(+855) 11 909 020 / 69 909 011

ស្រ្តីគ្រប់រូបគួរយល់ដឹងពីការវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន

ជាទូទៅមហារីកមាត់ស្បូនបង្កឡើងដោយវីរុស HPV (Human papillomavirus) ដែលឆ្លងតាមការរួមភេទ។ គួរបញ្ជាក់ថា HPV ត្រូវបានចែកចេញជា២ប្រភេទ គឺប្រភេទស្លូត ដែលបង្កឲ្យមានកន្ទួលនៅប្រដាប់ភេទផ្នែកខាងក្រៅ ខ្មែរយើងហៅថា សិរមាន់ រីឯប្រភេទកាច អាចបង្កឱ្យស្ត្រីកើតមាននូវកោសិកាមិនធម្មតានៅមាត់ស្បូន យូរទៅក្លាយជាមហារីក។ 
 
HPV ត្រូវបានបង្ការដោយការចាក់វ៉ាក់សាំង ដែលរួមមាន២ប្រភេទគឺ Cervarix បង្ការមហារីកមាត់ស្បូនមានប្រសិទ្ធភាពខ្ពស់ និង Gardasil អាចបង្ការក្រៅពីមហារីកមាត់ស្បូនបាន។ 
 
១. តើគួរចាក់វ៉ាកសាំងបង្ការជំងឺមហារីកមាត់ស្បូននៅពេលណាខ្លះ?

វ៉ាក់សាំងបង្ការ HPV ផ្តល់នូវការការពារស្ទើរតែ១០០% ប្រសិនបើចាក់តាមការកំណត់ត្រឹមត្រូវ និងផ្តល់មុនពេលឆ្លងមេរោគ។ ចំពោះក្មេងស្រីអាយុចន្លោះពី៩ឆ្នាំទៅ ១៤ឆ្នាំ ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូននេះ ចំនួន២លើក ឃ្លាតពីគ្នា៦ខែ។ សម្រាប់ក្មេងស្រីអាយុចាប់ពី១៥ឆ្នាំឡើងទៅ នឹងតម្រូវឱ្យចាក់៣លើក ដែលលើកទី២នៅ២ខែបន្ទាប់ពីលើកទី១ និងទី៣នៅ៤ខែបន្ទាប់ពីលើកទី២។
 
២. វ៉ាក់សាំងបង្ការ HPV ត្រូវផ្តល់សម្រាប់អ្នកណាខ្លះ? 

វ៉ាក់សាំងបង្ការ HPV ត្រូវបានណែនាំឱ្យចាក់ចំពោះក្មេងស្រីអាយុចាប់ពី៩ឆ្នាំឡើងទៅ ល្អបំផុតនៅពេលពួកគេមិនទាន់មានសកម្មភាពផ្លូវភេទ និងមិនទាន់បានឆ្លង HPV។ ផ្ទុយមកវិញ ទោះបីអ្នកធ្លាប់ឆ្លងកាត់ការរួមភេទ និងធ្លាប់ឆ្លងនូវHPVក៏ដោយ អ្នកនូវតែអាចទទួលបានគុណសម្បត្តិពីការចាក់វ៉ាក់សាំងនេះ ព្រោះវាអាចការពារអ្នកពីប្រភេទផ្សេងទៀតនៃ HPV ដែលអ្នកមិនទាន់ឆ្លងបាន។ 
 
៣. នរណាខ្លះមិនគួរចាក់វ៉ាកសាំងបង្ការជំងឺមហារីកមាត់ស្បូន?

វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនមិនត្រូវបានណែនាំចំពោះស្ត្រីមានផ្ទៃពោះ ឬអ្នកដែលកំពុងឈឺឡើយ។ ជាចាំបាច់ ត្រូវប្រាប់គ្រូពេទ្យជាមុន ករណីអ្នកមានបញ្ហាអាល្លែកហ្ស៊ីជាមួយពពួកផ្សិត ឬទឹកដោះគោ។ ម៉្យាងទៀត ប្រសិនធ្លាប់មានប្រតិកម្មជាមួយសារធាតុផ្សំណាមួយក្នុងវ៉ាក់សាំង អ្នកមិនគួរចាក់វានោះទេ។
 
៤. តើវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនផ្តល់ផលរំខានណាខ្លះ?

ជាទូទៅ ផលរំខាននៃការចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូននេះមានលក្ខណៈស្រាល ដូចជា ឈឺ ហើម ឬក្រហមនៅកន្លែងចាក់។ ពេលខ្លះអ្នកអាចងងឹតមុខភ្លាមៗ ដូច្នេះអ្នកគួរអង្គុយប្រហែល១៥នាទីបន្ទាប់ពីចាក់ដើម្បីបន្ថយអាការៈនេះ។ ក្រៅពីនេះ អ្នកក៏អាចមានសញ្ញា ឈឺក្បាល ចង្អោរ ក្អួត អស់កម្លាំង ឬខ្សោយ កើតឡើងផងដែរ។ ករណីកម្រខ្លះអាចមាននូវសញ្ញាអាល្លែកហ្ស៊ីធ្ងន់ធ្ងរកើតឡើង រវាង១០នាទីបន្ទាប់ពីចាក់។
 
ទោះបីស្ត្រីបានចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនយ៉ាងណាក៏ដោយ ការត្រួតពិនិត្យកោសិកាមាត់ស្បូនរកសញ្ញាមហារីកជាប្រចាំនៅតែត្រូវបានណែនាំចំពោះស្រ្តីចាប់ពីអាយុ២១ឆ្នាំ ឬស្ត្រីដែលមានដៃគូររួមភេទហើយ៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)