លាប់មានប្រតិកម្មអាល្លែកហ្ស៊ីធ្ងន់ធ្ងរពេលចាក់ពីមុន ឬមានប្រតិកម្មជាមួយសារធាតុផ្សំនៃវ៉ាក់សាំង។ អ្នកមិនគួរចាក់វ៉ាក់សាំងនេះទេ ករណីអ្នកមានប្រព័ន្ធការពាររាងកាយចុះខ្សោយ ដូចជា មានជំងឺអេដស៍ ព្យាបាលដោយថ្នាំស្តេរ៉ូអ៊ីត មានជំងឺមហារីក ឬព្យាបាលមហារីកដោយកាំរស្មី ឬថ្នាំ។ 
 
៣. ផលរំខានណាខ្លះនឹងកើតមានបន្ទាប់ពីចាក់វ៉ាកសាំងនេះ?

ផលរំខានស្រាលដែលតែងកើតមានក្រោយការចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតរួមមាន ឈឺ ក្រហម ហើម រមាស់ត្រង់កន្លែងចាក់។ ក្រៅពីនេះ ក៏អាចមានសញ្ញាឈឺក្បាល ចង្អោរ ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ ក្តៅខ្លួន និងប្រតិកម្មអាល្លែកហ្ស៊ី (កម្រ) ចំពោះករណីធ្ងន់ធ្ងរ។ គួរបញ្ជាក់ថា សូមកុំបារម្ភចំពោះអាការទាំងនេះ ព្រោះវានឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលខ្លី៕   

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)