(+855) 11 909 020 / 69 909 011

យល់ដឹងពីការចាក់វ៉ាក់សាំងបង្ការជំងឺក្អកមាន់

ជំងឺក្អកមាន់បង្កឡើងដោយបាក់តេរី ងាយឆ្លងបំផុតពីមនុស្សម្នាក់ទៅម្នាក់ទៀត ចាប់ផ្តើមដូចសញ្ញាផ្តាសាយ ហៀរសម្បោរ ក្អក ក្តៅខ្លួន ពិបាកដកដង្ហើមចំពោះទារក ក្នុងរយៈពេលរហូតដល់១០សប្តាហ៍។ ទារកដែលឆ្លងជំងឺក្អកមាន់អាចមានផលវិបាកគ្រោះថ្នាក់ដូចជា ការបង្ករោគនៅសួត ប្រកាច់ ប៉ះពាល់ដល់ខួរក្បាល ដូច្នេះហើយទើបស្ត្រីចាំបាច់ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺក្អកមាន់អំឡុងពេលមានផ្ទៃពោះ។
 
១. អ្នកណាខ្លះគួរចាក់ការពារជំងឺក្អកមាន់?

វ៉ាក់សាំងបង្ការជំងឺក្អកមាន់មាន២ប្រភេទ និងត្រូវផ្តល់ឱ្យតាមវ័យ៖

• ប្រភេទ DTap ការពារក្មេងតូចពីជំងឺខាន់ស្លាក់ តេតាណូស និងក្អកមាន់ 
• ប្រភេទ Tdap ការពារក្មេងជំទន់ និងមនុស្សពេញវ័យពីជំងឺតេតាណូស ខាន់ស្លាក់ និងក្អកមាន់។
វ៉ាក់សាំងនេះត្រូវបានណែនាំឱ្យចាក់ជាចាំបាច់ចំពោះទារក ក្មេងតូច ជំទន់ មនុស្សពេញវ័យ និងស្ត្រីមានផ្ទៃពោះ៖
• ក្មេងទើបកើត រហូតដល់៦ឆ្នាំ ត្រូវចាក់វ៉ាក់សាំងប្រភេទ DTaP នៅអាយុ ២ខែ ៤ខែ ៦ខែ ១៥ទៅ១៨ខែ និងពី៤ទៅ៦ឆ្នាំ។
• ក្មេងអាយុចន្លោះពី៧ដល់១៨ឆ្នាំ គួរចាក់វ៉ាក់សាំង ប្រភេទ Tdap រំលឹកម្តង នៅអាយុ១១ឆ្នាំ ឬ១២ឆ្នាំ។
• ចាប់ពីអាយុ១៩ឆ្នាំឡើងទៅ ប្រសិនភ្លេចចាក់រំលឹកវ៉ាក់សាំងបង្ការជំងឺក្អកមាន់ កាលវ័យជំទង់ អ្នកនឹងតម្រូវឲ្យចាក់រំលឹកប្រភេទ Tdap ដើម្បីធានានូវប្រសិទ្ធភាពនៃការការពារ។
• ស្ត្រីមានផ្ទៃពោះ នឹងតម្រូវឱ្យចាក់រំលឹកម្តងនៃវ៉ាក់សាំងប្រភេទ Tdap អំឡុងពេលពពោះ។
 
២. នរណាខ្លះមិនគួរចាក់វ៉ាក់សាំងបង្ការជំងឺក្អកមាន់?

អ្នកមិនគួរចាក់វ៉ាក់សាំងបង្ការជំងឺក្អកមាន់នេះទេប្រសិនអ្នកមានអាល្លែកហ្ស៊ីជាមួយសារធាតុក្នុងវ៉ាក់សាំង ឬធ្លាប់មានប្រតិកម្មពេលចាក់វ៉ាកសាំងបង្ការជំងឺខាន់ស្លាក់ តេតាណូស និងក្អកមាន់ពីមុន។ បើឈឺ អ្នកត្រូវរង់ចាំដល់ជាសិនទើបអាចចាក់វ៉ាក់សាំងបង្ការជំងឺក្អកមាន់នេះបាន។
 
៣. ផលរំខានណាខ្លះអាចកើតមានក្រោយចាក់វ៉ាក់សាំង?

អ្នកប្រហែលអាចមានសញ្ញាឈឺចាប់ ហើម ឬក្រហមត្រង់កន្លែងចាក់ គ្រុនក្តៅ ឈឺក្បាល អស់កម្លាំង ឈឺពោះ រាក មិនឃ្លាន និងអាចមានប្រតិកម្មអាល្លែកហ្ស៊ីក្នុងករណីកម្រ។

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)