(+855) 11 909 020 / 69 909 011

យល់ដឹងពីជំងឺស្រ្តូក ឬដាច់សរសៃឈាមខួរក្បាល

១. តើអ្វីទៅជាជំងឺដាច់សរសៃឈាមខួរក្បាល? 

ជំងឺដាច់សរសៃឈាមខួរក្បាល ( Stroke ) គឺជាជំងឺដែលបង្កឡើងដោយការស្ទះសរសៃឈាមខួរក្បាល (មានកំណកឈាមមួយកក់ស្ទះក្នុងសរសៃឈាម) ឬអាចបណ្ដាលមកពីការដាច់សរសៃឈាមខួរក្បាល (សម្ពាធឈាមឡើងខ្ពស់ ដែលភាសាសាមញ្ញហៅថា ជំងឺលើសឈាម)។ 

២. តើអ្វីខ្លះជារោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល? 

គេកត់សម្គាល់ឃើញថា រោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល ផ្ដោតលើពាក្យថា FAST ដែលមានន័យថា ៖  
- F= Face សំដៅលើរោគសញ្ញា អ្នកជំងឺធ្លាក់មុខមួយចំហៀង ឆ្វេង ឬខាងស្ដាំ 
- A=Arm សំដៅលើរោគសញ្ញា ដៃរបស់អ្នកជំងឺទន់ ធ្លាក់ កម្រើកអត់បាន
- S=Speech សំដៅលើរោគសញ្ញា អ្នកជំងឺនិយាយមិនច្បាស់ និងស្ដាប់មិនយល់ (និយាយឡុលៗ) 
- T=Time សំដៅលើពេលវេលា បានន័យថា ប្រសិនបើអ្នកជំងឺលេចចេញរោគសញ្ញាខាងលើនេះ សូមប្រញាប់រុះរាន់នាំអ្នកជំងឺទៅជួបជាមួយគ្រូពេទ្យ ដើម្បីកាត់បន្ថយអត្រាប្រឈមពិការភាព និងមរណភាព។ 

៣. តើការព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាលធ្វើឡើងយ៉ាងដូចម្ដេច? 

ជាទូទៅ ការព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាល ពុំសូវទទួលបានផលល្អនោះទេ គឺគ្រាន់តែជួយកាត់បន្ថយអត្រាពិការភាព និងមរណភាពបានខ្លះ។ 

ជាមួយគ្នានេះដែរ ការព្យាបាលមានតាមដំណាក់កាលរបស់វា ប្រសិនបើដំណាក់កាលដំបូង បន្ទាប់ពីអ្នកជំងឺលេចចេញរោគសញ្ញាដូចបានជម្រាប់ជូនខាងលើ សូមនាំអ្នកជំងឺមកកាន់មន្ទីរពេទ្យ ឱ្យបានមុន ៤ ម៉ោងកន្លះ គ្រូពេទ្យអាចនឹងធ្វើការចាក់ថ្នាំរំលាយឈាម បើការចាក់ថ្នាំធ្វើឡើងបានត្រឹមត្រូវ ១៥នាទីក្រោយអ្នកជំងឺអាចកម្រើកបានធម្មតាវិញ។ 

ដោយឡែកការព្យាបាលជម្រើសផ្សេងទៀត គ្រូពេទ្យអាចព្យាបាលដោយការប្រើថ្នាំ បច្ចេកទេស ការធ្វើចលនា ការផ្ដល់ចំណីអាហារ និងការបង្ហាត់បង្រៀនការនិយាយដល់អ្នកជំងឺ។ 

៤. តើយើងអាចការពារខ្លួនពីជំងឺដាច់សរសៃឈាមខួរក្បាលដោយវិធីណា? 

វិធីបង្ការជំងឺដាច់សរសៃឈាមខួរក្បាលល្អបំផុត ដែលអាចការពារបានរហូតដល់ ៤០% គឺការព្យាបាលជំងឺលើសឈាមបានល្អប្រសើរ។ ហានិភ័យមួយចំនួនទៀតដែលនៅសេសសល់ គឺអ្នកជំងឺគួរតែព្យាបាលជាមុន មុននឹងជំងឺដាច់សរសៃឈាមខួរក្បាលមកដល់។ 

បន្ថែមពីលើនេះ ដើម្បីចៀសវាងការប្រឈមជំងឺដាច់សរសៃឈាមខួរក្បាល សម្រាប់អ្នកជំងឺទឹកនោមផ្អែម គួរតែគ្រប់គ្រងជាតិស្ករ និងព្យាបាលឱ្យបានត្រឹមត្រូវ ។ បន្ថយការពិសាសុរា និងបារី ។ គួរតែយកចិត្តទុកដាក់ក្នុងការបរិភោគ ចៀសឱ្យបានអាហារផ្ទុកសារជាតិគីមី ព្រោះអាហារជារឿងសំខាន់។ គួរតែតាមដានទម្ងន់របស់ខ្លួនឱ្យបានត្រឹមត្រូវ និងរក្សាទម្ងន់ឱ្យសមស្របនឹងកំពស់របស់អ្នក។ ចំពោះអ្នកធ្វើការងារ គួរតែបង្កើនភាពរីករាយឱ្យខ្លួនឯងជាមួយការងារឱ្យបានច្រើន ដើម្បីកុំឱ្យមានភាពតានតឹង។

ដោយឡែក សម្រាប់អ្នកដែលកើតជំងឺដាច់សរសៃឈាមរួចមកហើយ ត្រូវតែធ្វើការព្យាបាលជាចាំបាច់ ដើម្បីការពារកុំឱ្យជំងឺដាច់សរសៃឈាមខួរក្បាលកើតឡើងសារជាថ្មី ហើយបើទោះបីជាជំងឺនេះកើតឡើងម្ដងទៀត ក៏មិនសូវប្រឈមខ្លាំងនឹងអត្រាបាត់បង់ជីវិតឡើយ៕ 

- បកស្រាយដោយ៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ជុំ ណាវុធ នាយកផ្នែកសរសៃប្រសាទនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត 
- យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)

@រក្សាសិទ្ធិគ្រប់អត្ថបទ រូបភាព សំឡេង និងវីដេអូ ដោយ សុខក្រម (Sokhakrom)